ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះសីហនុ ដែលមាន​តម្លៃ​ជិត ២​ពាន់​លាន​ដុល្លារ​
15, Jun 2018 , 11:01 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ ចំនួន​៤​គម្រោង ដែល​រួមទាំង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ផងដែរ ក្រោម​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ ១,៩០០ លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្ដីប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CDC នៅ​ថ្ងៃ​១៤​មិថុនា​។​



​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​រួចហើយ លើ​ទំហំ​ទុនវិនិយោគ​ប្រមាណ ១,៨៧០ លាន​ដុល្លារ អាចបង្កើត​ការងារ ៩៥១៥​កន្លែង​។ ក្រុមហ៊ុន​នឹង​វិនិយោគ​ក្រោមរូបភាព សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT) ។ តាម​ផែនការ​របស់​រដ្ឋាភិបាល​ផ្លូវ​នេះ​នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

​ក្រៅពី​គម្រោង​ផ្លូវ​ល្បឿន​លឿន គម្រោង​វិនិយោគ​ផ្សេងទៀត​ក៏ត្រូវ​បាន CDC អនុម័ត​ផងដែរ​។ គម្រោង​បង្កើត​រោងចក្រ​អាជីវកម្ម​ថ្ម​ម៉ាប ដែលមាន​ទីតាំងនៅ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង វិនិយោគ​ដោយ​ក្រុមហ៊ុន Capital Mineral Resources Investment ដែលមាន​ទុនវិនិយោគ ១១,៩៣​លាន​ដុល្លារ និង​បង្កើត​ការងារ ៧៣​កន្លែង​។​

​គម្រោង​មួយទៀត ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Royal Cera បង្កើត​រោងចក្រ​ផលិត​ក្បឿង​ចាន បង្គន់​អនាម័យ​និង​ការ៉ូ ក្នុង​ទីតាំង​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ក្រោម​ទឹកប្រាក់ ១៥,៣៦​លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ១២២៤​កន្លែង​។​

​គម្រោង​ចុងក្រោយ គឺជា​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ ដោយ​ក្រុមហ៊ុន Tropical Fruit Asia (Cambodia) ដែលមាន​ទីតាំងនៅ​ផ្លូវជាតិ​លេខ​៤ ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្តកណ្ដាល ក្រោម​ទុន ៦,៤៧​លាន​ដុល្លារ និង​បង្កើត​ការងារ ៣៨០​កន្លែង​៕



Tag:
 CDC
  ផ្លូវ​ល្បឿន​លឿន
© រក្សាសិទ្ធិដោយ thmeythmey.com