កីឡាជាតិ
ជាតិ
មហាផ្ទៃត្រូវចំណាយជាង៣ម៉ឺនដុល្លារសម្រាប់អត្តពលិកដែលឈ្នះមេដាយពីកីឡាជាតិ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បំពាក់មេដាយជូនម្ចាស់ជ័យលាភីកីឡាកាយសម្ព័ន្ធ នាការប្រកួតកីឡាជាតិលើកទី២
× អង្គភាពកីឡាក្រសួងមហាផ្ទៃត្រូវចំណាយថវិកាប្រមាណជាង៣ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្តដល់ម្ចាស់មេដាយកីឡាជាតិលើកទី២ ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។ ក្រសួងមហាផ្ទៃទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈឈរលេខ១លើតារាងមេដាយសរុប ក្រោយឈ្នះមេដាយមាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣។
ដូចនឹងការសន្យាមុនការប្រកួតរបស់លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ កីឡាករកីឡាការិនីម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ នាការប្រកួតកីឡាជាតិលើកទី២ ទទួលបានថវិកាលើកទឹកចិត្តបន្ថែម ពីថ្នាក់ដឹកនាំអង្គភាពកីឡាក្រសួងមហាផ្ទៃ។ យ៉ាងហោចណាស់ ក្រសួងមហាផ្ទៃ ត្រូវចំណាយថវិកាប្រមាណជាង៣ម៉ឺនដុល្លារ លើម្ចាស់ជ័យលាភី ក្រោយពួកគេដណ្តើមបានមេដាយមាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣។
បើយោងតាមលោក ជា ប៊ុនហេង សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់ថវិកា៣០០ដុល្លារ, ២០០ដុល្លារ និង១០០ដុល្លារ សម្រាប់កីឡាករស្ម័គ្រចិត្តលេងឲ្យអង្គភាពកីឡាក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់។ ប៉ុន្តែកីឡាករដែលជ្រកក្រោមដំបូលអង្គភាពកីឡាក្រសួងមហាផ្ទៃស្រាប់ មេដាយមាសបាន ២០០ដុល្លារ, ប្រាក់១៥០ដុល្លារ និងសំរឹទ្ធ១០០ដុល្លារ។ ថវិកាទាំងនេះ នឹងប្រគល់ជូននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងមហាផ្ទៃឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយសរុប ដែលមានរាជធានីភ្នំពេញឈរលេខ២ក្រោយឈ្នះមេដាយមាស៤២ ប្រាក់៣៦ និងសំរឹទ្ធ៤៦ និងក្រសួងការពារជាតិឈរលេខ៣ ក្រោយឈ្នះមេដាយមាស៣៣ ប្រាក់១៨ និងសំរឹទ្ធ១៦។ ក្នុងចំណោម២៨ក្រសួង រាជធានី-ខេត្ត មានតែខេត្តប៉ៃលិនប៉ុណ្ណោះ ដែលមិនទទួលបានមេដាយ។
លោក ជា ប៊ុនហេង ដែលមានតួនាទីជាអគ្គលេខាធិការក្រុមប្រឹក្សាអង្គភាពកីឡាក្រសួងមហាផ្ទៃបានបញ្ជាក់ថា ភាពជោគជ័យដ៏ធំធេងខាងលើបានមកពីការខិតខំប្រឹងប្រែង និងការរៀបចំផែនការយុទ្ធច្បាស់លាស់ពីថ្នាក់ដឹកនាំ។ ម្យ៉ាងការឧបត្ថម្ភលើកទឹកចិត្តជាថវិកា ក៏ជាកត្តារួមចំណែកក្នុងជោគជ័យនេះផងដែរ ព្រោះវាជាចលករជួយជំរុញឲ្យកីឡាករមានទឹកចិត្តប្រកួតកាន់តែខ្លាំង។
«បើចង់ឲ្យកីឡាមួយខ្លាំង យើងត្រូវយកធនធានដែលមានស្រាប់មកបណ្តុះបណ្តាលតាំងពីក្មេង។ ខ្ញុំមិនសំដៅដល់អង្គភាពឬខេត្តណានោះទេ ក្រៅពីយករបស់គេ(កីឡាករ)ស្រាប់ គាត់មិនយកចិត្តទុកដាក់បណ្តុះបណ្តាលថ្នាលនោះទេ។ ដូច្នេះកាលណាថ្នាក់ដឹកនាំមិនយកចិត្តទុកដាក់ ធ្វើម្តេចអាចបង្កើតកីឡាករល្អៗ ដើម្បីដណ្តើមមេដាយ»។ ជាការលើកឡើងរបស់លោក ជា ប៊ុនហេង ដែលបានបន្ថែមថា៖«បញ្ហាមានគម្លាតសមត្ថភាពកីឡាករ ឬមិនមានគម្លាត គឺអាស្រ័យលើការរៀបចំផែនការ។ ជាក់ស្តែងយើងទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ យើងរៀបចំផែនការដោយឲ្យកីឡាករហ្វឹកហាត់ត្រៀម៣ខែមុន»៕
Tag:
ក្រសួងមហាផ្ទៃ
ជា ប៊ុនហេង
កីឡាជាតិលើកទី២
National Games
© រក្សាសិទ្ធិដោយ thmeythmey.com