ជាតិ
សង្គមជាតិ
សព​អ្នក​ម្នាង អ៊ុក ផល្លា នឹង​បូជា​នៅ​ថ្ងៃទី​២០ មិថុនា នៅមុខ​វត្ត​បទុម​វ​ត្តី
18, Jun 2018 , 4:16 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សព​របស់​អ្នក​ម្នាង អ៊ុក ផល្លា នឹងត្រូវ​បូជា​នៅ​ថ្ងៃ​ពុធ ទី​២០ ខែមិថុនា ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។ បើទោះជា​ការបូជា​សព ត្រូវបាន​កំណត់​រួច​យ៉ាងណាក្ដី តែ​គណៈកម្មការ​រៀបចំ​បុណ្យសព​របស់​អ្នក​ម្នាង ក៏ដូចជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស នៅ​មិនទាន់​សម្រេច​ទេ​ថា និង​ទូល​ដំណឹង​មរណភាព​នេះ ទៅ​សម្ដេចក្រុមព្រះ ដែលជាស្វាមី មុនពេល​បូជា ឬ​យ៉ាងណា​។



​សព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ដែល​កំពុង​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី នឹងត្រូវ​បូជា​តាម​ទំនៀម​ទំលាប់​នៅ​ថ្ងៃទី​២០ ខែមិថុនា នៅ​សួន​មុខ​វត្ត​នេះ​តែម្ដង​។ ពិធី​បូជាសព មិនទាន់​ដឹង​នៅឡើយ​ទេ​ថា នឹងមាន​ឥស្សរជន​ណា នឹង​មក​ថ្វាយ​ព្រះ​ភ្លើង​។ មិនតែប៉ុណ្ណោះ សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​នៅ​មិនទាន់​សម្រេចចិត្តថា​នឹង​ទូល​ទៅ​សម្ដេចក្រុមព្រះ ពី​ដំណឹង​មរណភាព​របស់​អ្នក​ម្នាង​ឲ្យ​បាន​មុនពេល​បូជា​នៅឡើយ​។ ការ​មិនទាន់​សម្រេចចិត្ត ក៏​ដោយសារតែ​សមាជិក​គណបក្ស​រាជានិយម​មួយ​នេះ បារម្ភ​ពី​សុខភាព​របស់​ទ្រង់ ចំពោះ​ដំណឹង​ដ៏​សែន​រន្ធត់​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​


សម្តេច គង់ សំអុល គោរពវិញ្ញាណក្ខន្ធអ្នកម្នាង អ៊ុក ផល្លា  

​គេ សង្កេតឃើញ​ភាគច្រើន​គឺ​សមាជិក​-​សមាជិការ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​វត្តមាន​ក្នុង​ពិធី​រៀបចំ​តម្កល់សព​របស់​អ្នក​ម្នាង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​នេះ​។ រហូតដល់​ម៉ោង​ប្រមាណ​ជិត​១១​ព្រឹក វត្តមាន​របស់​សម្ដេច គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ក៏បាន​ទៅដល់​ទី​តម្កល់សព ដោយបាន​ផ្ដល់​ថវិកា និង​ទទួលយក​សំណើ​នៃ​ការរៀបចំ​កម្មវិធី​បុណ្យ​ពី​លោក យូ ហុកគ្រី យកទៅ​ពិចារណា​។ ចំពោះ​សំណើ​អ្វីខ្លះ​នោះ អនុប្រធាន​គណបក្ស​រូបនេះ មិនបាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ឡើយ​។​

​រាល់​ការចំណាយ​នៃ​ពិធីបុណ្យ​នេះ ត្រូវ​រ៉ាប់រង​ដោយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះបរមរាជវាំង និង​គណៈកម្មការ​បុណ្យជាតិ និង​អន្តរជាតិ​។ ចំពោះ​មូលហេតុ​ដែល​ជ្រើសរើស​តម្កល់សព​នៅក្នុង​វត្ត​បទុម​វ​ត្តី​នេះ ដោយហេតុតែ​ព្រះ​ដំណាក់​របស់​សម្ដេចក្រុមព្រះ​តូច មិនអាច​ទទួលភ្ញៀវ​បាន​ច្រើន ទើប​គណៈកម្មកា​បុណ្យ​សម្រេច​តម្កល់​នៅទីនេះ​។ ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ព្រះរាជវាំង ពិធី​គោរព​វិញ្ញាណក្ខន្ធ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ស្អែក​នេះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក យូ ហុកគ្រី​។



​សូមបញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​ក្នុង​វ័យ​៣៩​ឆ្នាំ បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ហើយ​បច្ចុប្បន្ន​សម្ដេចក្រុមព្រះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​៕






សម្តេច គង់ សំអុល និងលោក យូ ហុកគ្រី ឈរនិយាយគ្នា ពេលទៅគោរពវិញ្ញាណក្ខន្ធអ្នកម្នាង អ៊ុក ផល្លា








Tag:
 អ្នក​ម្នាង​អ៊ុក​ផល្លា​
 ​សម្ដេចក្រុមព្រះ​
 ​គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com