FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ុយអែត ប៉ះ កូរ៉េខាងត្បូង បែលហ្ស៊ិក ជួប ប៉ាណាម៉ា ទុយនីស៊ី តទល់ អង់គ្លេស
× បន្ទាប់ពីស្វីសតាមស្មើប្រេស៊ីល ១-១ ស៊ុយអែត ត្រូវតទល់ជាមួយកូរ៉េខាងត្បូងសម្រាប់ជំនួបបើកឆាកពូល F មួយគូទៀតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក (FIFA World Cup) ឆ្នាំ២០១៨ នៅរុស្ស៊ី។ សម្រាប់ជំនួបជាបន្តបន្ទាប់ទៀតនារាត្រីនេះ គឺជាការប៉ះគ្នានៅក្នុងពូល G រវាងបែលហ្ស៊ិក និងប៉ាណាម៉ា ទុយនីស៊ី និងអង់គ្លេស។
ស៊ុយអែត ជួប កូរ៉េខាងត្បូង ម៉ោង៧យប់ នៅកីឡដ្ឋាន Nizhny Novgorod Stadium
ស៊ុយអែតបង្ហាញខ្លួនលើកដំបូងនៅ World Cup ក្រោយខកខានអស់១២ឆ្នាំ ដោយមិនមានវត្តមាន Zlatan Ibrahimovic ដែលជាវីរបុរសរបស់ខ្លួននោះឡើយ ប៉ុន្តែដំណើរទៅកាន់ទឹកដីរុស្ស៊ីរបស់ពួកគេបានជម្នះឧបសគ្គដ៏ធំមួយ គឺអ៊ីតាលី។ សម្រាប់កូរ៉េខាងត្បូងវិញ វត្តមានលើកទី១០នៅ World Cup ជាបេសកកម្មមួយដើម្បីស្តារការខកចិត្តកាលពី៤ឆ្នាំ ដែលពួកគេរកបានតែ១ពិន្ទុប៉ុណ្ណោះនៅវគ្គជម្រុះតាមពូល។ នាព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩៤៨ ស៊ុយអែតឈ្នះកូរ៉េខាងត្បូងរហូតដល់ទៅ ១២-០ ហើយជំនួបមិត្តភាពបីលើកក្រោយមកទៀត ស៊ុយអែតបន្តឈ្នះ ២-០ និងស្មើគ្នា២ប្រកួត។
កីឡាករដែលអាចស្ថិតក្នុងជម្រើសដំបូង៖
-ស៊ុយអែត: Olsen; Lustig, Granqvist, Lindelof, Augustinsson; Claesson, Larsson, Ekdal, Forsberg; Berg, Toivonen.
-កូរ៉េខាងត្បូង: Kim Seunggyu; Lee Yong, Kim Younggwon, Jang Hyunsoo, Park Jooho; Ki Sungyueng, Jung Wooyoung; Hwang Heechan, Lee Jaesung, Son Heungmin; Kim Shinwook។
បែលហ្ស៊ិក ជួប ប៉ាណាម៉ា ម៉ោង១០យប់នៅកីឡដ្ឋាន Fisht Stadium
សម្រាប់ការប្រកួតបើកឆាកពូល G មនុស្សជាច្រើនសំឡឹងឃើញបែលហ្ស៊ិក ដោយមើលរំលងប៉ាណាម៉ា។ បែលហ្ស៊ិកដែលដឹកនាំដោយលោក Roberto Martinez មានកីឡាករដ៏ពោរពេញទៅដោយបទពិសោធន៍លំដាប់ពិភពលោក ខណៈដែលប៉ាណាម៉ាទើបមានឱកាសបង្ហាញខ្លួនលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្រោយចាញ់ម៉ិកស៊ិកកាលពីឆ្នាំ១៩៨៦ បែលហ្សិកមិនដែលបរាជ័យក្នុងជំនួបជាមួយក្រុមពីតំបន់ CONCACAF ឡើយ ដោយឈ្នះ៩លើក ស្មើ២លើក ខណៈកំណត់ត្រារបស់ប៉ាណាម៉ាជាមួយក្រុមនៅតំបន់អឺរ៉ុប គឺស្មើ៤លើក និងចាញ់៥លើក។
កីឡាករដែលអាចស្ថិតក្នុងជម្រើសដំបូង៖
-បែលហ្ស៊ិក: Thibaut Courtois; Jan Vertonghen, Dedryck Boyata, Toby Alderweireld; Axel Witsel, Kevin De Bruyne, Yannick Carrasco, Thomas Meunier; Dries Mertens, Eden Hazard; Romelu Lukaku
-ប៉ាណាម៉ា: Jaime Penedo; Roman Torres, Fidel Escobar, Eric Davis, Michael Murillo; Gabriel Gomez, Anibal Godoy, Armando Cooper, Edgar Barcenas, Jose Luis Rodriguez; Blas Perez។
ទុយនីស៊ី ជួប អង់គ្លេស ម៉ោង១យប់នៅកីឡដ្ឋាន Volgograd Arena
ទុយនីស៊ីវិលត្រឡប់មកកាន់ World Cup វិញ ក្រោយអវត្តមាន១២ឆ្នាំ។ ក្រុមពីអាមេរិកខាងជើងមួយនេះ ប្រឹងប្រែងយ៉ាងខ្លាំងនៅមុនជំនួបផ្លូវការដោយបានលទ្ធផលពីការប្រកួតមិត្តភាពជាមួយក្រុមខ្លាំងៗ។ សម្រាប់អង់គ្លេសវិញ ក្រោមការដឹកនាំរបស់លោក Gareth Southgate សមាសភាពកីឡាករចាស់ៗនៅសល់តែ៥នាក់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងសមាសភាពនៅប្រេស៊ីលកាលពី៤ឆ្នាំមុន។ កាលពីឆ្នាំ១៩៩៨ ក្រុមទាំងពីរបានប៉ះគ្នានៅក្នុងពូលតែមួយផងដែរ ដោយ Alan Shearer និង Paul Scholes នាំជ័យជម្នះ ២-០ សម្រាប់តោកំណាច។
កីឡាករដែលអាចស្ថិតក្នុងជម្រើសដំបូង៖
-ទុយនីស៊ី: Mouez Hassen; Yassine Meriah, Syam Ben Youssef, Dylan Bronn, Ali Maaloul; Ellyes Skhiri, Anice Badri, Ferjani Sassi; Fakhreddine Ben Youssef, Wahbi Khazri, Naim Sliti.
-អង់គ្លេស: Jordan Pickford; Kyle Walker, John Stones, Harry Maguire; Kieran Trippier, Dele Alli, Jordan Henderson, Jesse Lingard, Ashley Young; Raheem Sterling, Harry Kane៕
Tag:
FIFA World Cup
GroupF
GroupG
© រក្សាសិទ្ធិដោយ thmeythmey.com