អន្តរជាតិ
អតីតប្រធានាធិបតីហ្វីលីពីន អាហ្គីណូ ប្រឈមការជាប់ពន្ធនាគារ ព្រោះប្រើលុយរដ្ឋខុសបច្ចេកទេស
× អតីតប្រធានាធិបតីហ្វីលីពីន ប៊ីនីណូ អាហ្គីណូ (Benigno Aquino) ត្រូវប្រឈមមុខនឹងបណ្តឹងព្រហ្មទណ្ឌពាក់ព័ន្ធករណីប្រើប្រាស់លុយរដ្ឋក្នុងទំហំ ១,៣៥ ពាន់លានដុល្លារដោយគ្មានការអនុម័តយល់ព្រមពីសភាក្នុងពេលកាន់អំណាច។ បើសិនជាត្រូវតុលាការរកឃើញថាមានកំហុស លោកក្លាយជាអតីតប្រមុខរដ្ឋទីបីហើយដែលត្រូវជាប់ពន្ធនាគារក្រោយអស់អំណាច។
សំណុំរឿងប្រើប្រាស់ថវិការដ្ឋ ១,៣៥ ពាន់លានដុល្លារនៅហ្វីលីពីនក្រោមអាណត្តិលោក អាហ្គីណូ ចាប់ផ្តើមក្លាយជារឿងចម្រូងចម្រាសជាថ្មី។ អតីតប្រធានាធិបតីរូបនេះត្រូវប្រឈមមុខនឹងបណ្តឹង និងអាចទទួលរងការកាត់ទោសពន្ធនាគារផងដែរ។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា បណ្តឹងនេះត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុនដោយរដ្ឋអាជ្ញាពិសេសទទួលបន្ទុកប្រឆាំងអំពើពុករលួយ Conchita Morales ។ ប៉ុន្តែបណ្តឹងនេះទើបតែត្រូវបានគេបង្ហាញជាសាធារណៈនៅថ្ងៃពុធទី ២០ មិថុនានេះប៉ុណ្ណោះ។
តាមរយៈបណ្តឹងខាងលើ រដ្ឋអាជ្ញាពិសេសបានចោទប្រកាន់ថា លោក អាហ្គីណូ បានរំលោភអំណាច បំពានរដ្ឋធម្មនុញ្ញ ដោយលោកបានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកថវិកាផ្លាស់ប្តូរកញ្ចប់ថវិការដ្ឋមានទំហំ ១,៣៥ ពាន់លានដុល្លារទៅជាគំនិតផ្តួចផ្តើមពិសេសមួយនៅក្នុងឆ្នាំ ២០១២។
លោក អាហ្គីណូ ធ្វើបែបនេះគឺដើម្បីផ្ទេរកញ្ចប់ថវិការដ្ឋដែលមិនទាន់ចំណាយទៅផ្គត់ផ្គង់គម្រោងផ្សេងទៀតរបស់រដ្ឋាភិបាល ហើយវាជាការបញ្ចៀសភាពយឺតយ៉ាវក្នុងការអនុម័តថវិកាដែលត្រូវឆ្លងកាត់ប្រព័ន្ធដែលមានលក្ខណៈការិយាធិបតេយ្យនោះ។
ប៉ុន្តែបញ្ហាត្រង់ថា អំណាចអនុម័តថវិកាសម្រាប់ការចាយវាយរបស់រដ្ឋទាំងអស់ស្ថិតលើសភាឯណោះមិនមែនរដ្ឋាភិបាលទេ។ ដូច្នេះការរំលងអំណាចសភាជារឿងខុសច្បាប់។ គម្រោងពិសេសរបស់លោក អាហ្គឺណូ ចាប់ផ្តើមឡើងនៅឆ្នាំ ២០១២ ហើយក៏ត្រូវបញ្ឈប់វិញពីរឆ្នាំក្រោយមកទៀត ដោយសារតុលាការកំពូលសម្រេចថា គម្រោងនេះបំពានរដ្ឋធម្មនុញ្ញ។
តាមពិតទៅ វាមិនមែនជាបណ្តឹងលើកដំបូងប្រឆាំងលោក អាហ្គីណូ ឡើយ។ បណ្តឹងលើកដំបូងពាក់ព័ន្ធនឹងសំណុំរឿងដដែលនេះត្រូវបានរដ្ឋអាជ្ញាពិសេសរបស់ហ្វីលីពីនខាងល់ទម្លាក់ចោលក្នុងឆ្នាំ ២០១៥។ ប៉ុន្តែលោកស្រី Conchita Morales ប្តូរការសម្រេចចិត្តវិញនៅពេលនេះ ក្រោយពេលដែលតំណាងរាស្ត្រ និងក្រុមអ្នកប្រឆាំងអំពើពុករលួយនាំគ្នាតស៊ូមតិ និងទទូចឲ្យមានការចាប់ផ្តើមបណ្តឹងនេះឡើងវិញនោះ។
យ៉ាងណាក៏ដោយ លោក អាហ្គីណូ មិនទាន់បានទទួលបណ្តឹងផ្លូវការពាក់ព័ន្ធនឹងការបំពានអំណាចឡើយ បើតាមការអះអាងរបស់អ្នកនាំពាក្យរបស់លោក។ អ្នកនាំពាក្យរូបនេះបន្ថែមថា គេកំពុងឆ្ងល់ហេតុអ្វីបណ្តឹងនេះត្រូវគេចាប់ផ្តើមឡើងវិញ ព្រោះការសម្រេចរបស់ស្ថាប័នអយ្យការមុនៗនោះមិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធនឹងលោក អាហ្គីណូនោះឡើយ។
ដោយឡែក ក្នុងករណីដែលគេរកឃើញថា លោក អាហ្គីណូ មានកំហុសមែននោះ លោកនឹងអាចជាប់ពន្ធនាគារចំនួន ពីរឆ្នាំ បួនខែ ផងដែរ។ ហើយលោកនឹងក្លាយជាអតីតមេដឹកនាំហ្វីលីពីនទីបីហើយដែលត្រូវជាប់ពន្ធនាគារក្រោយអស់អំណាចនោះ។
អតីតប្រធានាធិបតី Joseph Estrada ដែលធ្លាប់ជាអតីតតារាភាពយន្តល្បីនោះបានឡើងកាន់អំណាចនៅឆ្នាំ ១៩៩៨ ហើយក៏ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០០១ ក្រោយពេលដែលចលនាតវ៉ាទ្រង់ទ្រាយធំរបស់មហាជនហ្វីលីពីន។ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកមួយជីវិតដោយសារបទល្មើកេងប្រវ័ញ្ចលុយរដ្ឋក្នុងឆ្នាំ ២០០៧។ ប៉ុន្តែលោកទទួលបានការលើកលែងទោសពីប្រធានាធិបតី Gloria Arroyo ដែលជាអ្នកស្នងតំណែងលោកប៉ុន្មានសប្តាហ៍ក្រោយមកនោះ។
មួយទៀតគឺលោកស្រី Gloria Arroyo ។ លោកស្រីត្រូវបានគេចាប់ខ្លួន និងត្រូវតុលាការចោទប្រកាន់ឆ្នាំ ២០១០ ពីបទបន្លំសន្លឹកឆ្នោតព្រឹទ្ធសភាឆ្នាំ ២០០៧។ លោកស្រីធ្លាប់ប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតក្នុងសំណុំរឿងបោះឆ្នោតនេះ តែឆ្នាំ ២០១២ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំសិន។
ក្នុងឆ្នាំដដែលបណ្តឹងមួយទៀតពាក់ព័ន្ធនឹងអំពើពុករលួយត្រូវបានរៀបចំប្រឆាំងលោកស្រីទៀត ហើយក៏មានក៏ចាប់ឃុំខ្លួនអតីតមេដឹកនាំរូបនេះម្តងទៀតដែរ។ ក្នុងឆ្នាំ ២០១៦ លោកស្រី ត្រូវបានគេដោះលែងឲ្យមានសេរីភាព ក្រោយពេលដែលតុលាការទម្លាក់ការចោទប្រកាន់លោកស្រី។ មុនមានការដោះលែង លោក ឌូទើតេ ដែលត្រូវប្រជាជនហ្វីលីពីនបោះឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំជាមួយគ្នានោះបានអះអាងថា លោកចង់លើកលែងទោសដល់អតីតប្រមុខរដ្ឋខាងលើ ប៉ុន្តែលោកស្រីបដិសេធ៕
Tag:
ហ្វីលីពីន
ប៊ីនីណូ អាហ្គីណូ
© រក្សាសិទ្ធិដោយ thmeythmey.com