ពីនេះ ពីនោះ
«​ញុះ​, ញោស​, ញាស់ និង​ញោះ​» មាន​ខ្លឹមសារ​ខុសគ្នា​ដូចម្តេច​?
22, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «​ញុះ ញោស ញាស់ និង​ញោះ​» មានន័យ​ខុសគ្នា​ទាំងស្រុង​។ តើ​ពាក្យ​ទាំងនេះ​មានការ​បែងចែក​ពី​របៀប​ប្រើប្រាស់​ខុសគ្នា​ដូចម្តេច​?



​សម្តេចព្រះសង្ឃរាជ បាន​ពន្យល់ថា ពាក្យ «​ញុះ​» មានន័យថា ការនិយាយ​ចាក់រុក​នាំ​អុចអាល​ឲ្យ​គេ​ឈ្លោះ​គ្នា ឲ្យ​គេ​រឹតតែ​ខឹង ឲ្យ​រឹតតែ​ក្តៅ​ទៅៗ និង​ការនិយាយ​នាំ​រឿង​ឲ្យ​គេ​បែកបាក់​សាមគ្គី​។ «​ញុះ​» ច្រើនតែ​ប្រើ​ផ្សំ​ជាមួយ​ពាក្យ ញ​ង់ ឬ​ញយ បានន័យថា ញុះញង់ ឬ​ញុះ​ញយ គឺ​និយាយ​ឲ្យ​គេ​ទាស់ទែង​គ្នា​។ ការ​ញុះញង់ ខ្លះ​ធ្វើ​ឲ្យ​គេ​អាចឈាន​ទៅដល់​ការ​បែក​គ្នា និង​អាច​ប្រើ​អំពើហិង្សា​ផងដែរ នោះ​បើ​គេ​មិន​បានគិត និង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​។

​តាម​ការពន្យល់​របស់​សម្តេចព្រះសង្ឃរាជ​ដដែល ពាក្យ «​ញោស​» បើ​សំដៅលើ ផ្លែស្វាយ មានន័យថា ស្វាយ​ដែល​ទុំ​ជ្រុល​ហួស​ពី​ធម្មតា ដែល​គេ​ហៅថា ស្វាយ​ទុំ​ញោស​។ តែបើ​សំដៅលើ មនុស្ស​ចាស់ គឺ​ចាស់​ញោស ដែលជា​ចាស់​គ្រាំគ្រា​ទ្រែមទ្រម​ខ្លាំង​។ ជា​កិរិយាសព្ទ មានន័យថា ជ្រុល​ហួសប្រមាណ​, ហួសហេតុ​។

​សម្រាប់​ពាក្យ «​ញាស់​» ជា​កិរិយាសព្ទ សំដៅលើ សត្វ​ដែល​កើតចេញពី​ស៊ុត និយាយ​ចំពោះតែ​សត្វ​ដែលជា​អណ្ឌជៈ​។ កូន​មាន់​ទើបនឹង​ញាស់​។ ចំណែក​ពាក្យ «​ញោះ​» មានន័យថា ការ​វាយ​គោះ ដោយ​ចុង​ដំបង​,​ចុង​អន្លូង​,​ចុង​ញញួរ ជាដើម​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com