អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​ទៅ​កូរ៉េខាងត្បូង​ដើម្បី​ពន្យល់​ពី​លទ្ធផល​ជំនួប​ត្រាំ​-​គីម
13, Jun 2018 , 10:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (រុបភាព៖ ក្រសួងការបរទេសអាមេរិក)
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (រុបភាព៖ ក្រសួងការបរទេសអាមេរិក)
​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៤ ខែមិថុនា នឹងធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​ដើម្បី​ពន្យល់​ព័ត៌មាន​លម្អិត​នៃ​លទ្ធផល​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​។ លោក ប៉ុ​ម​ប៉េ​អូ នឹង​ជួប​មេដឹកនាំ​កូរ៉េខាងត្បូង ហើយ​មាន​ជំនួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង និង​ជប៉ុន​ផង​។ លោក​មាន​ព័ត៌មាន​ច្រើន​ត្រូវ​ប្រាប់​សម្ព័ន្ធមិត្ត​ខ្លួន ជាពិសេស​រឿង​ប្រកាស​ផ្អាក​សមយុទ្ធ​តែម្ដង​។



​ទៅដល់​ក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃទី​១៤ ខែមិថុនា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ទៅ​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដើម្បី​រាយការណ៍​លទ្ធផល​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅឯ​សិង្ហ​បុរី​។ ជា​ជំនួប​លើកទីមួយ​របស់​មេដឹកនាំ​នៃ​ប្រទេស​គូសត្រូវ​នឹង​គ្នា ការចរចា​ស្ដីពី​នុយក្លេអ៊ែរ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​ទាំងមូល​។​

​លោក ប៉ុ​ម​ប៉េ​អូ ក៏​នឹងមាន​ជំនួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា នៅ​ថ្ងៃ​ដដែល​នោះ​។ ដោយឡែក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន តា​រ៉ូ កូ​ណូ ក៏ត្រូវ​ធ្វើដំណើរ​ទៅកាន់​ក្រុង​សេ​អ៊ូ​ល​ដែរ​ដើម្បី​ជួប​សម​ភាគី​អាមេរិក និង​កូរ៉េខាងត្បូង​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។

​ក្នុងជំនួប​សិង្ហ​បុរី លោក ត្រាំ និង​លោក គីម បាន​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​អត្ថន័យ​ទូលាយ​ខ្លាំង​ដូចជា​ការធានា​របស់​អា​មេ​រិ​ក​ចំពោះ​សន្តិសុខ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង និង​ការបង្ហាញ​ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុង​រំសាយ​នុយក្លេអ៊ែរ​ជាដើម​។ ប៉ុន្តែ​នៅក្រោយ​ជំនួប​នេះ ប្រធានាធិបតី​អាមេរិក​បែរជា​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ស្រឡាំងកាំង​ទៅវិញ តាមរយៈ​ការប្រកាស​ផ្អាក​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ដ៏​ភ្ញាក់ផ្អើល​។​

​ការផ្អាក​សមយុទ្ធ​នេះ ជា​សម្បទាន​ដ៏​ធំ​មួយ​សម្រាប់​កូរ៉េខាងជើង តែ​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន​សង្ស័យ​ជាខ្លាំង​។ សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ពេលខ្លះ​មាន​វត្តមាន​ជប៉ុន​ដែរនោះ ត្រូវបាន​កូរ៉េខាងជើង​ចាត់ទុកជា​ការបង្ក​ហេតុ និង​ជាការ​ត្រៀម​ឈ្លានពាន​ខ្លួន​។ យ៉ាងណាមិញ សម្ព័ន្ធមិត្ត​អាមេរិក​ទាំងពីរ​ចាត់ទុក​សមយុទ្ធ​នេះ​ជា​រឿង​សំខាន់ បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងបី និង​ជាការ​ពង្រឹងសមត្ថភាព​យោធា​ផង​។​

​ប្រមុខ​ការទូត​អាមេរិក​ប្រហែលជា​ត្រូវ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​រង្គោះរង្គើ​ទំនាក់ទំនង​សម្ព័ន្ធមិត្ត ទោះជា​លោក ត្រាំ យក​ហេតុផល​ថា ជា​ជំហាន​មួយ​នៃ​ការចរចា​ជាមួយ​កូរ៉េខាងជើង​ក៏ដោយ​។ យ៉ាងណាមិញ ក្រុង​សេ​អ៊ូ​ល​ទំនងជា​ទទួលយក​ការប្រកាស​របស់លោក ត្រាំ ដើម្បី​សម្រួល​ដល់​ការជជែក​ជាមួយ​ក្រុង​ព្យុងយ៉ាង​។ នៅ​ថ្ងៃទី​១៣ ខែមិថុនា អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងត្បូង​នឹង​ជជែក​ជាមួយ​អាមេរិក​ឲ្យ​បាន​ដិតដល់​លើ​បញ្ហា​នេះ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ចិន​
  ជប៉ុន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com