ជាតិ
បោះឆ្នោត
ក្រុម​ជំនាញ​របស់ UN យល់ថា ការ​អំ​ពាវ​នាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ
15, Jun 2018 , 3:36 pm        
រូបភាព
លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំធ្វើមហាបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំធ្វើមហាបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​ខណៈ​ការបោះឆ្នោត​នៅ​កម្ពុជា កាន់តែ​ជិត​ឈាន​មកដល់ ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (UN) ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​បញ្ចេញមតិ​ជុំវិញ​ការបោះឆ្នោត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។



​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​និយាយ​ពី​លោក សម រង្ស៊ី និង​អតីត​ក្រុម​អ្នកប្រឆាំង ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ទោះ​មិន​បង្ហាញ​ការគាំទ្រ​ត្រង់ៗ​ក្តី តែ​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស ហាក់​ចង់​បញ្ជាក់ថា ការអំពាវនាវ​នេះ មិន​ខុស​នឹង​ច្បាប់​ឡើយ​។

​លើសពីនេះ ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស បាន​មើលឃើញ​ចំ​ណុ​ញ​វិជ្ជមាន​ពី​ការអំពាវនាវ​របស់អតីត​ក្រុមអ្នកប្រឆាំង​ថែមទៀត ព្រោះ​អាច​ឲ្យ​ប្រជាពលរដ្ឋ ពិចារណា មុននឹង​ទៅ​បោះឆ្នោត​។ សេចក្តីប្រកាស​ព័ត៌មាន ដែល​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ ដោយ​មន្ត្រី​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការអំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​មិន​ទៅ​បោះឆ្នោត មិនមែនជា​ការបង្ខិតបង្ខំ ឬ​ការ​បំភ័យ​ឡើយ ហើយ​ការអំពាវនាវ​នេះ ក៏​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែរ​។ ផ្ទុយទៅវិញ ការអំពាវនាវ​នេះ គឺ​ទុក​ឲ្យ​អ្នកបោះឆ្នោត សម្រេច​ដោយ​សេរី​ថា ត្រូវ​ចូលរួម​បោះឆ្នោត ឬក៏​មិន​ចូលរួម​»​។

​ការបញ្ចេញ​ទស្សនៈ​ខាងលើ​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស អាច​ចាត់ទុកថា​ជាការ​ពន្យល់​មកកាន់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក សម រង្ស៊ី និង​បក្សពួករបស់លោក ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បោះបង់​ការបោះឆ្នោត​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាសថា ការអំពាវនាវ​របស់​អតីត​ក្រុម​អ្នកប្រឆាំង គឺ​ផ្ទុយ​នឹង​ច្បាប់ ហើយ​ជាការ​រំលោភសិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។

​ចំណែក​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​បកស្រាយ​ថា ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ស្មើនឹង​ការរារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ដែល​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ រីឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ក៏​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ចំពោះ​ករណី​នេះដែរ​។ 

​ក្រៅពី​ការបោះឆ្នោត បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ត្រូវ​បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ដែរ​។ ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស បង្ហាញ​ក្តីកង្វល់ ចំពោះ​ការបង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅមុន​ការបោះឆ្នោត​។ បន្ទាប់មក ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស បានស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា គោរព​និង​ធានា​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​។

​ការបង្ហាញ​ក្តីបារម្ភ​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស គឺ​ក្រោយពី​បានឃើញ​គ​.​ជ​.​ប​. ចេញ​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រមសីលធម៌​នោះ បាន​ហាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចុះផ្សាយ​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ឬ​ការបាត់បង់​ទំនុកចិត្ត​ក្នុងការ​បោះឆ្នោត​។ គ​.​ជ​.​ប​. ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ល្មើស​នឹង​បម្រាម​នេះ​។

​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស សង្កត់ធ្ងន់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ការហាម​ប្រាម​នេះ នាំ​ឲ្យ​មាន​កង្វល់​យ៉ាងខ្លាំង​អំពី​សេរីភាព​សារព័ត៌មាន​»៕



Tag:
 បោះឆ្នោត​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com