ជាតិ
​បើ​អ្នកព័ត៌មាន​សរសេរនិងផ្សាយ​ដោយ​គ្មាន​វិជ្ជាជីវៈ ស្ត្រី​រងគ្រោះ​នឹង​កាន់តែ​រងគ្រោះ​
18, Jun 2018 , 5:16 pm        
រូបភាព
​អ្នកសារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​លើ​ស្ត្រី​។ អត្ថបទ​ព័ត៌មាន​អាចរួមចំណែក​ក្នុងការ​ទប់ស្កាត់​អំពើហិង្សា ប៉ុន្តែ​ប្រសិនបើ​ការផ្សព្វផ្សាយ​មិន​គោរព​ទៅតាម​គោលការណ៍​វិជ្ជាជីវៈ​ទេនោះ ស្ត្រី​រងគ្រោះ​នឹង​កាន់តែ​រងគ្រោះ​បន្ថែមទៀត​។​



​ការផ្សព្វផ្សាយ​រូបភាព ឬ​វីដេអូ ដែល​មិន​គោរព​ឯកជន​ភាព សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ដែលជា​ជនរងគ្រោះ គឺជា​បញ្ហា​ដែល​កំពុង​ចោទឡើង​ក្នុង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការនារី ក្រោម​កិច្ចសហការ​ជាមួយ​ក្លឹប​អ្នកកាសែត​កម្ពុជា និង​អង្គការ ActionAid Cambodia បានរៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ស្វែងរក​គន្លឹះ​ដោះស្រាយ​បញ្ហា​នេះ​។​

​សិក្ខាសាលា​ស្តីពី «​ការពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហិង្សា​លើ​ស្ត្រី​» ដែល​ត្រូវបាន​រៀបចំឡើង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ជា​វេទិកា​សម្រាប់​អ្នកសារព័ត៌មាន និង​អ្នកជំនាញ រួមគ្នា​ការពារ​កិត្តិយស​ស្ត្រី​ដែល​ជនរងគ្រោះ​ពី​អំពើហិង្សា​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​។​

«​សូមកុំ​ឲ្យ​ស្ត្រី​ក្លាយជា​អ្នករងគ្រោះ​បន្ថែម តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ការបង្ហាញ​នូវ​អត្តសញ្ញាណ​ច្បាស់ៗ​។ ទង្វើ​នេះ​ប៉ះពាល់​ដល់​ដល់​ជនរងគ្រោះ​យ៉ាងខ្លាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​កាសែត​កម្ពុជា​។​


 
​លោក ប៉ែន បូ​ណា ដែលមាន​បទពិសោធន៍​ក្នុង​វិស័យ​សារព័ត៌មាន​ជិត​២០​ឆ្នាំ បាន​ណែនាំ​ថា​៖ «​អ្នកសារព័ត៌មាន​គួរ​រាយការណ៍​ករណី​អំពើហិង្សា​លើ​ស្ត្រី ដោយ​រក្សា​នៅ​តម្លៃ​ស្រី្ត កុំ​ឲ្យ​ពួកគាត់​ក្លាយជា​ជនរងគ្រោះ​លើក​ទី​ពីរ ដោយសារតែ​ការរាយការណ៍​របស់​ខ្លូន​»​។

​នា​សិក្ខាសាលា​នោះ​ផងដែរ លោក ហុង រស្មី ប្រធាន​កម្មវិធី អង្គការ ActionAid Cambodia បានស្នើ​ឡើង​ថា ការរាយការណ៍​ពី​អំពើហិង្សា​លើ​ស្ត្រី គួរ​បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់ ពោលគឺ​កម្រិត​ទោស​របស់​បុគ្គល​ដែល​ប្រព្រឹត្ត​។ អ្នកជំនាញ​អប់រំ​រូបនេះ បាន​លើកឡើងថា​៖ «​អ្នកសារព័ត៌មាន មិនគួរ​សួរដេញដោល ឬ​ដាក់បន្ទុក ដូចជា មកពី​ស្ត្រី ស្លៀកពាក់​ខ្លី សិច​ស៊ី ដើរលេង​យប់​ជាដើម ទៅដល់​ស្រី្ត​ដែលជា​ជនរងគ្រោះ​នោះឡើយ​»​។​

​ត្រង់ចំណុច​នេះ លោកស្រី ចាន់ សុធាវី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក្រសួង​កិច្ចការនារី  បាន​បន្ថែមថា​៖ «​មិន​ថា​ស្ត្រី​បានធ្វើ​ខុស​ប្រពៃណី​យ៉ាងណាក៏ដោយ ស្ត្រី​ដែល​ជនរងគ្រោះ មាន​សិទ្ធិ​ទទួលបាន​នូវ​ការគោរព និង​ការរក្សា​តម្លៃ​ពី​អ្នកសារព័ត៌មាន​»​។



​លោកស្រី ក៏បាន​ជំរុញ​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ​ដើម្បី​ធ្វើការ​រាយការណ៍​ព័ត៌មាន​ទៅដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបទ​របស់​ពួកគាត់ និង​ដើម្បី​ការកែប្រែ​ភាពអវិជ្ជមាន​របស់​ស​ង្គ​ម​។​

​នាឱកាស​នោះដែរ លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី បានធ្វើ​សេចក្ដី​ក្រម​ប្រតិបត្តិ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន ទូរទស្សន៍ វិទ្យុ និង​កាសែត ផ្សព្វផ្សាយ សរសេរ និង​រាយការណ៍ ទៅ​សាធារណជន ដោយ​ការប្រើ​ភាសា​ដែល​បង្ហាញ​នូវ​ការ​គោរ​រព​ដល់​ស្ដ្រី មិន​លេប​ខាយ​ពាក្យសំដី​លើ​ករណី​ហិង្សា និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ដ្រី​៕


Tag:
 ហិង្សា​
  កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com