អន្តរជាតិ
ស៊ី ប្រាប់ គីម ថា ចិន​នៅ​គាំទ្រ​កូរ៉េខាងជើង​មិន​ងាករេ ទោះ​ស្ថានការណ៍​អន្តរជាតិ​ផ្លាស់ប្ដូរ​យ៉ាងណា
20, Jun 2018 , 10:39 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃស្វាគមន៍មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃស្វាគមន៍មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (រូបភាព Xinhua)
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​សន្យា​ចំពោះមុខ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ថា ចិន​នឹង​នៅតែ​គាំទ្រ​កូរ៉េខាងជើង​ជា​ដរាប ទោះជា​ស្ថានការណ៍​ពិភពលោក​ប្រែប្រួល​យ៉ាងណាក្ដី​។ លោក ស៊ី បាន​ជួប​ជាមួយ​លោក គីម ជា​លើក​ទី​បី​នៅ​ថ្ងៃទី​១៩ ខែមិថុនា គឺ​ជាង​មួយ​សប្ដាហ៍​ក្រោយ​លោក គីម ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​។ ឯ​លោក គីម វិញ បង្ហាញ​ជំហរ​រឹតចំណង​មិត្តភាព​ជាមួយ​ចិន​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​



​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ទឹកដី​ចិន​នៅ​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែមិថុនា ដែលជា​ដំណើរ​ទស្ស​កិច្ច​លើក​ទី​បី​របស់លោក​នៅ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ លោក គីម បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១ នៃ​ដំណើរ​ទស្សនកិច្ច ដោយបាន​ជជែក​គ្នា​លើ​ទំនាក់ទំនង​ទ្វេភាគី និង​លទ្ធផល​ជំនួប​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១២ កន្លងទៅ​។​

​លោក ស៊ី បាន​សាទរ​លទ្ធផល​ជំនួប​នៅ​សិង្ហ​បុរី និង​ស្នើ​ឲ្យ​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា​។ ឯ​ចិន​វិញ​ក៏​ត្រៀមខ្លួន​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី​ចិន​ក៏បាន​ប្រកាស​ចំពោះមុខ​មេដឹកនាំ​កូរ៉េខាងជើង ថា បក្ស​កុម្មុយនីស្ត និង​រដ្ឋាភិបាល​ឲ្យ​តម្លៃ​ខ្លាំង​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន និង​កូរ៉េខាងជើង​។​

«​ទោះជា​ស្ថានការណ៍​អន្តរជាតិ និង​តំបន់​ផ្លាស់ប្ដូរ​យ៉ាងណា ជំហរ​រឹងមាំ​របស់​បក្ស និង​រដ្ឋាភិបាល​ចិន​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍ​ទំនាក់ទំនង​ចិន​-​កូរ៉េខាងជើង នៅតែ​ដដែល ហើយ​មិត្តភាព​រវាង​ប្រជាជន​ចិន និង​កូរ៉េខាងជើង មិន​ផ្លាស់ប្ដូរ​ឡើយ ហើយ​ការគាំទ្រ​របស់​ចិន​លើ​កូរ៉េខាងជើង ក៏​មិន​ផ្លាស់ប្ដូរ​ដែរ​។​» នេះ​ជាការ​សន្យា​របស់លោក ស៊ី ទៅកាន់​លោក គីម មុននឹង​បន្តថា លោក​ក៏មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​លោក គីម លើ​បញ្ហា​ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក​។

​ក្នុងជំនួប​លើក​ទី​៣ នេះ លោក គីម ដែលជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង បាន​អរគុណ​ចិន​ចំពោះ​ការគាំទ្រ​វិជ្ជមាន និង​ស្មោះត្រង់ ព្រមទាំង​ការជួយ​ឲ្យ​ជំនួប​ជាមួយ​លោក ត្រាំ នៅ​សិង្ហ​បុរី ទទួលបាន​ជោគជ័យ​។ មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ក៏​លើកឡើង​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​កូរ៉េខាងជើង និង​ចិន ហើយ​បង្ហាញ​ជំហរ​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​ចិន​ដើម្បី​ទំនាក់ទំនង​ទ្វេភាគី​រវាង​រដ្ឋ និង​រដ្ឋ ក៏ដូចជា​ប្រជាជន និង​ប្រជាជន​ផង​។​

​តាមពិតទៅ ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់លោក គីម នៅ​រដ្ឋធានី​ប៉េកាំង​លើក​នេះ មាន​គោលដៅ​ធានាថា ផលប្រយោជន៍​របស់​ចិន​មិន​បាត់បង់​ឡើយ ទោះជា​កូរ៉េខាងជើង​កំពុងស្ថិត​លើផ្លូវ​ទៅកាន់​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ក៏ដោយចុះ​។ មិន​ត្រឹមតែ​ការពារ​ប្រយោជន៍​ឡើយ ចិន​នឹង​ក្លាយជា​តួអង្គ​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​ទៀតផង មិន​ថា​ការរំសាយ​នុយក្លេអ៊ែរ ឬក៏​ការបង្កើត​សន្តិ​ភាពជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​៕


Tag:
 ចិន​
  កូរ៉េខាងជើង​
  ស៊ី ជិន​ភីង​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com