ជាតិ
បោះឆ្នោត
សម្តេច ហ៊ុន សែន ជឿថា ការអំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត នឹងមិន​ជោគជ័យ​ឡើយ​
20, Jun 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លៀត​រម្លឹក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ការបោះឆ្នោត នៅសល់តែ​៣៩​ថ្ងៃ​ទៀត នឹង​មកដល់​។ ប្រមុខ​រដ្ឋាភិបាល យល់ថា ការប្រឹងប្រែង​របស់លោក សម រង្ស៊ី និង​អតីត​ក្រុម​អ្នកប្រឆាំង ដែល​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ដេ​ត​ផ្ទះ នៅ​ថ្ងៃ​បោះឆ្នោត នឹងមិន​អាចទៅរួច​ឡើយ​។


 
​សម្តេច ហ៊ុន សែន មានជំនឿថា ប្រជាពលរដ្ឋ នឹង​ប្រើ​ប្រើ​សិទ្ធិ​ទៅ​បោះឆ្នោត ឲ្យ​គណបក្ស​ណាមួយ ដែល​ខ្លួន​ពេញចិត្ត ដោយ​មិន​ធ្វើតាម​ការអំពាវនាវរ​បស់​អតីត​គណបក្សប្រឆាំង​នោះទេ​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ ប្រធាន​គណបក្សកាន់អំណាច បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​បក្ស​មួយ​បាន​ងាប់​ទៅហើយ ចង់​ឲ្យ​គេ​ដេក​ឱប​បក្ស​ងាប់​ហ្នឹង ឬក៏​ត្រូវ​ប្រើ​សិទ្ធិ​នយោបាយ របស់ខ្លួន ដើម្បី​ទៅ​ជ្រើសរើស​បក្សនយោបាយ​ណាមួយ ដែល​ខ្លួន​ស្រឡាញ់​? [.....] អ្នក​ដែល​ចង់​ឲ្យ​គេ​ឱប​ខ្មោច ប្រហែលជា​គ្មាន​សំណាង បាន​គេ​ទៅ​ឱប​ជាមួយ​ទេ​។ ខ្លួន​ឯក​ព្រាត់ប្រាស​ទៅណា គឺ​ព្រាត់ប្រាស​ទៅ​បាត់​ហើយ​»​។

​សម្តេច ហ៊ុន សែន បានប្រកាស​ម្តង​ទៀតថា ការបោះឆ្នោត នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មិនត្រូវ​ពន្យារពេល​ឡើយ​។ នាយករដ្ឋមន្ត្រី​រូបនេះ បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បោះឆ្នោត​ឲ្យ​គណបក្ស​របស់ខ្លួន ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​។

​លោក សម រង្ស៊ី និង​អតីត​ក្រុម​អ្នកប្រឆាំង ដែល​កំពុង​នៅក្រៅ​ប្រទេស នៅតែ​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពល​ចេញទៅ​បោះឆ្នោត​។ លោក សម រង្ស៊ី ហៅ​ការបោះឆ្នោត ដែល​គ្មាន​គណបក្សប្រឆាំង ថា​ជាការ​បោះឆ្នោត​លេងសើច និង​មិនអាច​យក​ការ​បាន​។

​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ចាត់ទុក​រដ្ឋាភិបាល​ថ្មី ដែល​កើតឡើង​ពី​ការបោះឆ្នោត នៅក្រោយ​ថ្ងៃទី​២៩ ខែកក្កដា ថា​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់ ហើយ​សហគមន៍​អន្តរជាតិ នឹងមិន​ទទួលស្គាល់​នោះទេ​៕


Tag:
 បោះឆ្នោត​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com