FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គំរូ! អ្នកគាំទ្រសេណេហ្គាល់នាំគ្នាសំអាតកីឡដ្ឋាន ក្រោយក្រុមខ្លួនឈ្នះប៉ូឡូញ
× ក្រុមអ្នកគាំទ្រជម្រើសជាតិសេណេហ្គាល់បានអបអរជ័យជម្នះរបស់ខ្លួនក្រោយយកឈ្នះ ប៉ូឡូញ ២-១ នៃការប្រកួតបើកឆាកពូល H ពានរង្វាន់បាល់ទាត់ពិភពលោក World Cup ដោយការសំអាតកីឡដ្ឋាន Spartak Stadium ក្រុងមូស្គូ បន្ទាប់ពីការប្រកួតចប់។
សេណេហ្គាល់ បានស្តារមុខមាត់ដល់ក្រុមពីអាហ្វ្រិកដោយរកបាន៣ពិន្ទុក្នុងជំនួបដំបូង។ នៅពាក់កណ្តាលតង់ទីមួយ ការធ្វើឲ្យចូលទីខ្លួនឯងរបស់ Thiaga Cionek មានទុននាំមុខ១គ្រាប់ ហើយ M’Baye Niang បន្ថែមគ្រាប់ទីពីរ ខណៈការប្រកួតដំណើរការបាន១ម៉ោង និងជាគ្រាប់បាល់ដ៏ចម្រូងចម្រាស់មួយ។ ៤នាទីមុនបញ្ចប់ការប្រកួត ប៉ូឡូញ តាមពីក្រោយបាន១គ្រាប់ ដែលការតែតបញ្ចូលទីរបស់ Grzegorz Krychowiak។
បន្ទាប់ពីជ័យជម្នះនេះ ក្រុមអ្នកគាំទ្រសេណេហ្គាល់មួយចំនួនដែលទៅទស្សនាផ្ទាល់មិនបានចាកចេញពីទីលានភ្លាមនោះទេដោយនៅរង់ចាំសម្អាត និងរើសសំរាមដែលនៅរាយប៉ាយក្នុងកីឡដ្ឋានដើម្បីជាការអបអរដល់ក្រុមខ្លួន។
សកម្មភាពរបស់ពួកគេបានទទួលការកោតសរសើរយ៉ាងច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលក្រុមដែលមកពីតំបន់អាហ្វ្រិកបានបញ្ចេញសមត្ថភាពដ៏អស្ចារ្យ ហើយអ្នកគាំទ្រទៀតនោះក៏បានបង្ហាញពីការគិតគូបរិដ្ឋានដ៏គួរឲ្យគោរពទៀតផង។
លើសពីនេះទៅទៀត មនុស្សជាច្រើនបានអបអរសារទរចំពោះទង្វើរបស់អ្នកគាំទ្រសេណេហ្គាល់ ដោយលើកឡើងថានេះជាសញ្ញានៃការគោរពដែលប្រទេសដទៃគួរយកគំរូតាម។
សេណេហ្គាល់ នឹងត្រូវតទល់ជាមួយជប៉ុនដែលរកបាន៣ពិន្ទុដូចគ្នានៅថ្ងៃទី២៤ ខែមិថុនា សម្រាប់ការប្រកួតជុំទី២ វេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា)។
ដោយឡែកក្រុមអ្នកគាំទ្រជប៉ុន ក៏តែងតែផ្តល់គំរូលើការសំអាតកីឡដ្ឋាននៅរៀងរាល់ក្រោយការប្រកួត រួមទាំងជ័យជម្នះ ២-១ លើកូឡុំប៊ី ផងដែរ៕
Tag:
បាល់ទាត់
FIFA World Cup
សេណេហ្គាល់
GroupH
© រក្សាសិទ្ធិដោយ thmeythmey.com