អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតី ត្រាំ រង​ការរិះគន់​ព្រោះ​លើកដៃ​គំនាប់​ឧ​ត្ត​ម​សេនីយ៍​កូរ៉េខាងជើង​
15, Jun 2018 , 2:05 pm        
រូបភាព
លោក ដូណាល់ ត្រាំ លើកដៃគំនាប់ឧត្តមសេនីយ៍កូរ៉េខាងជើង
លោក ដូណាល់ ត្រាំ លើកដៃគំនាប់ឧត្តមសេនីយ៍កូរ៉េខាងជើង
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រង​ការរិះគន់​ជាថ្មីទៀត​បន្ទាប់ពី​លោក​បាន​លើកដៃ​គំនាប់​ឧ​ត្ត​ម​សេនីយ៍​កូរ៉េខាងជើង​មួយរូប​ក្នុងជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅឯ​សិង្ហ​បុរី​។ លោក ត្រាំ រង​ពាក្យរិះគន់ ព្រោះ​ជា​មេដឹកនាំ​ប្រទេសមួយ បែរ​ទៅជា​គោរព​នាយទាហាន​នៃ​ប្រទេស​ដែលជា​សត្រូវ​នឹង​គ្នា​ទៅវិញ​។ យ៉ាងណាមិញ សេត​វិមាន​បានចេញ​មុខការ​ពារ​លោក ត្រាំ និង​ចាត់ទុក​សកម្មភាព​នេះ​ជាការ​បង្ហាញ​ការគោរព​ធម្មតា​ប៉ុណ្ណោះ​។​

 
​បន្ទាប់ពី​លោក គីម ជុង​អ៊ុន បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​បាន​ផ្សាយ​វីដេអូ​ជាង​៤២​នាទី​ស្ដីពី​សកម្មភាព​របស់​មេ​ដឹកនាំ​កូរ៉េខាងជើង​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ តាមរយៈ​វីដេអូ​នោះ គេ​ឃើញ​លោក ត្រាំ បាន​លើកដៃ​គោរព​ឧ​ត្ត​ម​សេនីយ៍ ណូ ក្វាង​ឈុ​ល រដ្ឋមន្ត្រី​កងទ័ព​ប្រជាជន​កូរ៉េខាងជើង ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​កាន់តែខ្លាំង​លើ​លោក ត្រាំ ក្រោយពេល​លោក​បានធ្វើ​សម្បទាន​ច្រើន​ទៅហើយនោះ​។​
 
​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​កើតឡើង​នៅពេលដែល​លោក គីម ណែនាំ​មន្ត្រី​ប្រតិភូ​របស់ខ្លួន​ទៅកាន់​លោក ត្រាំ​។ មកដល់​លោក​ឧ​ត្ត​ម​សេនីយ៍ ណូ លោក ត្រាំ ក៏បាន​បោះដៃ​ទៅមុខ​ដើម្បី​ស្វាគមន៍​មុន តែ​លោក ណូ ស្រាប់តែ​លើកដៃ​គំនាប់​វិញ ហើយ​ប្រធានាធិបតី​អាមេរិក​ក៏​លើកដៃ​គំនាប់​ដូចគ្នា រួច​ទើប​ចាប់ដៃ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងជើង​តាម​ក្រោយ​។​
 
​ក្រុម​អ្នក​រិះគន់​លោក ត្រាំ សឹង​មិន​ជឿថា ការគោរព​បែប​យោធា​នេះ​អាច​កើតឡើង​បានទេ ខណៈ​គេ​មើលឃើញថា លោក ត្រាំ បាន​យកចិត្ត​មេដឹកនាំ​កូរ៉េខាងជើង​យ៉ាងខ្លាំង ទោះជា​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្ដី​។ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ Chris Van Hollen បាន​សរសេរ​លើ Twitter ថា ជា​រឿង​មិន​ភ្ញាក់ផ្អើល កូរ៉េខាងជើង​បាន​ប្រើប្រាស់​ប្រធានាធិបតី​អាមេរិក​ក្នុង​យុទ្ធនា​ការឃោសនា​របស់​ខ្លួន​។​
 
​យ៉ាងណាមិញ មន្ត្រី​សេត​វិមាន​បានចេញ​មុខ​បកស្រាយ​សកម្មភាព​រប​ស់លោក ត្រាំ ដោយ​អះអាងថា វា​ជា​គ្រាន់តែ​ជាការ​គួរសម​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា វា​ជា​រឿង​រាក់ទាក់​ធម្មតា ពេល​មន្ត្រី​យោធា​ពី​ប្រទេស​ផ្សេង​គោរព លោក ត្រាំ ក៏​គោរព​វិញ​។ 
 
​តាមពិតទៅ លោក ត្រាំ មិនមែនជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​រង​ការរិះគន់ ព្រោះតែ​ការគោរព​នេះឡើយ​។ ក្នុង​ឆ្នាំ​២០០៩ អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវ​សមាជិក​បក្ស​សាធារណៈ​ពន្លះ​ចាស់ដៃ​បន្ទាប់ពី​លោក​ឱន​គោរព​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ ។ ដល់​ឆ្នាំ​២០១៤ លោក អូ​បា​ម៉ា ក៏​ការរិះគន់​ម្ដងទៀត​នៅពេល​លោក​ឱនលំទោន​ចំពោះមុខ​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត អាប់​ឌុល​ឡា​ហ៍ និ​លើកដៃ​គោរព​ទាំង​ដៃ​ម្ខាង​កំពុងកាន់​កែវ​កាហ្វេ​៕
 
 

Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com