ជាតិ
បឹង​យក្ខ​ឡោម ក្លាយជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ក្រោយ​រដ្ឋាភិបាល​ចេញ​អនុ​ក្រិ​ត្យ​ការពារ​
20, Jun 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ចេញ​អនុក្រឹត្យ កំណត់​ឲ្យ​បឹង​យក្ខ​ឡោម ដែលមាន​ផ្ទៃដី​សរុប​ចំនួន ២២៥​ហិកតា ក្លាយជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ដើម្បី​រក្សា​ប្រព័ន្ធ​ជីវៈចម្រុះ និង​ដែនជម្រកសត្វព្រៃ​។ នេះ​បើតាម​អនុក្រឹត្យ ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។ សម្រាប់​ទំហំ​ផ្ទៃដី​នៅក្នុង​តំបន់​នេះ មិនបាន​រាប់បញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ឡើយ​។​



​ដើម្បី​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ ជាពិសេស​ជីវៈចម្រុះ​ដែលមាន​ដូចជា ព្រៃឈើ សត្វព្រៃ និង​ធនធានធម្មជាតិ​ជាច្រើន​ទៀត នៅ​តំបន់ «​បឹង​យក្ខ​ឡោម​» រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ កំណត់​ប្រែក្លាយ «​បឹង​យក្ខ​ឡោម​» ឲ្យ​ទៅជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​។ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាងនេះ មាន​ផ្ទៃដី​សរុប​ចំនួន ២២៥ ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​មាត្រា​២​នៃ​អនុក្រឹត្យ​បាន​បញ្ជាក់ថា អនុក្រឹត្យ​នេះ ដើម្បី​ធានា​ឲ្យ​មានការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ​, ធានា​ឲ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វព្រៃ រុក្ខជាតិ និង​ជីវៈចម្រុះ​, រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ ហើយ​និង​ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព​។

​មាត្រា​ដដែល​ក៏បាន​បន្ថែមថា តំបន់​នេះ លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុងការ​ថែរក្សា ការពារ​អភិរក្ស និង​ការប្រើប្រាស់​ធនធានធម្មជាតិ ដោយ​និរន្តរភាព​, បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់ និង​ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន​។​

​ចំពោះ​ផ្ទៃដី​ដែល​អនុក្រឹត្យ​ឲ្យ​មាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង «​បឹង​យក្ខ​ឡោម​» នេះ មិន​រួមបញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ឡើយ​។
​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង «​បឹង​យក្ខ​ឡោម​» នេះ ត្រូវបាន​កំណត់​ឲ្យ​ក្រសួងបរិស្ថាន សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​រតនគិរី និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ជា​អ្នកធានា​គាំពារ​៕


Tag:
 បឹង​យក្ខ​ឡោម​
 ​អនុ​ក្រិ​ត្យ​
 ​តំបន់​ការពារ​
 ​រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com