អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​ខុង​ជឺ រៀបចំ​វេទិកា​វិទ្យាសាស្ត្រ ដើម្បី​អបអរ​ខួប​៦០​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​ចិន
21, Jun 2018 , 4:31 pm        
រូបភាព
ដោយ:
​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិតសភា​កម្ពុជា បានរៀបចំ​សន្និសីទ​អន្តរជាតិ​មួយ ស្ដីពី «​វេទិកា​វិទ្យាសាស្ត្រ​នៃ​ខួប​អនុស្សាវរីយ៍​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​» ក្រោម​កិច្ចសហប្រតិបត្តិការ និង​ឧបត្ថម្ភ​ដោយ វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្ដាល​ហាន់​ប៉ាន់​ប្រចាំ​ក្រុង​ប៉េកាំង​។ ពិធី​បើក​សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃទី ២១ ខែមិថុនា នា​សណ្ឋាគារ​ភ្នំពេញ​។​

​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា  បាន​បញ្ជាក់ថា វេទិកា​វិទ្យាសាស្ត្រ​នេះ រៀបចំឡើង​ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​៦០​ឆ្នាំ នៃ​ចំណងមិត្តភាព​ការទូត​កម្ពុជា​-​ចិន និង​លើកកម្ពស់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក ពី​អតីតកាល បច្ចុប្បន្ន រវាង​ប្រជាជន​កម្ពុជា និង​ចិន ក្នុងឋានៈ​ជា​ដៃគូ​ស្មើមុខស្មើមាត់ និង​គ្រប់​ជ្រុងជ្រោយ​។



​បើតាម​លោក សុខ ទូច វេទិកា​វិទ្យាសាស្ត្រ​នេះ ក៏​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នកស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នៃ​ប្រទេស​ទាំង​២ បាន​ជួប​ពិ​ភ្សា​គ្នា ក្នុង​គោលបំណង រឹតបណ្តឹង​ចំណងមិត្តភាព​កម្ពុជា​-​ចិន និង​ប្រមូលផ្ដុំ​ទស្សនៈ​បទពិសោធន៍ យុទ្ធសាស្ត្រ និង​អនុសាសន៍​នានា ដើម្បី​លើកកម្ពស់ ភាពសុខដុមរមនា និង​វិបុលភាព​ក្នុងប្រទេស​ទាំង​២​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វេទិកា​នេះ​នឹង​ស្វែងរក​ផ្លូវ​រួមមួយ ក្នុងការ​បើកទូលាយ​ទំនាក់ទំនង​កម្ពុជា​-​ចិន ក៏ដូចជា​ជំរុញ​អន្តរ​កម្ម​ប្រកបដោយ​ការស្ថាបនា រវាង​អ្នកស្រាវជ្រាវ​ដែលមាន​វត្តមាន​ក្នុង​វេទិកា​នេះ និង​ជាពិសេស​នោះ​រួមចំណែក​រឹតចំណង​វប្ប​ម៌ រវាង​ប្រទេស​ទាំង​២​។ 

​លោក សុខ ទូច ចាត់ទុក​វេទិកា​នេះ គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​មាន​សារសំខាន់ ដែល​មិន​ត្រឹម​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ សំដៅ​លើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស និង​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​នោះទេ តែ​ថែមទាំង​ដើរតួ​ជា​ឧបករណ៍​ការទូត​សាធារណៈ​ដ៏​សំខាន់ ក្នុងការ​នាំសារ​សន្តិភាព មិត្តភាព ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​



​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​នៅ​ព្រឹក​នេះ បាន​មានប្រសាសន៍ថា សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រារព្ធ​ឡើង​ក្នុង​កាលទេស​ដ៏​សមស្រប​បំផុត ក្នុងខណៈដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន បាន​ដើរ​ដល់​ជំ​ហ៊ាន​មួយ​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ទំនាក់ទំនង​ប្រពៃណី​រវាង​ប្រទេស​ទាំង​២ មាន​តាំងពី​យូរលង់​ណាស់​មកហើយ ដែល​បាន​កើតឡើង​ដោយ​មេដឹកនាំ​ជំនាន់​មុន និង​បន្ត​ពូន​ជ្រំ​រហូតដល់​បច្ចុប្បន្ន​។ នេះ​ជាការ​គូសបញ្ជាក់​របស់ ឯកឧត្តម ប៊ិន ឈិន ដែល​បន្ត​បញ្ជាក់​ដូច្នេះ​៖«​រយៈពេល ៦០​ឆ្នាំ​មកនេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ បាន​ឆ្លងកាត់ ឧបសគ្គ និង​បទពិសោធន៍ ជាច្រើន ហើយ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់​តែមាន​ភាពរឹងមាំ និង​ខ្លាំងក្លា​ថែមទៀត ដោយ​ប្រទេស​ទាំងពីរ​មាន​ជំនឿ​ចិត្ត​គ្នា​ទៅវិញទៅមក ទាំង​នយោបាយ និង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

​សម្រាប់ ឯកឧត្តម ប៊ិន ឈិន តាមរយៈ​សិ​ន្និ​សីទ ដ៏​ពិ​សេសមួយ​នេះ នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​អ្នកស្រាវជ្រាវ​ប្រទេស​ទាំង​ពីរ បាន​ជួប​ពិភាក្សាគ្នា ដើម្បី​លើកយក​បញ្ហា​ប្រឈម​នានា​ដែលមាន​ពីមុន និង​កំពុងមាន​យកមក​បកស្រាយ និង​ស្វែងរក​ដំណោះស្រាយ ដើម្បី​ជា​ធាតុ​ចូលដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ និង​ជា​ស្ពាន​ត​ភ្ជាប់ និង​ការបើក​បេះដូង​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ចិន​ផងដែរ​។​

​សូមជម្រាបថា ខួប​ទី ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នឹង​ឈានចូល​មកដល់​នៅក្នុងពេល​ដ៏​ឆាប់ៗ​ខាងមុខ​។ ហើយ​នៅ​ឆ្នាំនេះ គឺ​ពិសេស​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ដោយសារ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ឲ្យ​ដល់​កម្រិត​ខ្ពស់បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com