ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលនឹងដាក់ចេញវិធានការដោះស្រាយបញ្ហាតម្លៃប្រេងនៅចុងខែមិថុនានេះ
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលនឹងចេញគោលការណ៍ដោះស្រាយបញ្ហាការឡើងថ្លៃប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់អ្នកប្រើប្រាស់ក្នុងស្រុក។ សម្ដេចបានថ្លែងដូចនេះនៅក្នុងពិធីប្រកាសគោរម្យងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ខែមិថុនានេះ។
«នៅថ្ងៃទី២៨ខាងមុខនេះ ខ្ញុំនឹងប្រកាសចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងបញ្ហាថ្លៃប្រេងក្នុងទីផ្សារក្នុងស្រុករបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលផ្ដើមចេញពីការឡើងថ្លៃប្រេងដោយសារការមិនបង្កើនការផលិតប្រេងរបស់អង្គការ OPEC »។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី។
តាមរយៈការប្រកាសរបស់សម្ដេច ហ៊ុន សែន ដូចខាងលើនេះ រដ្ឋាភិបាលទំនងជានឹងមានយន្តការថ្មីបន្ថែមលើយន្តការសព្វថ្ងៃ ដើម្បីឆ្លើយតបចំពោះឥទ្ធិពលនៃការឡើងថ្លៃប្រេងនាពេលបច្ចុប្បន្ននេះ។ សព្វថ្ងៃការលក់ប្រេងឥន្ធនៈនៅលើទីផ្សារលក់រាយនៅកម្ពុជា ត្រូវឆ្លងកាត់ការគណនាតាមរូបមន្តរបស់រដ្ឋាភិបាល ដែលនេះជាការអន្តរាគមន៍មួយរបស់រដ្ឋាភិបាលដែលមិនអនុញ្ញាតឲ្យវិស័យឯកជនដាក់លក់តម្លៃប្រេងតាមចិត្ត។
ថ្លៃប្រេងឥន្ធនៈលក់រាយនៅទីផ្សារកម្ពុជាបានឡើងដល់ជាង ៤០០០រៀលក្នុងមួយលីត្រ។ កម្ពុជា ក៏ដូចបណ្ដាប្រទេសដទៃទៀតដែរ បានរងឥទ្ធិពលពីការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ប្រជាពលរដ្ឋបានត្អូញត្អែរពីបញ្ហានេះ និងស្នើឲ្យរដ្ឋាភិបាលជួយទប់ទល់ការឡើងថ្លៃប្រេង។ ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានអះអាងថាស្ថាប័នខ្លួនមិនបានព្រងើយកន្តើយឡើយចំពោះបញ្ហានេះ ដោយព្យាយាមប្រជុំជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីរកដំណោះស្រាយមួយសមស្រប។ ជុំវិញបញ្ហានេះដែរ អ្នកជំនាញសេដ្ឋកិច្ចខ្លះបានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលបង់ខាតលើផ្នែកខ្លះ ដើម្បីជួយសង្គ្រោះផលប៉ះពាល់ពីតម្លៃប្រេងឡើងថ្លៃនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com