ក្រុមហ៊ុនលក់រថយន្តមួយនៅអង់គ្លេស បានបើកការប្រកួតប្រជែងលើបណ្តាញសង្គម ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋអង់គ្លេសឈ្នះរង្វាន់រៀងរាល់ពេលដែលក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេសស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត FIFA World Cup 2018 នៅរុស្ស៊ី ដោយចាប់ផ្តើមពីជំនួបក្នុងពូល G ជាមួយទុយនីស៊ី។
«They score, you score» គឺជាកម្មវិធីប្រកួតប្រជែងដណ្តើមរង្វាន់រថយន្តរបស់ក្រុមហ៊ុនលក់រថយន្ត Auto Trader នៅអង់គ្លេស។ តាមរយៈការដាក់ Hashtag #AutoTraderGoals នៅលើហ្វេសប៊ុក, Twitter និង Instagram ភ្លាមៗ ក្រោយពេលអង់គ្លេសស៊ុតបាល់បញ្ចូលទី អ្នកចូលរួមមានឱកាសឈ្នះរង្វាន់រថយន្តថ្មីសន្លាង។
លោក Jonh Barnes អតីតកីឡាករឆ្នើមមួយរូបរបស់អង់គ្លេស និងជាទូតសម្រាប់ #AutoTraderGoals បានលើកឡើងថា៖ «វាពិតជាពិបាកព័ណ៌នាអារម្មណ៍ខ្លាំងណាស់នៅពេលក្រុមស៊ុតបាល់បញ្ចូលទីក្នុង World Cup ហើយការឈ្នះរង្វាន់រថយន្តថ្មីសន្លាង ក៏កាន់តែរំភើបខ្លាំងបន្ថែមទៀត»។
លោកមានជំនឿថា អង់គ្លេសនឹងស៊ុតបាល់បញ្ចូលទីបានច្រើនគ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup នេះដើម្បីបង្ហាញពីភាពខ្លាំងរបស់យុវជនជំនាន់ក្រោយ ហើយក្រុមហ៊ុន Auto Trader នឹងមមាញឹកផ្តល់រង្វាន់រថយន្តក្នុងចំនួនដ៏ច្រើនដើម្បីទុកជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានផងដែរ។