ជាតិ
សេដ្ឋកិច្ច
ផែពហុបំណងរបស់កំពង់ផែព្រះសីហនុ នឹងដំណើរការនៅចុងខែមិថុនានេះ
× ភ្នំពេញ៖ ចំណតផែពហុបំណងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នឹងត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី២៥ខែមិថុនា ខាងមុខនេះ ។
លោក លូ គឹមឈន់ អគ្គនាយក PAS ឲ្យដឹងថា ផែថ្មីនេះអាចទទួលចតពីនាវាផ្ទុកទំនិញចំណុះ ៤ម៉ឺនតោន ទៅ៥ម៉ឺនតោន។ សមត្ថភាពរបស់ផែថ្មីនេះ នឹងកើនឡើងជាង ២ដងបើធៀបនឹងផែសព្វថ្ងៃដែលអាចស្វាគមន៍ត្រឹមនាវាចំណុះ ១,៥ម៉ឺនតោន ទៅ ២ម៉ឺនតោន។
លោក លូ គឹមឈន់ ត្រូវបានស្រង់សំដីដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៤ខែមិថុនាថា ការដាក់ឲ្យប្រើប្រាស់ផែសមុទ្រទឹកជ្រៅមួយនេះ នឹងធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រកាន់តែទាប តាមរយៈការដែលនាវាធំៗអាចចូលចតនៅកំពង់ផែនេះ។
ចំណតផែពហុបំណង ត្រូវបានសាងសង់ចាប់តាំងពីឆ្នាំ២០១៥ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុនចំនួន ៧៤លានដុល្លារអាមេរិក។
ក្រៅពីគម្រោងមួយនេះ PAS មានផែនការស្ថាបនាចំណតផែកុងតឺន័រជម្រៅ ១៤,៥ម៉ែត្រ ដោយអាចទទួលកប៉ាល់ធំៗប្រមាណ ៩៣ភាគរយពីជុំវិញពិភពលោក។ ផែនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ ហើយបញ្ចប់នៅឆ្នាំ២០២៣ ក្រោមកម្ចីពីរដ្ឋាភិបាលជប៉ុន។ កាលពីខែសីហាឆ្នាំ២០១៧ រដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខាប្ដូរសារផ្ដល់ប្រាក់កម្ចីលើគម្រោងនេះចំនួន ២០៩លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com