ជាតិ
គម្រោង​ថ្មី​មួយទៀត ត្រូវបាន​ប្រកាស​បោះទុន​ជាង ១​ពាន់​លាន​ដុល្លារ​នៅ​ព្រះសីហនុ​
21, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គម្រោង Wisney World ជាមួយ​ទឹកប្រាក់​វិនិយោគ ដែល​ត្រូវ​បានប្រកាស​ជាង ១​ពាន់​លាន​ដុល្លារ នឹង​បង្កើត​តំបន់​កម្សាន្ត​សម្បូរបែប​លើ​ផ្ទៃដី ៦៥​ហិកតា​នៅជាប់​មាត់សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​។ តែ​យ៉ាងណា​អាជ្ញាធរខេត្ត​មិនបាន​ដឹង​ពី​គម្រោង​នេះឡើយ​។​



​គម្រោង​នេះ​ត្រូវបាន​សម្ពោធ​ឡើង​ក្រោម​អធិបតីភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ផងដែរ នៅ​សាល​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃទី​២០​ខែមិថុនា​។​

​នៅលើ​ផ្ទៃដី ៦៥​ហិកតា គម្រោង​ដ៏​ធំ​មួយ​នេះ នឹង​បង្កើត​ឲ្យ​មាន​សណ្ឋាគារ កាស៊ីណូ  ផ្សារ​ទំនើប សួន​កម្សាន្ត ឧទ្យាន​លំហែរ​កាយ ជាដើម​។ លោកស្រី ម៉ែន សំអន បាន​ថ្លែងថា​គម្រោង​នេះ​នឹងធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ កាន់តែ​ទាក់ទាញ​ទេសចរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​តំបន់ឆ្នេរ​មួយ​នេះ​។​

​គម្រោង​ដ៏​សម្បើម​នេះ​ត្រូវបាន​ប្រកាសឡើង ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ​កំពុង​ទាក់ទាញ​ខ្លាំង​បណ្ដា​វិនិយោគិន និង​ភ្ញៀវទេសចរ ពិសេស​ជនជាតិ​ចិន ដែលមាន​ទាំង​មតិ​ទិតៀន​ថា​ផលប្រយោជន៍​ពី​សក្ដានុពល​ក្នុង​តំបន់ឆ្នេរ​មួយ​នេះ​ត្រូវបាន​ទៅ​អ្នកជំនួញ​ចិន ជំនួស​ពលរដ្ឋ​ចាស់​ស្រុក​។

​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន អះអាងថា​លោក​មិនបាន​ដឹង​ពី​គម្រោង​នេះឡើយ​។ នេះ​បើតាម​ការ​ស្រង់​សំដី​អភិបាលខេត្ត​រូបនេះ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២១​ខែមិថុនា​។ កាសែត​មួយ​នេះ​បាន​ផ្សាយ​ថា គម្រោង​នេះ​ត្រូវបាន​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ចិន AMC International និង​ក្រុមហ៊ុន​ម៉ាឡេស៊ី SV International ដែល​បង្កើត​ក្រុមហ៊ុន Wisney Resort City Development Co., Ltd សម្រាប់ធ្វើ​ប្រតិបត្តិការ​គម្រោង​៕


© រក្សាសិទ្ធិដោយ thmeythmey.com