កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ជឿថា​អាល្លឺម៉ង់ ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន​នៅតែ​ខ្លាំង ទោះ​មិនល្អ​ពេល​បើ​ក​ឆាក​
19, Jun 2018 , 7:59 am        
រូបភាព
​លោក Jose Mourinho មាន​អារម្មណ៍​ភ្ញាក់​ផ្អើ​យ៉ាងខ្លាំង​សម្រាប់​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨ ក្រោយពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​មិនអាច​រក​ជ័យជម្នះ​ក្នុងការ​ប្រកួត​បើកឆាក​។ ប៉ុន្តែ​យ៉ាងណា​អ្នកចាត់ការ​ក្រុម Manchester United រំពឹងថា​ពួកគេ​នៅតែ​អាច​បង្ហាញ​ភាពខ្លាំង ទោះ​ចាប់ផ្តើម​មិនសូវ​ល្អ​ក៏ដោយ​។​



​ក្រុម​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់​បាន​រង​បរាជ័យ ១-០ ក្រោម​ថ្វៃ​ជើង​ក្រុម​ម៉ិ​ក​ស៊ិ​ក​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល F ខណៈដែល​ប្រេ​ស៊ី​ល​ទទួលបាន​ត្រឹម​ស្មើ ១-១ ជាមួយ​ស្វី​ស​ក្នុង​ពូ​ល E មុន​ការប្រកួត​ដែល​អា​ហ្ស​ង់​ទីន​ជា​ក្រុម​រងជើង​ឯកកាល​ពី​ឆ្នាំ​២០១៤ បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ទើប​ស្គាល់​ជាតិ World Cup លើកដំបូង​អ៊ី​ស្លង់​ក្នុង​លទ្ធផល ១-១ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ដូច្នេះ​ថា អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ ដែល​កំពុង​ធ្វើជា​អ្នកវិភាគ​ឲ្យ​ទូរទស្សន៍ RT សម្រាប់​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី បានបង្ហាញ​ការរីករាយ​ចំពោះ​លទ្ធផល​នេះ ប៉ុន្តែ​នៅតែ​មើលឃើញថា​ក្រុម​កំពូល​ទាំងនេះ​នៅតែ​ឆ្លង​ផុត​ទៅ​វគ្គ​ចែក​ពួ​ល​បាន​។​



«​ពួកគេ​នៅតែមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងនាម​ក្រុម​ល្អ​បំផុត​ដើម្បី​ឈរ​នៅ​កំពូល​តារាង ហើយ​ឈានទៅ​វគ្គ​បន្ត​។ ខ្ញុំ​គិតថា​កីឡាករ​ទាំងនោះ​ដឹងថា​តើ​ពួកគេ​ល្អ​ប៉ុណ្ណា​ហើយ​។ ពួកគេ​ទាំងអស់គ្នា​ដឹងថា​ពួកគេ​នឹងធ្វើ​បានល្អ​នៅ​ការប្រកួត​ក្រោយៗ​»​។​

​អាល្លឺម៉ង់ ត្រូវការ​ឈ្នះ​ដាច់ខាត​ពេល​ជួប​ស៊ុយអែត​សម្រាប់​ការប្រកួត​វគ្គ​ទី​២​ពូ​ល F នៅ​ថ្ងៃទី​២៤ ខែមិថុនា ហើយ​សាំ​បា​ប្រេ​ស៊ី​ល​ត្រូវ​បង្ហាញ​ភាពខ្លាំង​ឡើងវិញ​ក្នុងជំនួប​ជាមួយ​កូ​ស្តា​រី​កា​ក្នុង​ពូ​ល E នៅ​ថ្ងៃទី​២២ (​ម៉ោង​៧​យប់​) ខណៈដែល​អា​ហ្ស​ង់​ទីន​ក៏ត្រូវ​រក​ជ័យ​ម្នះ​ជា​ចាំបាច់​ក្នុងការ​ជួបគ្នា​ជាមួយ​ក្រុម​កំពុង​នាំមុខ​ក្នុង​ពូ​ល D ក្រូ​អាស៊ី នៅ​ថ្ងៃទី​២២ ខែមិថុនា វេលា​ម៉ោង ១​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​)៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  FIFA World Cup
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com