ជាតិ
សង្គមជាតិ
ជនជាតិ​ចិន ១០​នាក់ ត្រូវបាន​ចាប់ខ្លួន ក្រោយ​ប្រើ​អំពើហិង្សា​លើ​ជន​ជាតិចិន​ដូចគ្នា​
20, Jun 2018 , 8:39 am        
រូបភាព
ដោយ:
​ជនជាតិ​ចិន ១០​នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន ក្រោយពី​ប្រើ​អំពើហិង្សា​ទៅលើ​ជនជាតិ​ចិន ២​នាក់​ផ្សេងទៀត​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​



​ការផ្សាយ​របស់​នគរ​បាល​ជាតិ ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១០​នាក់​នេះ បាន​វាយ​ទៅលើ​ជនរងគ្រោះ ដែលជា​ជនជាតិ​ដូចគ្នា​២​នាក់​ផ្សេងទៀត នៅកាស៊ី​ណូ បណ្ដាល​ឲ្យ​សន្លប់​បាត់ស្មារតី ហើយក៏​លើកដាក់​ក្នុង​រថយន្ត​ដើម្បី​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​បន្តទៀត​នៅ​កន្លែង​ផ្សេង​។ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ធ្វើ​អន្តរាគមន៍​។ នេះ​បើតាម​ការបន្ត​របស់​ន​គ​របាល​ជាតិ​។​

​នគរបាលជាតិ បាន​បន្ថែមថា ក្រោយពី​ទទួលបាន​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ សមត្ថកិច្ច​ជំនាញ បាន​តាម​ចាប់​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច​មុខ​ផ្សារ​ចិន ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ និង​រំដោះ​ជន​រង​រងគ្រោះ​។

​នគរបាលជាតិ បាន​ស្រង់​សម្ដី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន្ទ ថា ជនរងគ្រោះ​ជា​បុគ្គលិក​កាស៊ីណូ​ផ្នែក​អន​ឡាញ ហើយ​ជនសង្ស័យ​ក៏​ជា​បុគ្គលិក​ដូចគ្នា​។ លោក ជួន ណា​រិន្ទ បាន​បន្តថា សមត្ថកិច្ច ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​ច្បាប់​៕


Tag:
 ជនជាតិ​ចិន​
 ​ហិង្សា​
 ​ជួន ណា​រិន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com