កីឡាជាតិ
ជាតិ
ពី​ចាញ់​ទៅ​ឈ្នះ​៖ សុខ រិ​ទ្ធ ឈ្នះ ហ៊ឹម សេរី វិញ ខណៈ​ចៅក្រម​៣​នាក់ ត្រូវបាន​សហព័ន្ធ​សម្រេច​ផ្អាក​ការងារ​៦​ខែ​
14, Jun 2018 , 8:19 pm        
រូបភាព
កីឡាករ សុខ រិទ្ធ (ក្រហម)ចាប់ជើងគូប្រកួត ហើយ បម្រុងប្រើកណ្តាប់ដៃស្តាំវាយលើគូប្រកួត នាការប្រកួតកីឡាជាតិលើកទី២​
កីឡាករ សុខ រិទ្ធ (ក្រហម)ចាប់ជើងគូប្រកួត ហើយ បម្រុងប្រើកណ្តាប់ដៃស្តាំវាយលើគូប្រកួត នាការប្រកួតកីឡាជាតិលើកទី២​
ដោយ:
​ភ្នំពេញ​៖ កីឡាករ សុខ រិ​ទ្ធ ដែល​ចៅក្រម​កាត់ក្តី​ឲ្យ​ចាញ់ ហ៊ឹម សេរី នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សម្រេច​ឲ្យ​ឈ្នះ​វិញ ក្រោយ​ពិនិត្យមើល​វីដេអូ​ប្រកួត​សារ​ឡើងវិញ​។  ចំណែក​ចៅក្រម​៣​រូប ដែល​កាត់ក្តី​ឲ្យ ហ៊ឹម សេរី ឈ្នះ​នោះ ត្រូវបាន​សហព័ន្ធ​ពិន័យ​ឲ្យ​ផ្អាក​ការងារ​ចំនួន​៦​ខែ​។



​អ្នកលេង​គុន​ខ្មែរ សុខ រិ​ទ្ធ ដែល​រង​ភាពអយុត្តិធម៌​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ដោយ​ចៅក្រម​កាត់ក្តី​ឲ្យ​ចាញ់​កីឡាករ ហ៊ឹម សេរី នា​ការ​​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ទទួលបាន​ភាពយុត្តិធម៌​វិញ​ហើយ ក្រោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេច​ឲ្យ​រូបគេ​ឈ្នះ​វិញ​។ សុខ រិ​ទ្ធ ត្រូវបាន​ចៅក្រម​កាត់ក្តី​ឡើងវិញ ដោយ​ឲ្យ​ឈ្នះ​កីឡាករ ហ៊ឹម សេរី ក្នុង​លទ្ធផល ៣-២​។ ក្នុងនោះ​គណៈវិនិច្ឆ័យ​បាន​ឲ្យ ហ៊ឹម សេរី ឈ្នះ​ក្នុង​ទឹក​ទី​១​និង​ទី​២ តែ​ពី​ទឹក​ទី​៣​ដល់​ទឹក​ទី​៥ សុខ រិ​ទ្ធ ជា​អ្នកឈ្នះ​។​

​ការសម្រេច​នេះ បន្ទាប់ពី​សហព័ន្ធ​មើល​វីដេអូ​ប្រកួត​សារ​ឡើងវិញ ក្រោយ​មានការ​តវ៉ា និង​រិះគន់​ពី​មហាជន ដែល​សង្ស័យ​លើ​ការផ្ដល់​ពិន្ទុ​មិន​សុ​ក្រឹត្យ​ដល់​កីឡាករ សុខ រិ​ទ្ធ ឲ្យ​ចាញ់​កីឡាករ ហ៊ឹម សេរី នា​ការប្រកួត​ដណ្តើម​មេដាយមាស​លើ​ទម្ងន់​៥១​គីឡូក្រាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​កាលពីពេល​កន្លង​ទៅមក​។

​ជ័យជម្នះ​កើតចេញពី​ការតវ៉ា​នេះ បាន​ជួយ​ឲ្យ សុខ រិ​ទ្ធ ក្លាយជា​កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ​ឆ្នាំ​២០១៩ ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ថែម​ទៀតផង​។ ចំណែក​ចៅក្រម​៣​រូប​រួមមាន លោក នួន បូរ៉ា​, ឡឹ​ក ចំណាប់ និង​លោក សួន ប៊ុន​សូត្រ ដែល​កាត់ក្តី​ឲ្យ ហ៊ឹម សេរី ឈ្នះ​ក្នុង​ការប្រកួត​ភ្លាមៗ​នេះ ត្រូវបាន​សហព័ន្ធ​ពិន័យ​ដោយ​ផ្អាក​ការងារ​ចំនួន​៦​ខែ ដើម្បី​ទុកពេល​សិក្សា​រៀនសូត្រ​ឡើងវិញ​។​

​កីឡាករ សុខ រិ​ទ្ធ មាន​ស្រុកកំណើត​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ បច្ចុប្បន្ន​រូបគេ​ជា​សិស្ស​គុន​របស់​ក្លិប​ប្រដាល់ សាន់ សាយ​យ៉ាន ដែលមាន​លោក សាន់ សាយ​យ៉ាន់ ជា​គ្រូបង្វឹក​។ សុខ រិ​ទ្ធ ជា​កីឡាករ​ល្បីឈ្មោះ​មួយរូប​នៅ​ប្រទេស​ថៃ ហើយក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ថៃ​ផងដែរ​៕   


Tag:
 សុខ រិ​ទ្ធ​
  តែម ម៉ឺន​
  ប្រដាល់​គុន​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com