FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលអាមេរិករងការរិះគន់ ដោយសារសុំអាវ Ronaldo ក្រោយជំនួបព័រទុយហ្គាល់-ម៉ារ៉ុក លោក Mark Geiger (កណ្តាល) ដែលសុំអាវ Ronaldo
× Nordin Amrabat ខ្សែបម្រើក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានរិះគន់ទៅលើអាជ្ញាកណ្ដាលអាមេរិក លោក Mark Geiger ដែលសុំអាវរបស់ Cristiano Ronaldo អំឡុងពេលចប់ការប្រកួតវគ្គទី១ រវាងព័រទុយហ្គាល់នឹងម៉ារុក នៅថ្ងៃទី២០ ខែមិថុនា។ នេះបើតាមការផ្សាយរបស់ DailyMail។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារុក ក្លាយជាក្រុមទីមួយ ដែលបាត់ឱកាសឈានទៅកាន់វគ្គបន្តក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 បន្ទាប់ពីពួកគេចាញ់ព័រទុយហ្គាល់ ១-០ សម្រាប់ការប្រកួតលើកទីពីរនៅក្នុងពូល B នាកីឡដ្ឋាន Luzhniki Stadium។ Ronaldo ដែលស៊ុតបាល់បញ្ចូលទីតែម្នាក់ឯង៣គ្រាប់នាជំនួបជាមួយអេស្ប៉ាញ ជាអ្នកនាំជ័យជម្នះដល់ព័រទុយហ្គាល់ តាមរយៈគ្រាប់បាល់បញ្ចូលទីនៅ៤នាទីដំបូង។
ក្រោយចប់ការប្រកួតជាមួយព័រទុយហ្គាល់ Amrabat ខ្សែបម្រើក្រុម Watford បាននិយាយថាខ្លួនបានដឹងថាអាជ្ញាកណ្ដាល Mark Geiger បានទៅសុំអាវរបស់ខ្សែប្រយុទ្ធឆ្នើម Real Madrid តាំងពីចប់តង់ទី១ម្ល៉េះ។ រឿងមួយនេះ មិនគួរឲ្យកើតមានសោះ ព្រោះនេះជាព្រឹត្តិការណ៍ World Cup មិនមែនជាការសម្តែងសៀកនោះទេ។
«ខ្ញុំមិនដឹងថាគាត់ពីមុនធ្វើអីទេ ប៉ុន្តែគាត់មើលទៅដូចជាចូលចិត្ត Ronaldo ណាស់ ហើយខ្ញុំបានឮ Pepe និយាយទៀតថាអាជ្ញាកណ្ដាលរូបនេះបានសុំអាវរបស់ Ronaldo នៅចប់វគ្គទី១នៃការប្រកួត។ តើយើងកំពុងនិយាយពីអ្វី? នេះគឺនៅ World Cup? វាមិនគួរឲ្យមានរឿងដូច្នេះកើតឡើងសោះ»។ នេះជាការបញ្ជាក់របស់ Amrabat។
ក្រោយទទួលបាន៣ពិន្ទុបន្ថែម ព័រទុយហ្គាល់កាន់តែមានសង្ឃឺមខ្ពស់ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយគ្រាន់តែ យកត្រឹមស្មើជាមួយអឺរ៉ុងក្នុងការប្រកួតចុងក្រោយប៉ុណ្ណោះ។
លោក Geiger វ័យ៤៣ឆ្នាំ ជាអាជ្ញាកណ្ដាលដែល FIFA រើសមកពីក្របខណ្ឌលីគកំពូលអាមេរិក MLS ដើម្បីមកកាត់សេចក្តីក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីនេះ៕
Tag:
បាល់ទាត់
FIFA World Cup
Cristiano Ronaldo
Nordin Amrabat
© រក្សាសិទ្ធិដោយ thmeythmey.com