អន្តរជាតិ
គេ​រិះគន់​លោក ត្រាំ ព្រោះ​មិន​ខ្វល់​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កូរ៉េខាងជើង​
14, Jun 2018 , 7:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ​ ទៅដល់ទឹកដីអាមេរិក ក្រោយជួបលោក គីម ជុងអ៊ុន នៅសិង្ហបុរី (រូបភាព AFP)
លោក ដូណាល់ ត្រាំ​ ទៅដល់ទឹកដីអាមេរិក ក្រោយជួបលោក គីម ជុងអ៊ុន នៅសិង្ហបុរី (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​មិន​ខ្វល់ខ្វាយ​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​អាក្រក់​នៅ​កូរ៉េខាងជើង ក្រោយ​បាន​ជួប​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​រួចមក​។ លោក ត្រាំ ចង់ទុក​បញ្ហា​មួយ​នេះ​ដោយឡែក និង​ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​តែមួយ​មុខ​។ មិន​ត្រឹម​មិន​អើពើ​ការរំលោភ​សិទ្ធិមនុស្សរ​បស់​របប​ដឹកនាំ​ត្រកូល គីម ឡើយ លោក ត្រាំ ថែមទាំង​សរសើរ​មេដឹកនាំ​ជំនា​ន់ទី​បី​នេះ​ទៀតផង​។​



​ជំនួប​លើកទីមួយ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ មិនបាន​និយាយ​អ្វី​ដុំកំភួន​ទាក់ទង​សំណុំរឿង​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​ទេ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រង​ការរិះគន់​ដោយសារ​មិន​ដាក់​សម្ពាធ​លើ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន លើ​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​យ៉ាប់យ៉ឺន​នេះ ទោះជា​បាន​ជជែក​គ្នា​បន្តិច​ក្ដី​។ លោក ត្រាំ បាន​យកចិត្ត​ទុក​លើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ខ្លាំង​ជាង​បញ្ហា​ផ្សេងៗ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News ក្នុង​ដំណើរ​ត្រឡប់​ទៅកាន់​អាមេរិក​វិញ លោក ត្រាំ បានបង្ហាញ​ជំហរ​ធម្មតា​តប​ទៅនឹង​សំណួរ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ដែល​អាចជា​ឆន្ទៈ​មួយ​របស់លោក​ក្នុង​ផ្អឹប​ទុក​សំណុំ​រឿងនេះ​មួយអន្លើ​សិន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​អារម្មណ៍​កូរ៉េខាងជើង​។ មុននឹង​និយាដ​ល់​បញ្ហា​រសើប​នេះ លោក ត្រាំ បាន​សរសើរ​លោក គីម ជា​មនុស្ស​មាំមួន ព្រោះ​អាចដឹកនាំ​មនុស្ស​រាប់លាន​នាក់​ទាំង​វ័យក្មេង និង​ជា​អ្នកចរចា​អស្ចារ្យ​ផង​។​

​ត្រង់​បញ្ហា​ធ្វើទុក្ខ​ម្នេញ​ប្រជាជន​កូរ៉េខាងជើង​វិញ ប្រធានាធិបតី​អាមេរិក​រូបនេះ​និយាយថា មាន​មនុស្ស​ជាច្រើន​ដែល​បានធ្វើ​ទង្វើ​អាក្រក់ មិនមែន​តែ​មេដឹកនាំ​កូរ៉េខាងជើង​ឡើយ​។ លោក ត្រាំ បញ្ជាក់ថា​៖ «​ខ្ញុំ​អាច​ដឹង​ប្រទេស​ជាច្រើន​ដែលមាន​រឿង​អាក្រក់​កើតឡើង​»​។

​ក្នុង​របាយការណ៍​រប​ស់​ក្រសួងការបរទេស​អាមេរិក របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​មាន​មន្ទីរឃុំឃាំង​នយោបាយ​ជាច្រើន​កន្លែង និង​មាន​អ្នក​ជាប់ឃុំ​ចន្លោះ​ពី​៨​ម៉ឺន​ទៅ​១២​ម៉ឺន​នាក់​ឯណោះ ហើយ​រស់នៅក្នុង​ស្ថានភាព​អាក្រក់​បំផុត​។ អ្នក​ជាប់ទោស​ត្រូវបាន​ធ្វើការ​ធ្ងន់ៗ គ្មាន​អាហារ​គ្រប់គ្រាន់​រហូត​បាត់បង់​ជីវិត​។ ពេលខ្លះ ការប្រហារជីវិត​ត្រូវធ្វើ​ឡើងជា​សាធារណៈ​ផង​។ លើសពីនោះ របប​លោក គីម ក៏​ជាប់​សង្ស័យ​សម្លាប់​បងប្រុស​ឯង​ដែរ​។​

​ដូច​ការរៀបរាប់​ខាងលើ លោក ត្រាំ ទំនងជា​កំពុង​ផ្ចង់អារម្មណ៍​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​សិន មុននឹង​លូកដៃ​ក្នុង​បញ្ហា​ឯទៀត​។ ការរំសាយ​នុយក្លេអ៊ែរ​ជា​អាទិភាព​សំខាន់ ហើយក៏​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ជំនួប​នៅ​សិង្ហ​បុរី​ដែរ​។ កាលពី​សន្និសីទកាសែត​ក្រោយ​ចប់​កិច្ចប្រជុំ​កំពូល លោក ត្រាំ ក៏​អះអាង​ម្ដង​ហើយ​ថា លោក និង​លោក គីម មានការ​ជជែក​មួយ​ខ្លី​លើ​បញ្ហា​សិទ្ធិមនុស្ស បើ​ប្រៀបធៀប​ជាមួយ​ការរំសាយ​កម្មវិធី និង​អាវុធ​នុយក្លេអ៊ែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com