អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនសាមសុង ប្រគល់មូលនិធិជាង ២៤៧ លានរៀលទៅអាជ្ញាធរអប្សរា ដើម្បីរៀបចំតំបន់សៀមរាប-អង្គរ
× សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក បានប្រគល់ទឹកប្រាក់ ចំនួន ២៤៧,០៨០,០០០លានរៀល (ប្រមាណ៦១,៧៧០ ដុល្លារអាមេរិក) ទៅឲ្យអាជ្ញាធរអប្សរា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងរៀបចំរមណីយដ្ឋាននៅតំបន់សៀមរាប-អង្គរ និងកិច្ចការអភិរក្សមួយចំនួនទៀត។ ពិធីប្រគល់ប្រាក់នេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នាការិយាល័យក្រុមហ៊ុនសាមសុង ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ថវិកាចំនួន២៤៧,០៨០,០០០លានរៀល ដែលប្រគល់ទៅឲ្យអាជ្ញាធរអប្សរានាពេលនេះ គឺទឹកប្រាក់ដែលប្រមូលបានពីមូលនិធិ នៃការលក់ទូរស័ព្ទ Samsung Galaxy «J» សេរី ២០១៦ ដែលក្រុមហ៊ុនបានសន្យា នឹងឧបត្ថម្ភទឹកប្រាក់ ១០,០០០រៀល ពីការលក់ផលិតផល ១ គ្រឿង ។ ការប្រគល់មូលនិធិនេះ ក៏ធ្វើឡើងនៅពេលដែលក្រុមហ៊ុន សាមសុងជឿជាក់ថា ផលិតផល Samsung Galaxy «J» សេរី២០១៦ ត្រូវបានលក់អស់ពីទីផ្សារប្រទេសកម្ពុជា ហើយក៏ជាពេលវេលា បិទបញ្ចប់មូលនិធិ Samsung Galaxy «J» សេរី២០១៦ នេះផងដែរ។
លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា មូលនិធិនេះ ត្រូវប្រគល់ជូនទៅអាជ្ញាធរអប្សរា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជារៀបចំរមណីយដ្ឋាននៅតំបន់សៀមរាប-អង្គរ និងកិច្ចការងារផ្សេងៗទៀត តាមទិសដៅការងាររបស់អាជ្ញាធរអប្សារា។ ក្រៅពីការប្រមូលមូលនិធិ លោក Seungho Choi ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនសាមសុង ក៏បានផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តប្រជាជនឲ្យស្រលាញ់ និងមានមោទកភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឆរិយរបស់កម្ពុជា តាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ដោយប្រើប្រាស់រូបភាពអង្គរវត្ត នៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J»សេរី២០១៦ ផងដែរ។
បើតាម លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាដដែល រូបភាពអង្គវត្ត ដែលបានបង្ហាញនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» សេរី (J3 J5 និង J7) គឺបង្ហាញពីចេតនារបស់ក្រុមហ៊ុន ដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អមួយនេះ។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានថ្លែងអំណរគុណ និងបានកោតសរសើរយា់ងក្រៃលែង ដែលក្រុមហ៊ុនសាមសុងបានបង្កើតគម្រោងនេះឡើង។ «យើងរីករាយក្នុងការទទួលយកមូលនិធិនេះ នឹងប្រើប្រាស់មូលនិធិនេះ សម្រាប់កិច្ចការងារប្រសើរ ក្នុងការថែទាំប្រាង្គប្រាសាទរបស់យើងឲ្យបានល្អប្រសើរ។ ខ្ញុំរីករាយណាស់ ដែលក្រុមហ៊ុនសាមសុង ដែលត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោក ថាជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេ បានសម្រេចចិត្តបង្កើតកម្មវិធីល្អៗ ដើម្បីសង្គមកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក សុខ សង្វារ ដោយលោកបានបន្តអំពាវនាវ ដល់ក្រុមហ៊ុនសាមសុង ក៏ដូចជាក្រុមហ៊ុនដទៃទៀត ឲ្យបន្តកម្មវិធីនេះ ឬបង្កើតកម្មវិធីសង្គមផ្សេងៗទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សូមបញ្ជាក់ថា ក្រៅតែការបង្កើតមូលនិធិដើម្បីចូលរួមអភិរក្សាតំបន់ទេសចរណ៍វប្បធម៌អង្គរ របស់កម្ពុជា ក្រុមហ៊ុនសាមសុង ក៏បានចូលរួមជួយសង្គមជាតិជាច្រើន ដូចជាការបរិច្ចាគឈាម យុទ្ធការចែកមួកសុវត្ថិភាព យុទ្ធនាការ Love & Care និងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com