ជាតិ
បក្ស​ហ៊្វុនស៊ិនប៉ិច ស្នើ​ឲ្យ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្ដេចក្រុមព្រះ​ទាំង​៣​លើក​
18, Jun 2018 , 6:05 pm        
រូបភាព
លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
ដោយ:
​ភ្នំពេញ​៖ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ លើ​សម្ដេចក្រុមព្រះ នៅក្នុង​ក្បូន​ចំនួន​៣​ដង​មកហើយ​។ ដោយ​ករណី​ទី​១ នៅ​ឆ្នាំ​២០១៥ ដែល​បង្ក​ឲ្យ​សម្ដេច និង​អ្នក​ម្នាង​រងរបួស​ធ្ងន់ ករណី​ទី​២​នៅ​ឆ្នាំ​២០១៧ មាន​គ្រោះ​ថ្នាក់លើ​ក្បួន​រថយន្ត​សម្ដេចក្រុមព្រះ តែ​មិន​ប៉ះ​លើ​រថយន្ត​សម្ដេចក្រុមព្រះ​ឡើយ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ក៏បាន​ប៉ះ​ជាមួយ​រថយន្ត​សម្ដេចក្រុមព្រះ​ជា​លើក​ទី​៣​។​



​សូម​ស្ដាប់​ប្រសាសន៍​របស់លោក យូ ហុកគ្រី ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទី​កម្ក​ល់​សព​អ្នក​ម្នាង អ៊ុក ផល្លា ក្នុង​វត្ត​បទុម​វ​ត្តី​ដូចតទៅ​៖



ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​កើតឡើង​ចំនួន​៣​លើក​មកហើយ រាប់​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨​នេះ​។ គ្រោះថ្នាក់​ទាំង​៣​ករណីនេះ មាន​២​ករណី​ដែល​រថយន្ត​បង្ក ជិះ​ចូលមក​បុក​ចំ​ពីមុខ​រថយន្ត​របស់​ស​ម្ដេច​ក្រុមព្រះ ដែលមាន​ក្បួន​រថយន្ត​ដង្ហែ​ជាច្រើន​គ្រឿង​នៅ​ពីមុខ ថែមទាំង​មាន​រថយន្ត​សឺ​រ៉ែ​ន​បើកផ្លូវ​ផង​នោះ​។ 

​ចំណែក​មួយ​ករណី​ទៀត​គឺ​កើតឡើង​នៅ​ខេត្តកំពត នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ដោយ​រថយន្ត​ដឹក​ដី ជិះ​កាត់​ក្បួន​រថយន្ត​សម្ដេចក្រុមព្រះ និង​បាន​ប៉ះ​ជាមួយ​រថយន្ត លោក ឆឹង ចំរើន ដែល​កាលនោះ​លោក​ជា អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​សម្ដេច និង​អ្នក​ម្នាង​ឡើយ​។​

​ក្បួន​រថយន្ត​របស់​ស​ម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នេះ សុទ្ធតែ​កើតឡើង​បន្ទាប់ពី​ព្រះអង្គ​ត្រឡប់​មកពី​ជួប​សំណេះសំណាល សមាជិក​សមាជិការ​នៃ​គណបក្ស​របស់​ទ្រង់​ទាំង​៣​ករណី​។ ករណី​ទី​១ កើតឡើង​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ ក្នុង​ខេត្តកំពង់ចាម បាន​បង្ក​ឲ្យ​សម្ដេចក្រុមព្រះ រងរបួស​ស្រាល និង​អ្នក​ម្នាង អ៊ុក ផល្លា របួសធ្ងន់​។ ករណី​ទី​៣ ដែល​ទើប​កើតឡើង​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានកើត​ឡើង​ដោយសារ​រថយន្ត​តាក់ស៊ី​បុក​ចំ​មុខ​រថយន្ត​របស់​សម្ដេច ទាំង​មាន​ក្បួន​រួម​ដំណើរ​បើកផ្លូវ​នៅខាងមុខ​។ តែ​លើក​នេះ​សម្ដេច​មិនមាន​សំណាង​ដូច​មុន​ឡើយ ដោយ​ព្រះអង្គ​បាន​បាត់បង់​ភរិយា ដែល​តែងតែ​រួម​ដំណើរ​ជាមួយ​ព្រះអង្គ​គ្រប់​ទីកន្លែង​មិនដែល​ខាន​។​

​ដោយ​ភាព​ចៃដន្យ​ច្រើនលើក​បែបនេះហើយ បានជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​លោក យូ ហុកគ្រី ស្នើ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​លើ​ករណី​គ្រោះថ្នាក់​របស់​សម្ដេចក្រុមព្រះ​នេះ​។​


Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​សម្ដេចក្រុមព្រះ​
 ​អ្នក​ម្នាង​អ៊ុក​ផល្លា​
 ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com