អន្តរជាតិ
ប្រមុខUN មានសុទិដ្ឋិនិយមថា ជំនួបត្រាំ-គីម អាចលើកស្ទួយសន្តិភាព និងធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ
× ប្រមុខអង្គការសហប្រជាជាតិ បានស្វាគមន៍ជំនួបកំពូលប្រវត្តិសាស្ត្ររវាងមេដឹកនាំកំពូលកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិកនៅសិង្ហបុរី។ ប្រមុខស្ថាប័នអន្តរជាតិធំផុតលេខរូបនេះមានសុទិដ្ឋិនិយមថា ជំនួបនេះជំរុញការលើកស្ទួយសន្តិភាពប្រកបដោយចីរភាព និងមានការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េថែមទៀត។
លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុនបានអង្គុយពិភាក្សា និងចរចាគ្នាអស់ពេញមួយព្រឹកកាលពីថ្ងៃ ១២ មិថុនាម្សិលមិញនៅបុរីរដ្ឋសិង្ហបុរី ដោយភាគីទាំងពីរសម្រេចបានសេចក្តីថ្លែងការណ៍រួមមួយផងដែរដែលជាចំណុចចាប់ផ្តើមនៃការឈានទៅរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ភ្លាមៗក្រោយបញ្ចប់កិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ចេញសាទរមេដឹកនាំទាំងពីរដែលប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់ពិភពលោក។ លោកមានជំនឿថា កិច្ចប្រជុំនេះជាព្រឹត្តិការណ៍ដែលផ្តល់ពន្លឺសម្រាប់ការធានានិរន្តរភាពនៃសន្តិភាព និងការរំសាយនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េដែរ។
តាមសេចក្តីប្រកាសព័ត៌មាននៃមជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ Stéphane Dujarric បានថ្លែងដូច្នេះ៖« លោក ហ្គូតេរ៉េស ស្វាគមន៍ជំនួបប្រវត្តិសាស្ត្រនេះ ដោយសារវាជាព្រឹត្តិការណ៍សំខាន់ក្នុងការឈានទៅទ្រទ្រង់សន្តិភាព និងលុបបំបាត់អាវុធនុយក្លេអែរនៅឧបទ្វីបកូរ៉េ»។
អ្នកនាំពាក្យខាងលើបន្ថែមថា ក្រៅពីស្វាគមន៍ ប្រមុខអង្គការសហប្រជាជាតិ កត់សម្គាល់ផងដែរថា ផ្លូវឆ្ពោះទៅរកសន្តិភាពពេញលេញនោះចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅ មានការយោគយល់គ្នា និងមានជំហររួមគ្នាដើម្បីឈានទៅដោះស្រាយបញ្ហាសំខាន់ជាមួយគ្នា។ ចំណែការអនុវត្តកិច្ចព្រមព្រៀងដែលបានបង្កើតឡើងបច្ចុប្បន្ន និងពីមុនរវាងភាគីពាក់ព័ន្ធនោះក៏ត្រូវមានការអត់ធ្មត់ និងមានការគាំទ្រពីសហគមន៍អន្តរជាតិដូចគ្នា។
«លោក ហ្គូតេរ៉េស ស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងនេះឈោងចាប់ឱកាសដ៏ពិសេសនេះ ហើយលោកក៏ត្រៀមខ្លួនរួចជាស្រេចដែរក្នុងការបន្តគាំទ្រដំណើរការចរចាសន្តិភាពនេះផងដែរ»។ លោក Dujarric បាននិយាយដូច្នេះ។
តាមពិតទៅកិច្ចប្រជុំប្រវត្តិសាស្ត្រនេះសម្រេចបានសេចក្តីថ្លែងការណ៍រួមមួយដែលមានចែងពីចំណុចសំខាន់ចំនួនបួនក្នុងនោះមានការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងក្នុងការរំសាយអាវុធដែរ។ លោក ត្រាំ បានអះអាងថា វាជាកិច្ចប្រជុំដ៏ជោគជ័យដែលគេគ្រប់គ្នាមិននឹកស្មានដល់ ហើយលោកប្រកាសថា ដំណើរការដែលឈានទៅរំសាយអាវុធនេះនឹងចាប់ផ្តើមឆាប់ៗ។ ក្រុមការងារអាមេរិក និងភាគីពាក់ព័ន្ធផ្សេងដូចជាជប៉ុន ចិន កូរ៉េខាងត្បូង ក៏នឹងបន្តសហប្រតិបត្តិការគ្នាដែរដើម្បីជំរុញឲ្យគោលដៅនេះក្លាយជាការពិត៕
Tag:
អង្គការសហប្រជាជាតិ
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com