អន្តរជាតិ
នៅ​ប្រទេស​អ៊ីរ៉ាក់ អ្នកស្រី Angelina Jolie អំពាវនាវ​ឲ្យ​ផ្តោតលើ​ការទប់ស្កាត់​ជម្លោះ​កាន់តែខ្លាំង
18, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តារា​សម្តែង Hollywood អ្នកស្រី Angelina Jolie កាលពី​ថ្ងៃអាទិត្យ បាន​អំពាវនាវ​ឲ្យ​ផ្តោត​កាន់តែខ្លាំង​ទៅលើ​ការទប់ស្កាត់​ជម្លោះ ជាជាង​ឆ្លើយតប​ទៅនឹង​ផលវិបាក​នៃ​ជម្លោះ​នានា នៅក្នុង​អំឡុង​ពេលដែល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ជាមួយនឹង​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​។



​អ្នកស្រី Jolie បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ជំរំ​ជនភៀសខ្លួន Domiz ក្នុង​តំបន់​ស្វយ័ត Kurdistan នៃ​ប្រទេស​អ៊ីរ៉ាក់​ថា «​ខ្ញុំ​សង្ឃឹមថា យើង​អាច​រកឃើញ​មធ្យោបាយ​ល្អ​ជាង​នេះ​ទៅ​ថ្ងៃមុខ ដើម្បី​ឲ្យ​យើង​អាច​ទប់ស្កាត់​ជម្លោះ​និង​កាត់បន្ថយ​អស្ថិរភាព ជាជាង​ដោះស្រាយ​បញ្ហា​ក្រោយ​ជម្លោះ​កើតឡើង​រួចហើយ​»​។​

​នេះ​គឺជា​លើក​ទី​បី​ហើយ ដែល​អ្នកស្រី Jolie ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរំ​ជនភៀសខ្លួន​នោះ ក្នុងនាម​ជា​បេសកជន​ពិសេស​របស់​ទីភ្នាក់ងារ UNHCR បន្ទាប់ពី​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​កាលពី​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៦​។​

​ជំរំ Domiz បាន​បើក​នៅក្នុង​ឆ្នាំ ២០១១ និង​ជា​ជម្រក​របស់​ជនភៀសខ្លួន​ស៊ី​រី​៤​ម៉ឺន​នាក់ ដែល​រត់​ភៀសខ្លួន​ពី​សង្គ្រាមស៊ីវិល​រយៈពេល​៧​ឆ្នាំ តាមរយៈ​ការឆ្លង​ព្រំដែន​។​

​អ្នកស្រី​បាន​មានប្រសាសន៍ថា «​នៅពេល​ការឆ្លើយតប​ទៅលើ​បញ្ហា​ស៊ី​រី​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR ត្រូវបាន​ផ្តល់​ថវិកា​ឲ្យ​ត្រឹមតែ​៥០​ភាគរយ​កាលពី​ឆ្នាំមុន ហើយ​ឆ្នាំនេះ​ផ្តល់​ថវិកា​ត្រឹមតែ​១៧​ភាគរយ នាំ​ឲ្យ​មាន​បញ្ហា​មនុស្សធម៌​ជា​ច្រើ​ន‍​។ យើង​មិនគួរ​ត្រូវបាន​គេ​បំភ័ន្ត​ភ្នែក​ចំពោះ​រឿងនេះ​នោះ​ទ‍េ​»​។

​អ្នកស្រី​បាន​បន្ថែមថា «​នៅពេលដែល​គ្មាន​សូម្បីតែ​ជំនួយ​អប្បបរមា ក្រុមគ្រួសារ​របស់​ជន​ភៀសខ្លួន​មិនអាច​ទទួលបាន​ការព្យាបាល​ទេ ស្ត្រី​និង​កុមារី​ប្រឈម​នឹង​អំពើហិង្សា​ផ្លូវភេទ កុមារ​ជាច្រើន​មិនអាច​ទៅ​រៀន​បាន ហើយ​យើង​ខ្ជះខ្ជាយ​ឱកាស​ក្នុងការ​វិនិយោគ​ទៅលើ​ជនភៀសខ្លួន ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួលបាន​ជំនាញ​ថ្មី​និង​គាំទ្រ​ដល់​ក្រុមគ្រួសារ​របស់​ពួក​គ‍េ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com