ជាតិ
សេដ្ឋកិច្ច
ប្រាក់ចំណូលកម្មករកាត់ដេររបស់កម្ពុជា មានទំហំជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
× ភ្នំពេញ៖ ក្នុងមួយឆ្នាំៗ ទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិកបានទៅដល់ដៃកម្មករ-កម្មការិនីនៅទូទាំងប្រទេស ជាថ្នូរនឹងការបញ្ចេញកម្លាំងពលកម្មរបស់ពួកគេ។ នេះបើតាមតួលេខដែលលើកឡើងដោយប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រក្នុងខេត្តតាកែវ នៅថ្ងៃទី២០ខែមិថុនានេះ។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
ទឹកប្រាក់ជាង ២ពាន់លានដុល្លារនេះ គឺជាតួលេខប្រាក់ចំណូលសរុបរបស់កម្មករកាត់ដេរប្រមាណ ១លាននាក់នៅទូទាំងប្រទេស ក្នុងមួយឆ្នាំៗ។ ប៉ុន្តែវិស័យនេះជួបបញ្ហាប្រឈមខ្លះ ដែលត្រូវកែលម្អ ដើម្បីឲ្យកម្មករបន្តទទួលបានផលប្រយោជន៍កាន់តែប្រសើរពីឧស្សាហកម្មមួយនេះ។ បើតាមរបាយការណ៍ធនាគារពិភពលោក ដែលចេញផ្សាយក្នុងពេលកន្លងមក វិស័យកាត់ដេររបស់កម្ពុជាត្រូវប្រឈមការថមថយលទ្ធភាពប្រកួតប្រជែង ដោយសារតែប្រាក់ឈ្នួលកម្មករត្រូវបានដំឡើងលឿនពេក ខណៈផលិតភាព និងជំនាញ នៅមានកម្រិត។
ស្ថាប័នអន្តរជាតិធំៗ ក៏ដូចជាអ្នកជំនាញ បានជំរុញឲ្យរដ្ឋាភិបាលផ្ដោតចិត្តទុកដាក់ខ្លាំងលើសមត្ថភាពជំនាញរបស់កម្មករកាត់ដេរ ក៏ជាកម្មករ និយោជិតក្នុងវិស័យផ្សេងៗទៀតដែរ ដើម្បីឲ្យពួកគេអភិវឌ្ឍន៍ពីពលកម្មជំនាញទាប ប្រាក់ឈ្នួលទាប ទៅជាកម្លាំងពលកម្មជំនាញកម្រិតមធ្យម និងខ្ពស់ ដើម្បីស្រូបយកអត្ថប្រយោជន៍ពីតម្លៃបន្ថែមកាន់តែខ្ពស់។
គួរបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើងទៅទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ៧,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com