ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះរាជអាជ្ញា ហៅ​លោក សម រង្ស៊ី ទៅ​សួរ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ
20, Jun 2018 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត លោក សម រង្ស៊ី ជា​អ្នកនយោបាយ​ខ្មែរ​ទីមួយ ដែល​ក្លាយជា​ជនសង្ស័យ ក្នុង​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ឧស្សាហ៍​កាន់​សំណុំរឿង​អ្នកនយោបាយ បានចេញ​ដីកា​បង្គាប់​​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិតនៅក្រៅប្រទេស ឲ្យចូលមក​បំភ្លឺ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​។



ព្រះរាជអាជ្ញា បានប្រាប់លោក សម រង្ស៊ី យ៉ាងដូច្នេះថា៖«សាមីខ្លួន​ ត្រូវអញ្ជើញមកតាមដីកានេះ ឲ្យទាន់ពេលវេលា»។ ការចេញ​ដីកា​នេះ គឺធ្វើឡើង​បន្ទាប់ពី​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើទៅ​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ឲ្យ​ចាត់វិធានការ​លើ​លោក សម រង្ស៊ី ដែល​កំពុងតែ​ហ៊ុមព័ទ្ធ​ទៅដោយ​បណ្តឹង​ប្រមាណ​ជា​១០​ទៅហើយ​។

លោក សម រង្ស៊ី រង​នូវ​ចំណាត់ការ​ចុងក្រោយ​នេះ គឺ​ដោយសារតែ​លោក បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុកកាលពីកន្លងមក ដោយ​សរសេរថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ព្រះរាជសារ​ក្លែងក្លាយ​។

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ហៅ​សំណេរ​របស់លោក សម រង្ស៊ី ថា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​កិត្តិយស​របស់​ព្រះមហាក្សត្រ​។ លោក បញ្ជាក់ថា ទង្វើ​របស់លោក សម រង្ស៊ី ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​៕

អត្ថបទទាក់ទង
 

Tag:
 សម រង្ស៊ី​
  តុលាការ​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com