ជាតិ
សេដ្ឋកិច្ច
អាជីវករ​លក់​ទុរេន រំពឹង​រកប្រាក់​ចំណេញ​យ៉ាងតិច ២​ពាន់​ដុល្លារ ក្នុង​មួយ​រដូវ​នេះ​
16, Jun 2018 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ ទុរេន​កំពត​ឆ្នាំនេះ កំពុងមាន​ទីផ្សារ​ខ្លាំង ដោយសារ​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​។ អាជីវករ​លក់​ទុរេន​មួយចំនួន មាន​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​រកប្រាក់​ចំណេញ​មិនតិចជាង​២​ពាន់​ដុល្លារ​ឡើយ ខណៈ​តម្លៃ​ទីផ្សារ​ផ្លែ​ទុរេន ជា​មធ្យម​ពី ២២,០០០​រៀល ដល់ ២៧,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។



​លោក គុណ នី ជា​អ្នកលក់​ទុរេន​បោះ​ដុំ និង​រាយ នៅ​កែង​វិទ្យាល័យ​ទួល​ទំពូង បាន​ប្រមូល​ទិន្នផល​ទុរេន ពី​ដីចម្ការ​ខ្លួន​នៅក្នុង​តំបន់​ទឹកឈូ ខេត្តកំពត យកមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ សម្រាប់​រដូវ​ទុរេន​ឆ្នាំនេះ លោក គុណ នី អាច​លក់​ចេញ​ក្នុងតម្លៃ​១៩,០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម សម្រាប់​ការលក់​បោះ​ដុំ និង​តម្លៃ​ពី​២១,០០០ ទៅ​២៣,០០០​រៀល ក្នុង​មួយ​គីឡូ​សម្រាប់​ការលក់​រាយ​នៅលើ​ទីផ្សារ​។ តម្លៃ​នេះ គឺ​លក់បាន​ថ្លៃ​ជាង​ឆ្នាំមុន ពី​១,០០០​រៀល ទៅ​២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។



​លោក គុណ នី ដែល​កំពុង​ឈរ​លក់​ទុរេន​ជាមួយ​ក្មួយប្រុស​ពីរ​នាក់ បាន​និយាយថា លោក​អាច​លក់​ទុរេន​បាន​ពី  ១០០ ទៅ​១៥០​គីឡូក្រាម ក្នុង​មួយថ្ងៃ ដោយ​ចំណាយពេល​លក់​ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​១០​យប់​។ ដោយសារ​ឃើញ​សន្ទុះ​នៃ​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​មកលើ​ទិន្នផល​ទុរេន​នេះ លោក គុណ នី មាន​ក្តី​រំពឹងថា​លោក​អា​ចរក​ចំណេញ​បាន​មិនតិចជាង​២​ពាន់​ដុល្លារ​ឡើយ​។​

« ខ្ញុំ​អាច​រកចំណូលបាន​ពី​២,៥​លាន ទៅ​៤​លាន​រៀល​ក្នុង​មួយថ្ងៃ ដោយមាន​ការគាំទ្រ ពី​អតិថិជន​ចំរុះ​ជាតិ​សាសន៍ ដូចជា ខ្មែរ បារាំង ពិសេស​ជនជាតិ​ចិន មក​ទិញ​ទុរេន​ខ្ញុំ​រាល់ថ្ងៃ​តែម្តង​។  ឆ្នាំនេះ​ខ្ញុំ​អាច​ចំណេញ​ពី​ការលក់​ទុរេន បាន​៣ ទៅ​៥​ពាន់​ដុល្លារ ក្នុង​មួយ​រដូវ​ទុរេន​ខ្មែរ​នេះ ដោយ​ឆ្នាំ​កន្លងទៅ​ខ្ញុំ​ចំណេញ​បាន​ប្រហែល ២​ពាន់​ដុល្លារ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គុណ នី ដែល​យល់ឃើញថា មូលហេតុ​ដែល​នាំ​ឲ្យ​ទុរេន​កំពត ត្រូវប៉ាន់​នៅក្នុង​ទីផ្សារ​នេះ ដោយសារ​តែមាន​ឈ្មួញ​ជនជាតិ​ចិន ចុះមក​ប្រមូល​ទិញ​ទុរេន​ច្រើន​យកទៅ​ប្រទេស​ចិន​។​

​បើតាម​បុរស​មាឌធំ សប្បុរ​ស្រអែម​រូបនេះ ក្នុង​ខែកុម្ភៈ​កន្លងមក លោក​បាន​លក់​ទុរេន ៥០០​គីឡូក្រាម​ឲ្យ​ឈ្មួញ​ចិន​ដែរ នៅ​តម្លៃ​២៥,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​ទទួល​ប្រា​ក់បាន ១២,៥​លាន​រៀល​។​



​ដោយសារតែ​រដូវ​ទិន្នផល​ទុរេន កំពុង​សំបូរហូរហៀរ​នោះ នៅ​ទីតាំង​មួយចំនួន នៅ​ម្ដុំ​ទួល​ទំពូង​ម្ដុំ​បឹងត្របែក ម្ដុំ​ផ្សារ​ដើមថ្កូវ​ជាដើម គឺ​មានការ​ដាក់លក់​ទុរេន ជា​ហូរហែ​ក្រៅពី​តំបន់​ផ្សារ​ធំៗ​ផ្សេងទៀត​។ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ម្ដុំ​ផ្សារ​ដើមថ្កូវ​នោះ មាន​កន្លែង​លក់​ជាច្រើន​ដាក់លក់​តម្រៀបជួរ​គ្នា ដែល​នាំ​ឲ្យ​ក្លិន​ទុរេន ដ៏​សែន​ឈ្ងុយ​ឈ្ងប់​បាន​បង្ហើរ​មក​ប៉ះ​ច្រមុះ​អ្នកធ្វើដំណើរ ។

​ទីតាំង​លក់​ទុរេន​ជាប់​របង​វិទ្យាល័យ​ហ៊ុនសែន​ផ្សារ​ដើមថ្កូវ មាន​មនុស្ស​ជាច្រើន​នាក់ កំពុង​ចោមរោម​កន្លែង​លក់​ទុរេន​របស់​លោកស្រី ម៉េង​ហៀ​ង  ដែល​កំពុងនិយាយ​តម្លៃ​ជាមួយ​អ្នកទិញ ខណៈ​ដៃ​របស់គាត់​ក៏​កំពុង​មមាញឹក​ហែក​ផ្លែ​ទុរេន ដាក់​ប្រអប់​ឲ្យ​អ្នកទិញ​ម្នាក់ទៀត​។​

​ស្ថិតនៅ​ចន្លោះ​ម៉ោង​១១-១២ ថ្ងៃត្រង់ កន្លែង​លក់​ទុរេន​របស់​លោកស្រី ម៉េង​ហៀ​ង មាន​ភ្ញៀវ​ចូលមក​ទិញ​ហូរហែ​មិន​ដាច់​សោះ ដោយមាន​ភ្ញៀវ​ខ្លះ​ទិញ​២​ផ្លែ  ខ្លះទៀត​ទិញ​៤​ផ្លែ ហើយ​ខ្លះទៀត​និយាយ​ស្នើ​ឲ្យ​បងស្រី ម៉េង ហៀ​ង ជួយ​រើស​ទុរេន ទុំ​ល្អ​សម្រាប់​ពួកគេ​ទៀតផង ។ 

​បន្ទាប់ពី​ស្ងាត់​ភ្ញៀវ​មក​ទិញ​ទុរេន​ស្ត្រី​មាឌធំ​ល្មម សម្បុរ​សរូប​នេះ ក៏បាន​ឆ្លៀត​ប្រាប់​សារព័ត៌​ថ្មីៗ​ថា ទុរេន​ដែល​បងស្រី លក់​រាល់ថ្ងៃ​មាន​ពីរ​ប្រភេទ គឺ​ទុរេន​ម៉ាន់​ថង មាន​សាច់​ក្រាស់​ស្ងួត ពណ៌​ទឹកដោះគោ លក់​ក្នុងតម្លៃ​ទាប​បំផុត​២៦,០០០​រៀល និង​មួយ​ប្រភេទ​ទៀត​គឺ​ទុរេន ឈ្មោះ​ឪ​ខាក់ ដែលជា​ប្រភេទ​ទុរេន​ទុំ​សាច់​ស្ងួត មាន​ពណ៌​លឿង​ល្មៀត រសជាតិ​ផ្អែម​ស្អិតល្មួត ហើយ​សំបក​មាន​ពណ៌​ទឹកប្រាក់ និង​ពណ៌​បៃតងចាស់ លក់​ក្នុងតម្លៃ​ចន្លោះ​ពី​២២,០០០ ដល់​២៤,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​



​បងស្រី ម៉េង​ហៀ​ង ដែល​បាន​ប្រកប​របរ​លក់​ទុរេន ៣​ឆ្នាំ​ហើយ ក្រៅពី​របរ​លក់​ត្រី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ទុរេន​ដែល​ខ្ញុំ​លក់​នេះ គឺ​របស់​ឪពុក​ខ្ញុំ​ដាំ​ក្នុង​ខេត្តកំពត ដោយ​ទុរេន​ឆ្នាំនេះ ឲ្យ​ផល​យឺត​ជាង​រាល់​ឆ្នាំ ហើយ​ទទួលបាន​ផល​តិចជាង​ឆ្នាំមុនៗ​ទៀត ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ច្រើន​។ ប៉ុន្តែ​តម្លៃ​ទុរេន​ឆ្នាំនេះ លក់បាន​ថ្លៃ​ខ្ពស់ជាង​ឆ្នាំមុនៗ ដោយ​ក្នុង​មួយថ្ងៃ ខ្ញុំ​អាច​លក់​ទុរេន​បាន​តិច​បំផុត​៥០​គីឡូក្រាម ជាមួយ​តម្លៃ​មធ្យម​២២,០០០​រៀល ក្នុង​មួយ​គីឡូក្រាម ដោយ​ទទួលបាន​ចំណូល​បាន ១,១​លាន​រៀល »​។

​ដ្បិត​ឆ្នាំនេះ​លោកស្រី ម៉េង​ហៀ​ង ប្រមូល​ផល​ទុរេន​មក​លក់​តិចជាង​មុន​ក៏ពិតមែន ប៉ុន្តែ​ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ នៅ​រំពឹងថា នឹង​អាច​ចំណេញ​ប្រាក់សុទ្ធ​២​ពាន់​ដុល្លារ ដូច​ឆ្នាំមុន​ដែរ ដោយសារ​តម្លៃ​ទុរេន​ឆ្នាំនេះ លក់បាន​ថ្លៃ​ជាង​ឆ្នាំទៅ និង​មាន​អតិថិជន​គាំទ្រ​ច្រើន​៕








Tag:
 កសិកម្ម​
  សេដ្ឋកិច្ច​
  ផ្លែ​ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com