អន្តរជាតិ
អាមេរិកនិងកូរ៉េខាងត្បូង ជជែកគ្នារឿងផ្អាកសមយុទ្ធតាមការចង់បានរបស់លោក ត្រាំ
× កូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្ដើមជជែកគ្នាហើយជុំវិញអនាគតរបស់សមយុទ្ធរួមគ្នានៅឧបទ្វីបកូរ៉េ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់ឲ្យផ្អាកសិន។ លោក ត្រាំ ចង់បញ្ឈប់សមយុទ្ធរួមគ្នារវាងយោធាអាមេរិក និងកូរ៉េខាងត្បូង ព្រោះត្រូវចំណាយលុយច្រើនដើម្បីរៀបចំ ហើយម្យ៉ាងក៏ជាការចៀសវាងបង្កើតបញ្ហាអំឡុងពេលចរចាជាមួយកូរ៉េខាងជើងក្នុងសំណុំរឿងរំសាយនុយក្លេអ៊ែរ។ ឯកូរ៉េខាងត្បូងក៏ទំនងឯកភាពតាមនេះដែរ ដើម្បីសម្រួលដល់ការចរចា។
ក្រោយជំនួបប្រវត្តិសាស្ត្រជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្រាប់តែប្រកាសចង់ផ្អាកសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង។ សម្ព័ន្ធមិត្តអាមេរិកមានកូរ៉េខាងត្បូង និងជប៉ុនជាដើមផង ហាក់ស្រឡាំងកាំងនឹងការប្រកាសនេះ ព្រោះវាជាសម្បទានដ៏ធំមួយសម្រាប់កូរ៉េខាងជើង ខណៈកូរ៉េខាងជើងមិនទាន់បានធ្វើអ្វីដុំកំភួនឡើយជុំវិញការលុបបំបាត់នុយក្លេអ៊ែររបស់ខ្លួន។
មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែមិថុនា និយាយថា ភាគីទាំងពីរបានជួបគ្នាហើយដើម្បីពិភាក្សាពីការប្រកាសរបស់លោក ត្រាំ ហើយនឹងប្រកាសពីលទ្ធផលនៅពេលខាងមុខ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ក៏មានឆន្ទៈចង់ផ្អាកសមយុទ្ធរួមគ្នានេះដែរ ព្រោះវាជារឿងចាំបាច់ក្នុងការផ្លាស់ប្ដូរសម្ពាធយោធាលើកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរ ហើយការសន្ទនាស្មោះត្រង់រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងបន្តទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap មន្ត្រីជាន់ខ្ពស់នៅវិមាន Cheong Wa Dae បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងនឹងជជែកជាមួយអាមេរិកដោយផ្អែកលើជំហររបស់លោក មូន ។ ក្រោយការពិភាក្សាដិតដល់ជាមួយអាមេរិក អនាគតនៃសមយុទ្ធយោធានេះនឹងត្រូវបញ្ចេញតាមក្រោយទៀត។ កាលពីថ្ងៃទី១៤ ខែមិថុនា ប្រមុខការពារជាតិប្រទេសទាំងពីរក៏បានជជែកតាមទូរសព្ទហើយដែរជុំវិញបញ្ហានេះ។
បើអាមេរិក និងកូរ៉េខាងត្បូងសម្រេចចិត្តផ្អាកសមយុទ្ធប្រចាំឆ្នាំមែននោះ កូរ៉េខាងជើងនឹងរីកមុខរីកមាត់មិនខាន។ តាំងពីយូរមកហើយ កូរ៉េខាងជើងចាត់ទុកសមយុទ្ធនេះជាទង្វើបង្កអរិភាព និងជាការហាត់សមត្រៀមឈ្លានពានខ្លួន។ ឯអាមេរិក និងកូរ៉េខាងត្បូងវិញអះអាងជារឿយៗថា ល្បែងសង្គ្រាមរបស់ខ្លួន ជាការពង្រឹងសមត្ថភាពយោធា និងមានលក្ខណៈជាការការពារខ្លួនសុទ្ធសាធ មិនមែនជាការត្រៀមធ្វើសង្គ្រាមឡើយ។
យ៉ាងណាមិញ ទោះជាគេឃើញថា ការផ្អាកនេះជាកាដូដ៏ធំសម្រាប់កូរ៉េខាងជើងក្ដី វាជាក៏ជួយរក្សាបរិយាកាសល្អប្រសើរសម្រាប់ការចរចាឈានទៅការរំសាយនុយក្លេអ៊ែរដែរ។ នេះទើបជាជំហរពិតរបស់លោក ត្រាំ ។ ប្រធានាធិបតីអាមេរិករូបនេះធ្លាប់លើកឡើងថា លោកចង់ឲ្យផ្អាកសមយុទ្ធសិន តែបើការចរចាមិនដំណើរការតាមការចង់បានរបស់លោកទេនោះ លំហាត់យោធានេះនឹងរៀបចំឡើងតាមការគ្រោងទុកដដែល៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
ដូណាល់ ត្រាំ
សមយុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com