ជាតិ
អ្នកកាសែត​អាស៊ាន​ជាង​២០​នាក់​ទៅ​ស្វែងយល់​ពី​ការវិវត្ត​វិស័យ​ទេសចរណ៍​នៅ​ថៃ និង​ឡាវ​
19, Jun 2018 , 3:47 pm        
រូបភាព
​បាងកក​៖ អ្នកកាសែត​ក្នុង​តំបន់​អាស៊ាន​ជាង​២០​នាក់ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​- ឡាវ ដើម្បី​ស្វែងយល់​ពី​ការវិវត្ត​នៃ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​សហព័ន្ធ​អ្នកកាសែត​ថៃ និង​សមាគម​អ្នកកាសែត​ឡាវ​។​



​លោក Thepchai Yong ប្រធាន​សហព័ន្ធ​អ្នកកាសែត​អាស៊ាន បាន​និយាយថា មូល​ហេតុដែល​ប្រទេស​ថៃ​-​ឡាវ រៀបចំ​កម្មវិធី​រួមគ្នា​នេះ ដោយសារ​ប្រទេស​ទាំងពីរ មាន​គោលបំណង​តែមួយ​ក្នុងការ​លើ​កម្ពស់​វិស័យ​ទេសចរណ៍ ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត នៅ​តំបន់​អាស៊ាន និង​ទៅកាន់​បណ្ដា​ប្រទេស​ដទៃ​ក្នុង​ពិភពលោក ។


លោក Thepchai Yong ប្រធានសហព័ន្ធអ្នកកាសែតអាស៊ាន

«​ប្រទេស​ទាំងពីរ មាន​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​អស្ចារ្យ​ផ្ទាល់ខ្លួន ហើយ​ប្រជាជន​យើង​មាន​ភាព​រាក់ទាក់ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។ វា​ច្បាស់​ណាស់​ថា ប្រទេស​យើង​ទាំងពីរ​ក៏​ជា​តំបន់​ទេសចរណ៍​ល្បី​នៅក្នុង​ពិភពលោក​ផងដែរ ក្នុងការ​ទាក់ទាញ និង​រង់ចាំ​ភ្ញៀវទេសចរ​មក​ទស្សនា និង​សម្រាក​កម្សាន្ត​។ ហើយ​ខ្ញុំ​ច្បាស់​ថា នៅពេលដែល​អ្នក​មក​ក​ម្សា​ន្ត​នៅ​ប្រទេស​ថៃ និង​ឡាវ អ្នកនឹង​មានការ​ចង​ចាំ​មួយ​ដែល​មិនអាច​បំភ្លេចបាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Thepchai Yong ។​

​បន្ថែម​ពីនេះ​លោក Weerasak kowsurat រដ្ឋមន្ត្រី​ទេសចរ និង​អប់រំ​ថៃ បាន​សង្កត់​ថា អាជ្ញាធរ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្សព្វផ្សាយ​តំបន់​ទេសចរ​ជាច្រើន ដូចជា​សហគមន៍​ទេសច​រ​វប្បធម៌ , ទេសចរ​សេដ្ឋកិច្ច​និង​បរិស្ថាន ដែល​រួមទាំង​ឧស្សាហកម្ម​ទេសចរ ដែល​បាន​ជំរុញ​ដល់​កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។ រដ្ឋមន្ត្រី​ទេសចរ និង​អប់រំ​ថៃ បានបញ្ជាក់​ដូច្នេះ​ថា ៖«​យើង​ក៏បាន​លើកកម្ពស់​ដល់​គំនិត​បង្កើត​ទេសចរណ៍ និង​ការអភិរក្ស​ទេសចរណ៍​ផងដែរ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការ​ទ្រទ្រង់​ការអភិវឌ្ឍ​ប្រទេស​។ វា​ជា​គោលនយោបាយ​មួយ​។ ហើយ​យើង​ក៏​សង្ឃឹមថា ចំណូល​ពី​ឧស្សាហកម្ម​ទេសចរណ៍ នឹង​អាច​ចាក់​បញ្ចូល​ទៅក្នុង​គ្រប់​វិស័យ​នៅក្នុង​សង្គម​ថៃ រហូតដល់​សហគម​តាម​តំបន់​ទៀតផង​»​។​


លោក Weerasak kowsurat រដ្ឋមន្រ្តីទេសចរ និងអប់រំថៃ

​ដំណើរ​ទស្សនកិច្ច​ប្រទេស​ថៃ​-​ឡាវ របស់​អ្នកកាសែត​តំបន់​អាស៊ាន​នេះ មាន​រយៈពេល​១០​ថ្ងៃ ។ ដំណើរ​ទស្សនកិច្ច​នេះ រៀបចំឡើង​ដោយ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​អ្នកកាសែត​ថៃ និង​សមាគម​អ្នកកាសែត​ឡាវ​។​

អត្ថបទទាក់ទង


​គួរ​បញ្ជាក់ថា មកដល់ពេលនេះ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន មាន​សមាជិក​អ្នកកាសែត​ក្នុង​តំបន់​ចំនួន​៨​ប្រទេស ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា ទើបតែ​ចូល​ជា​សមាជិក​កាលពី​ខែមករា ឆ្នាំ​២០១៨​កន្លងមក​។​ចំណែក​ប្រទេស​២​ទៀត គឺ​មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ មិនទាន់​សម្រេចចិត្ត​ចូល​ជា​សមាជិក​នៅឡើយ​ទេ​។ បើតាម​ប្រធាន​សហព័ន្ធ​អ្នកកាសែត​អាស៊ាន លោក Thepchai Yong សហព័ន្ធ​នឹង​ព្យាយាម​ទាញ​ប្រទេស​ទាំងពីរ​ឲ្យ​ចូល​ជា​សមាជិក​នាពេល​អនាគត ព្រោះ​អាស៊ាន​មិនអាច​ខ្វះ​ប្រទេស​ណាមួយ​ឡើយ​៕




Tag:
 CAJ
  CTJ
  LJA
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com