អន្តរជាតិ
ប្រមុខ​UN មាន​សុទិដ្ឋិនិយម​ថា ជំនួប​ត្រាំ​-​គីម អាច​លើកស្ទួយ​សន្តិភាព និង​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​
13, Jun 2018 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​អង្គការសហប្រជាជាតិ បាន​ស្វាគមន៍​ជំនួប​កំពូល​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង និង​ប្រធានាធិបតី​អាមេរិក​នៅ​សិង្ហ​បុរី​។ ប្រមុខ​ស្ថាប័ន​អន្តរជាតិ​ធំ​ផុត​លេខ​រូបនេះ​មាន​សុទិដ្ឋិនិយម​ថា ជំនួប​នេះ​ជំរុញ​ការលើកស្ទួយ​សន្តិភាព​ប្រកបដោយ​ចីរភាព និង​មានការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ថែមទៀត​។​



​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​បាន​អង្គុយ​ពិភាក្សា និង​ចរចា​គ្នា​អស់​ពេញ​មួយ​ព្រឹក​កាលពី​ថ្ងៃ ១២ មិថុនា​ម្សិលមិញ​នៅ​បុរី​រដ្ឋ​សិង្ហ​បុរី ដោយ​ភាគី​ទាំងពីរ​សម្រេចបាន​សេចក្តីថ្លែងការណ៍​រួមមួយ​ផងដែរ​ដែលជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

​ភ្លាមៗ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ  អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ចេញ​សាទរ​មេដឹកនាំ​ទាំងពីរ​ដែល​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​។ លោក​មានជំនឿថា កិច្ចប្រជុំ​នេះ​ជា​ព្រឹត្តិការណ៍​ដែល​ផ្តល់​ពន្លឺ​សម្រាប់​ការធានា​និរន្តរភាព​នៃ​សន្តិភាព និង​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Stéphane Dujarric បាន​ថ្លែង​ដូច្នេះ​៖« លោក ហ្គូ​តេ​រ៉េ​ស ស្វាគមន៍​ជំនួប​ប្រវត្តិសាស្ត្រ​នេះ ដោយសារ​វា​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុងការ​ឈានទៅ​ទ្រទ្រង់​សន្តិភាព និង​លុបបំបាត់​អាវុធ​នុយ​ក្លេ​អែរ​នៅ​ឧបទ្វីប​កូរ៉េ​»​។​

​អ្នកនាំពាក្យ​ខាងលើ​បន្ថែមថា ក្រៅពី​ស្វាគមន៍ ប្រមុខ​អង្គការសហប្រជាជាតិ កត់សម្គាល់​ផងដែរ​ថា ផ្លូវ​ឆ្ពោះទៅរក​សន្តិភាព​ពេញលេញ​នោះ​ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ មានការ​យោគយល់​គ្នា  និង​មាន​ជំហរ​រួមគ្នា​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហាសំខាន់​ជាមួយគ្នា​។  ចំ​ណែ​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​បង្កើតឡើង​បច្ចុប្បន្ន និង​ពីមុន​រវាង​ភាគី​ពាក់ព័ន្ធ​នោះ​ក៏ត្រូវ​មានការ​អត់ធ្មត់ និង​មានការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដូចគ្នា​។​

«​លោក ហ្គូ​តេ​រ៉េ​ស ស្នើសុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងនេះ​ឈោង​ចាប់​ឱកាស​ដ៏​ពិសេស​នេះ  ហើយ​លោក​ក៏​ត្រៀមខ្លួន​រួចជាស្រេច​ដែរ​ក្នុង​ការបន្ត​គាំទ្រ​ដំណើរ​ការចរចា​សន្តិភាព​នេះ​ផងដែរ​»​។ លោក Dujarric បាន​និយាយ​ដូច្នេះ​។​

​តាមពិតទៅ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នេះ​សម្រេចបាន​សេចក្តីថ្លែងការណ៍​រួមមួយ​ដែលមាន​ចែង​ពី​ចំណុច​សំខាន់​ចំនួន​បួន​ក្នុងនោះ​មានការ​ប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ក្នុងការ​រំសាយ​អាវុធ​ដែរ​។ លោក ត្រាំ បាន​អះអាងថា វា​ជា​កិច្ចប្រជុំ​ដ៏​ជោគជ័យ​ដែល​គេ​គ្រប់គ្នា​មិន​នឹកស្មាន​ដល់ ហើយ​លោក​ប្រកាសថា ដំណើរ​ការដែល​ឈានទៅ​រំសាយ​អាវុធ​នេះ​នឹង​ចាប់ផ្តើម​ឆាប់ៗ​។ ក្រុមការងារ​អាមេរិក និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ដូចជា​ជប៉ុន ចិន កូរ៉េខាងត្បូង ក៏​នឹង​បន្ត​សហប្រតិបត្តិការ​គ្នា​ដែរ​ដើម្បី​ជំរុញ​ឲ្យ​គោលដៅ​នេះ​ក្លាយជា​ការពិត​៕


Tag:
 អង្គការសហប្រជាជាតិ​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com