អន្តរជាតិ
ម៉ាឡេស៊ីជឿជាក់ថា សិង្ហបុរី និងចិន ជួយខ្លួនដោះស្រាយវិបត្តិបំណុល
× រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីជឿជាក់ថា សិង្ហបុរី និងចិនអាចជួយម៉ាឡេស៊ីដោះស្រាយបញ្ហាបំណុលធ្ងន់ធ្ងរបាន ព្រោះប្រទេសទាំងពីរយល់ពីស្ថានភាពម៉ាឡេស៊ីច្បាស់។ បច្ចុប្បន្ន ម៉ាឡេស៊ីបានសម្រេចលុបចោលគម្រោងផ្លូវរថភ្លើងលឿនជាមួយសិង្ហបុរី និងបន្តចរចាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសង់ផ្លូវរថភ្លើងតំបន់មាត់សមុទ្រភាគខាងកើតជាមួយចិនផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សិង្ហបុរី Channel News Asia លោក Lim Guan Eng បានបញ្ជាក់ច្បាស់ថា ប្រទេសជាមិត្តម៉ាឡេស៊ីមានសិង្ហបុរី និងចិន ច្បាស់ជាយោគយល់ចំពោះម៉ាឡេស៊ីដែលកំពុងប្រឹងប្រែងដោះស្រាយវិបត្តិបំណុលសាធារណៈ។
រដ្ឋមន្ត្រីរូបនេះចង់សំដៅលើការប្រកាសលុបចោល និងចរចាឡើងវិញលើកិច្ចព្រមព្រៀងសាងសង់ផ្លូវរដ្ឋភ្លើងដែលម៉ាឡេស៊ីចុះជាមួយចិន (ECRL) និងកិច្ចព្រមព្រៀងសង់ផ្លូវរថភ្លើងល្បឿនលឿនគូឡាឡាំពួរសិង្ហបុរី (HSR)កន្លងមក។
«យើងមានទំនុកចិត្តថា ចិន និងសិង្ហបុរីយល់ច្បាស់ពីការលំបាកដែលយើងមានពាក់ព័ន្ធនឹងបំណុល ហើយប្រទេសជាមិត្តទាំងនេះមានឆន្ទៈជួយយើងដោះស្រាយបញ្ហានេះដែរ»។ លោក Lim បានិយាយដូច្នេះ។
លោកបន្តថា៖« ដោយសារបញ្ហាសង់ផ្លូវរថភ្លើង HSR ជាក្តីកង្វល់របស់យើង វាត្រូវលុបចោលសិនដូចនាយករដ្ឋមន្ត្រីមហាធៀ មហាម៉ាត់បានប្រកាសហើយ។ ប៉ុន្តែនៅពេលអនាគត វានឹងក្លាយជារឿងដែលយើងត្រូវជជែកគ្នាទៀតជាមួយរដ្ឋាភិបាល។ ក្នុងលក្ខខណ្ឌនេះ យើងកំពុងនិយាយពីលទ្ធភាពក្នុងការជជែកពិភាក្សាជាមួយមិត្តជិតខាងល្អរបស់យើងគឺ សិង្ហបុរីនេះដើម្បីស្វែងយល់ថា សិង្ហបុរីនឹងអាចជួយយើងដោះស្រាយបញ្ហាបំណុលនេះដោយរបៀបណាដែរ»។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះក៏ជឿជាក់ដែរថា ក្នុងស្ថានភាពលំបាកដូចបច្ចុប្បន្នដូចជាប្រឈមបញ្ហាបំណុលផង និងបញ្ហាពុករលួយក្នុងស្ថាប័នរដ្ឋផងនោះ សិង្ហបុរីអាចយល់ច្បាស់ពីមូលហេតុដែលម៉ាឡេស៊ីមិនអាចបន្ថែមបំណុលបានទៀតនោះ។
តាមពិតទៅកាលពីខែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ បានប្រកាសហើយថា រដ្ឋាភិបាលលោកសម្រេចលុបចោលគម្រោងសង់ផ្លូវរថភ្លើងលឿនភ្ជាប់ទៅសិង្ហបុរី ដោយសារម៉ាឡេស៊ីត្រូវចំណាយថវិកា ២៨ ពាន់លានដុល្លារអាមេរិកឯណោះបូករួមទាំងការប្រាក់ផង។ កិច្ចព្រមព្រៀងជាមួយសិង្ហបុរីនេះត្រូវបានចុះដោយរដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ ក្នុងឆ្នាំ ២០១៦ ហើយមានគោលដៅសាងសង់ផ្លូវរថភ្លើងចម្ងាយ ៣៥០គីឡូម៉ែត្រ។ ក្នុងករណីដែលម៉ាឡេស៊ីដកខ្លួនចេញ ប្រទេសនេះទំនងជាត្រូវបង់លុយសំណងជាង ១២០០លានដុល្លារផងដែរ។ ក្រៅពីនេះ លោក មហាធៀ ក៏ប្រកាសចរចាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលចុះជាមួយចិនឡើងវិញដូចគ្នាដែរ។
នាយករដ្ឋមន្ត្រីវ័យ ៩២ឆ្នាំនេះប្រកាសបែបនេះបន្ទាប់ពីលោកបង្ហើបថា ម៉ាឡេស៊ីកំពុងហ៊ុមព័ទ្ធដោយបំណុលសាធារណៈដែលកើនដល់ ២៥១ពាន់លានដុល្លារទៅហើយនោះ។ លោកបានបន្ទោសរដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ដែលធ្វើឲ្យបំណុលកើនដល់កម្រិតអាសន្ននេះដែរ៕
Tag:
ម៉ាឡេស៊ី
សិង្ហបុរី
ចិន
Lim Guan Eng
© រក្សាសិទ្ធិដោយ thmeythmey.com