ជាតិ
នយោបាយអន្តរជាតិ
កម្ពុជា ជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់UN
× ភ្នំពេញ៖ កម្ពុជា ក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម(ECOSOC) របស់អង្គការសហប្រជាជាតិ ក្រោយពីទទួលបានការគាំទ្រ ដោយសំឡេង១៨៣លើ១៨៨ប្រទេស ក្នុងការបោះឆ្នោត នៅក្នុងសាលមហាសន្និបាតនៃទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី១៣ មិថុនា។
តួនាទីជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនេះ គឺកម្ពុជា អាចមានអាណត្តិបំពេញការងារមួយឆ្នាំ (២០១៩) ។ ក្នុងឋានៈនេះកម្ពុជា ប្ដេជ្ញាចិត្តខិតខំចូលរួមពិភាក្សានិងផ្តល់យោបល់លើការជំរុញស្តង់ដាររស់នៅឲ្យបានខ្ពស់ ជាពិសេសការបង្កើតការងារឲ្យបានពេញលេញ និងជំរុញលក្ខខណ្ឌនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍ។
បន្ថែមពីនេះកម្ពុជា នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ រួមទាំងការរកដំណោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិ និងសុខាភិបាលសង្គម។ កម្ពុជា នឹងជំរុញការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានជាដើម។
កាលពីថ្មីៗនេះកម្ពុជា ក៏ក្លាយជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការ ដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាហ្វិក។សម្រាប់តួនាទីនេះ កម្ពុជា មានអាណត្តិអនុវត្តការងាររយៈពេល១ឆ្នាំ គឺចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩៕
Tag:
សេដ្ឋកិច្ច
សង្គម
UN
© រក្សាសិទ្ធិដោយ thmeythmey.com