ជាតិ
សង្គមជាតិ
សព​អ្នក​ម្នាង អ៊ុក ផល្លា នឹង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​បទុម​វ​ត្តី​
17, Jun 2018 , 7:39 pm        
រូបភាព
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេចយក​វត្ត​បទុម​វ​ត្តី ធ្វើជា​កន្លែង​រៀប​ចំ​ពិធី​បុណ្យសព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ដែល​បានទទួល​មរណភាព បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​មិញ​។ នេះ​បើតាម​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២0១៨​។


  
​លោក ញ៉េប ប៊ុនជិន បាន​និយាយ​ទាំង​អាក់អួល យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវ​សព​របស់​អ្នក​ម្នាង នៅក្នុងមន្ទីរ​ពេទ្យ នៅឡើយ​ទេ​។ ទាល់តែ​ស្អែក​បាន​យើង​បញ្ជូនទៅ​វត្ត​បទុម​វ​ត្តី​។ យើង​សូម​ប្រកាសថា ប្រជាជន និង​បរិស័ទ​ណា ដែល​ស្រឡាញ់​គាំទ្រ​អ្នក​ម្នាង ហើ​យចង់ទៅ​ចូលរួម​ពិធីបុណ្យ សូម​អញ្ជើញ​ចុះ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ បន្តថា គណបក្ស​មិនទាន់​បានសម្រេច​ជា​ផ្លូវការ​នោះទេ ទាក់ទង​នឹង​កម្មវិធី​បុណ្យសព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ដូច្នេះ លោក មិនទាន់​អាច​បញ្ជាក់​បានឡើយ ថាស​ពរ​បស់​អ្នក​ម្នាង នឹងត្រូវ​តម្កល់ទុករ​យៈ​ពេល​យូរ​ប៉ុនណា​។ 
 
​ចំណែកឯ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​អ្នក​ម្នាង បានដឹងខ្លួន​ហើយ ហើយក៏​អាចមាន​បន្ទូល​បានដែរ​។ ប៉ុន្តែ ព័ត៌មាន​អំពី​មរណភាព​របស់​អ្នក​ម្នាង ដែលជាភរិយារបស់ព្រះអង្គ ត្រូវបាន​លោក ញ៉េប ប៊ុនជិន អះអាងថា មិនទាន់​ហ៊ាន​ផ្តល់​ឲ្យ​ព្រះអង្គ ដឹង​នោះទេ​។ លោក ប្រាប់​ហេតុផល​បែបនេះ​ថា​៖«​យើង​មិនទាន់​ចង់​ឲ្យ​ព្រះអង្គ​ដឹង​ទេ ព្រោះ​យើង​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​របស់​ព្រះអង្គ​»​។ 
 
​ចំពោះ​ព័ត៌មាន​នៃ​ការបញ្ជូន​ព្រះអង្គ ទៅ​បន្ត​ព្យាបាល​នៅក្រៅ​ប្រទេស លោក ញ៉េប ប៊ុនជិន មិនទាន់​អាច​ប្រាប់​ឡើយ ដោយសារតែ​លោក មិនទាន់​ដឹង​ច្បាស់លាស់​៕ 

Tag:
 អ្នកម្នាក់ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com