អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ Zaman ចុះ​កិច្ចព្រមព្រៀង​ជាមួយ RMIT Training ដើម្បី​ផ្តល់​សេវា​អប់រំ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ដល់​និស្សិត​បរទេស​
19, Jun 2018 , 4:11 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ សាកលវិទ្យាល័យ ហ្សា​ម៉ាន់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង RMIT Training ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​អប់រំ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ដល់​និស្សិត​បរទេស ហើយ​ជា​ក្រុមហ៊ុន​ស្ថិតក្រោម​កម្មសិទ្ធិ​របស់​សាកលវិទ្យាល័យ RMIT នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ត្រូវបាន RMIT Training ជ្រើសរើស​ជា​ដៃគូ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ទទួល​សិទ្ធិ​បណ្ដុះបណ្ដាល កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន របស់ RMIT (RMIT Foundation Studies) ដល់​សិស្ស​និស្សិត​។

​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន RMIT (RMIT Foundation Studies) គឺជា​កម្មវិធី​តម្រង់ទិស សម្រាប់​និស្សិត ដែល​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ RMIT ហើយ​និស្សិត​អាច​សិក្សា​រយៈពេល​មួយឆ្នាំ នៅ​សាកលវិទ្យាល័យ ហ្សា​ម៉ាន់ មុននឹង​បន្ត​ការសិក្សា​បី​ឆ្នាំ បន្ថែមទៀត​នៅ​សាកលវិទ្យាល័យ RMIT ប្រទេស​អូស្ត្រាលី ដើម្បី​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​។

​តាមរយៈ​កិច្ចសហប្រតិបត្តិការ រវាង​គ្រឹះស្ថាន​អប់រំ​ទាំងពីរ និស្សិត​ដែល​ជ្រើសរើស​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន RMIT នៅ​សាកលវិទ្យាល័យ ហ្សា​ម៉ាន់ នឹង​អាច​កាត់បន្ថយ​ការចំណាយ​យ៉ាងច្រើន ពោលគឺ​បង់ថ្លៃ​សិក្សា​ប្រហែល​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ​នៃ​កម្មវិធីសិក្សា​ដូចគ្នា នៅក្នុង​ប្រទេស​អូស្ត្រាលី​។ និស្សិត ក៏​មិនចាំបាច់ ចំណាយ​លើ​ថ្លៃ​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី សម្រាប់​ឆ្នាំ​ដំបូង​ផងដែរ​។

​ចាប់ពី​ឆ្នាំ​សិក្សា​២០១៨-២០១៩ នេះ​តទៅ និស្សិត​ដែលមាន​បំណង​សិក្សា​នៅ​សាកលវិទ្យាល័យ RMIT អាច​ជ្រើសរើស​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន RMIT (RMIT Foundation Studies) សម្រាប់​បរិញ្ញាបត្រ​ពាណិជ្ជកម្ម លើ​ជំនាញ​ផ្សេងៗ​ដូចជា គណនេយ្យ គ្រប់គ្រង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ភ័ស្តុភារ ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ធុរកិច្ច ពាណិជ្ជកម្ម​អន្តរជាតិ និង​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អ្នកស្រី Rachel Holthouse នាយក​ប្រតិបត្តិ RMIT Training បាន​ឲ្យ​ដឹងថា សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និង RMIT Training អាច​ក្លាយជា​ដៃគូ​នឹង​គ្នា​បាន អាស្រ័យ​ដោយ​គ្រឹះស្ថាន​អប់រំ​ទាំងពីរ មាន​ទស្សនវិស័យ​តែមួយ ក្នុង​ការផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព ដែល​បណ្តុះបណ្តាល​និស្សិត នូវ​ជំនាញ​ដែល​អាច​ឲ្យ​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ទីផ្សារការងារ​បច្ចុប្បន្ន និង​នាពេល​អនាគត​។

​នៅក្នុង​ឱកាស​នេះ លោក បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​នៃ​សា​លក​វិទ្យាល័យ​ហ្សា​ម៉ាន់ ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា ការណ៍​ដែល​សាកលវិទ្យាល័យ RMIT ដែលជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី សម្រេច​ជ្រើស​យក​សាកលវិទ្យាល័យ ហ្សា​ម៉ាន់ ជា​ដៃគូ ដើម្បី​បណ្ដុះបណ្ដាល​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​របស់ខ្លួន គឺជា​សក្ខីកម្ម​មួយ ដែល​បញ្ជាក់ថា ហ្សា​ម៉ាន់ ជា​សាកលវិទ្យាល័យ​មួយ ដែលមាន​គុណភាព​អប់រំ​ទទួលស្គាល់​ជា​អន្តរជាតិ​។



​គួរកត់សម្គាល់​ផងដែរ​ថា ពិធី​ចុះហត្ថលេខា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក លោក Luke Arnold អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP Education ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​។



​ក្រៅពី​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​របស់ RMIT សាកលវិទ្យាល័យ ហ្សា​ម៉ាន់ ក៏​នឹង​ផ្តល់​អាហារូបករណ៍​ជាង​៤០០​កន្លែង ដល់​សិស្សានុសិស្ស ដែល​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ​ផងដែរ​។

​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​របស់ RMIT ក៏ដូចជា​ថ្នាក់​បរិញ្ញាបត្រ​ផ្សេងៗ​នៅ​សាកលវិទ្យាល័យ ហ្សា​ម៉ាន់ នឹងមាន​ផ្សព្វផ្សាយ​តាមរយៈ​គេហទំព័រ Facebook របស់​សាកលវិទ្យាល័យ ហ្សា​ម៉ាន់ ឬ​អាច​ទំនាក់ទំនង​ផ្ទាល់ ទៅកាន់​សាកលវិទ្យាល័យ ហ្សា​ម៉ាន់ ៕






(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com