ជាតិ
សព​អ្នក​ម្នាង អ៊ុក ផល្លា តម្កល់​នៅ​វត្ត​បទុម ខណៈ​សម្ដេចក្រុមព្រះ ទៅដល់​ថៃ ដើម្បី​បន្ត​ព្យាបាល​
18, Jun 2018 , 10:56 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​នេះ សព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​យកទៅ​ត​ម្ដ​ល់​នៅ​វត្ត​បទុម​វ​ត្តី​រួចរាល់​ហើយ ខណៈ​សម្ដេចក្រុមព្រះ ​ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​សុខភាព​បន្ត​នៅ​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​១៧ ខែមិថុនា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ ពី​លោក ញ៉េប ប៊ុ​ក​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​។​



​លោក ញ៉េប ប៊ុនជិន បាន​អះអាងថា​ ការបញ្ជូន​សម្ដេចក្រុមព្រះ ​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​នេះ គឺ​ដើម្បី​​​ឲ្យ​ប្រាកដ​ថា សុខភាព​របស់​ទ្រង់​ ពិតជា​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចការអះអាងរបស់​គ្រូពេទ្យ​នៅ​កម្ពុជា​។​ 

ទាក់ទងនឹង​កាលបរិច្ឆេទនៃការបូជាសព អ្នកម្នាង អ៊ុក ផល្លា ដែល​កំពុង​តម្កល់​នៅក្នុង​វត្ត​បទុម​វ​ត្ដី​​វិញនោះ អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ចាក់បានឡើយ ហើយព័ត៌មាន​នៃ​មរណភាព​របស់​អ្នក​ម្នាង ក៏​នៅ​មិនទាន់​ជ្រាប​ដល់​សម្ដេចក្រុមព្រះ​នៅឡើយ​ដែរ​។​




​បើទោះជា​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច កំពុងមាន​ទុក្ខ​ជា​ទម្ងន់​បែបនេះ​ក្ដី តែ​អ្នកនាំពាក្យ​ខាងលើ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះនឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នាពេលខាងមុខ​ឡើយ​។ លោក​អះអាង​បែបនេះ ដោយសារតែ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច មាន​គណៈកម្មការ​រួចជាស្រេច ក្នុងការ​រៀបចំខ្លួន​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ខែកក្កដា ខាងមុខនេះ​។​

​សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​រថយន្ត​តាក់ស៊ី នៅ​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃអាទិត្យ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហេតុ​ការ​ណ៍នេះ​ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ប្រុស​ស្រី​របួស​ចំនួន​៦​នាក់ ស្លាប់​ម្នាក់​គឺ​អ្នក​ម្នាង អ៊ុក ផល្លា​៕






Tag:
 អ្នក​ម្នាង​អ៊ុក​ផល្លា​
 ​សម្ដេចក្រុមព្រះ​
 ​គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com