ជាតិ
សេដ្ឋកិច្ច
​ស្ថាប័ន​៣​ចេញ​សេចក្តីថ្លែងការណ៍​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​រូបិយ​បណ្ណ​អេឡិចត្រូនិក
21, Jun 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ស្ថាប័ន​ទាំងបី រួមមាន ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានរួម​គ្នា​ព្រមាន​លើ​ការធ្វើ​អាជីវកម្ម​រូបិយ​បណ្ណ​អេ​ឡិច​ត្រូវ​និក និង​អំពាវ​ឲ្យ​សាធារណជន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការ​បង់ខាត​ដោយសារ​រូបិយ​បណ្ណ​ទាំងនោះ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​ស្ថាប័ន​ទាំងបី​នេះ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​របស់​ស្ថាប័ន​ទាំងនេះ នៅ​ថ្ងៃទី​១៩​ខែមិថុនា​។​



​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​សង្កេតឃើញ មានការ​ផ្សព្វផ្សាយ ចរាចរ ទិញ​លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិក ដូចជា KH coin, Suncoin, K coin, One-coin, Forex coin និង​កាក់​អេឡិចត្រូនិក​ប្រហាក់ប្រហែល យ៉ាងសកម្ម​នៅ​កម្ពុជា ដែល​មិនមាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ បើតាម​សេចក្ដីថ្លែងការណ៍ ដែល​ចុះហត្ថលេខា​កាលពី​ខែឧសភា ដដែល​នេះ បានចាត់ទុក​សកម្មភាព​ទាំងនេះ​ថា​ខុសច្បាប់​។​

​ស្ថាប័ន​ទាំងបី​នេះ បាន​ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល ដែល​ផ្សព្វផ្សាយ កៀរគរ​មូលនិធិ និង​ធ្វើ​អាជីវកម្ម​កាស​អេឡិចត្រូនិក និង​បាន​អំពាវនាវ​ដល់​សាធារណជន​ត្រូវ​ប្រុងប្រយ័ត្ន​ពី​សកម្មភាព​ទាំងនោះ​។​

​សេចក្ដីថ្លែងការណ៍​នេះ បាន​ពន្យល់​ពី​ហានិភ័យ​ដែល​អាច​កើតមាន​ដល់​សាធារណជន ដែល​បង្កឡើង​ពី​កាស​អេ​ឡិច​ត្រូវ​និក​។ ទី​១/​ការជួញដូរ​គ្មាន​វត្ថុ​ធានា​សង​ត្រលប់​មកវិញ ទី​២/​ទទួលរង​ការខាតបង់​លើ​ការវិនិយោគ ដោយសារតែ​តម្លៃ​ចារឹក​របស់​កាស​អេឡិចត្រូនិក​ប្រែប្រួល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ទី​៣/​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ធ្វើ​ឲ្យ​បាត់បង់​មូលនិធិ ដោយសារ​ការ​លួច​ចូលទៅក្នុង​ប្រព័ន្ធ និង​ទី​៤/​អ្នកប្រើប្រាស់​កាស​អេឡិចត្រូនិក​ពុំមាន​អត្តសញ្ញាណ​ច្បាស់លាស់ ដែល​បង្ក​ហានិភ័យ​ក្នុងការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕


Tag:
 រូបិយ​បណ្ណ​អេឡិចត្រូនិក​
© រក្សាសិទ្ធិដោយ thmeythmey.com