កីឡាជាតិ
ជាតិ
អ្នកលេង​គុន​ខ្មែរ ឃីម ឌី​ម៉ា ឈ្នះ​ខ្សែក្រវាត់​នៅ​បារាំង​យ៉ាង​លំបាក​
18, Jun 2018 , 9:19 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ ឃីម ឌី​ម៉ា បាន​សាង​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​ខ្សែក្រវាត់​ប្រចាំ​ព្រឹត្តិការណ៍ Rahu Fight នៅលើ​ទឹកដី​បារាំង ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ Vieira Brandon ដោយ​ពិន្ទុ​។ ចំណែក​កីឡាករ ម៉ឺន សុភា និង ឡៅ ចន្ទ្រា សុទ្ធតែ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន ខណៈ​កីឡាករ ផាន់ គ្រាន់ បាន​ត្រឹម​ស្មើ​។​



​ក្រោយ​ឆ្លង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​៥​ទឹក​ពេញ ចៅក្រម​ជនជាតិ​បារាំង បាន​កាត់ក្តី​ឲ្យ​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី ឃីម ឌី​ម៉ា ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ Vieira Brandon ដោយ​ពិន្ទុ ដើម្បី​គ្រង​ខ្សែក្រវាត់​ប្រចាំ​ព្រឹត្តិការណ៍ Rahu Fight ដែល​រៀបចំ​នៅ​ប្រទេស​បារាំង​។ តែ​យ៉ាងណា កីឡាករ ឃីម ឌី​ម៉ា មិនបាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​ចំពោះ​ជ័យជម្នះ​នេះ​ទេ ដោយសារ​មិន​ពេញចិត្ត​ចំពោះ​ការ​វាយ​របស់ខ្លួន ដែល​ឆាប់​ចុះ​កម្លាំង​។​



​នៅក្នុង​ទឹក​ទី​១​និង​ទី​២ កីឡាករ ឃីម ឌី​ម៉ា ធ្វើបាន​យ៉ាង​ល្អ​តាមរយៈ​ប្រើ​កែង​ចំ​គោលដៅ​ទៅលើ​ផ្ទៃមុខ​កីឡាករ Vieira Brandon ដែល​ព្យាយាម​ដើរចូល​ជាមួយ​ការប្រើ​កណ្តាប់ដៃ​និង​ជើង​ស្រាលៗ​។ ឌី​ម៉ា បន្តធ្វើ​បាន​យ៉ាង​ល្អ​តាំងពីដើម​ទឹក​រហូតដល់​ពាក់កណ្តាល​ទឹក​ទី​៣ តែដោយសារ​ការ​សម្រុក​ពី​កីឡាករ​ម្ចាស់ផ្ទះ​បានធ្វើ​ឲ្យ ឌី​ម៉ា ធ្លាក់​កម្លាំង​យ៉ាងខ្លាំង​នៅ​ចុង​ទឹក​ទី​៣ ក្រោយ​រង​កណ្តាប់ដៃ​និង​ចូល​ឱប​ឡើង​ជង្គង់​របស់ Vieira Brandon​។​

​ទោះបី​យ៉ាងនេះ​ក្តី ឌី​ម៉ា បាន​គ្រប់គ្រង​ស្ថានការណ៍​យ៉ាង​ល្អ​នៅ​ដើម​ទឹក​ទី​៤ ជាមួយ​ការប្រើ​កែង​នៅលើ​កីឡាករ​ម្ចាស់ផ្ទះ ដែល​បន្ត​ព្យាយាម​ចូល​ប្រើ​កណ្តាប់ដៃ​មកលើ​ផ្ទៃមុខ​ខ្លួន ដែល​គ្មាន​ឃុំ​បាំង​។ តែ​យ៉ាងណា ឌី​ម៉ា នៅតែ​ព្យាយាម​ប្រើ​កែង និង​ប្រឹង​ទប់​ពី​ការបុក​របស់​កីឡាករ​ម្ចាស់ផ្ទះ​រូបនេះ​។ ក្រោយ​ការ​ឲ្យ​ទឹក នៅ​ទឹក​ទី​៥ ឌី​ម៉ា ហាក់​មាន​កម្លាំង​ឡើងវិញ​បន្តិច រូបគេ​ប្រើ​កណ្តាប់ដៃ កែង និង​ជើង​ពេញ​ទៅលើ​គូប្រកួត​។ ប៉ុន្តែ​កីឡាករ​ម្ចាស់ផ្ទះ​រូបនេះ​ហាក់​មិន​ថមថយ​កម្លាំង​បន្តិច​សោះ ដោយ​បន្ត​ដើរចូល និង​ព្យាយាម​ប្រើ​កណ្តាប់ដៃ​ដដែល​។ ឌី​ម៉ា បាន​បន្តធ្វើ​បែបនេះ​រហូត​ចប់​ទឹក​ទី​៥ រហូត​ចៅក្រម​សម្រេច​ឲ្យ​រូបគេ​ឈ្នះ​ពិន្ទុ​កីឡាករ​បារាំង​។

​សម្រាប់​ការប្រកួត​នៅលើ​ទឹកដី​បារាំង​នេះដែរ កម្ពុជា​បាន​បញ្ជូន​កីឡាករ​៤​រូប​ឲ្យ​ចូលរួម ជា​លទ្ធផល​កីឡាករ ម៉ឺន សុភា បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ Babovin Guillaume ដោយ​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​ទឹក​នា​ជំនួប​មិត្តភាព​អន្តរជាតិ​។ រីឯ​កីឡាករ ឡៅ ចន្ទ្រា បាន​យកឈ្នះ​កីឡាករ Kassem Yanis ដោយ​ពិន្ទុ​ដូចគ្នា​។ ចំណែក​កីឡាករ ផាន់ គ្រាន់ ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ទឹក ត្រូវបាន​ចៅក្រម​កាត់ក្តី​ឲ្យ​ស្មើ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ Monteiro Jeremy៕   




Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឃីម ឌី​ម៉ា​
  បារាំង​
  Rahu Fight
© រក្សាសិទ្ធិដោយ thmeythmey.com