ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើ​ធនាគារ​ឲ្យ​និស្សិត​ខ្ចីលុយ​រៀន​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍
21, Jun 2018 , 5:34 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្រប​នឹង​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​សក្ដានុពល​ខ្ពស់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​ដល់​បណ្ដា​ធនាគារ​ឯកទេស​ទាំងឡាយ ចូលរួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស តាមរយៈ​ការផ្ដល់​កម្ចី​ការប្រាក់​ទាប ដល់​សិស្ស​និស្សិត​ដែល​ចង់​រៀន​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​។



​សម្ដេច​បាន​ថ្លែង​ដូចនេះ ក្នុង​ពិធី​បិទ​សន្និសីត​អន្តរជាតិ​ស្ដីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេស​រណ៍​អាស៊ាន (ASEAN MRA-TP) នៅ​ថ្ងៃទី​២១​ខែមិថុនា​នេះ​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖




​សម្ដេចនាយក​រដ្ឋមន្ត្រី លើកឡើងថា ខណៈដែល​រដ្ឋាភិបាល​គ្មាន​កញ្ចប់​ថវិកា​ណាមួយ​សម្រាប់​ផ្ដល់​ឲ្យ​និស្សិត​ទទួល​ការអប់រំ​ជំនាញ​ទេសចរណ៍ ក្រៅ​តែ​អំពី​ការបង្កើត​សាលារៀន ដូចនេះ​មានតែ​អំពាវ​ដល់​បណ្ដា​ធនាគារ​ឯកទេស ជួយផ្ដល់​ធនធាន​ហិរញ្ញវត្ថុ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​ណែ​នាំទៅ​រដ្ឋមន្ត្រីក្រសួង​លោក ថោង ខុន ឲ្យ​ទាក់ទង​ទៅ​គ្រឹះស្ថាន​ទាំងនោះ​ដើម្បី​រៀបចំ​នីតិវិធី​នានា​ទាក់ទង​នឹង​ការខ្ចី អត្រា​ការប្រាក់ និង​ការសង​ត្រឡប់​របស់​និស្សិត​។​

​សម្ដេច​បញ្ជាក់ថា កិច្ចសហការ​ផ្ដល់ប្រាក់​កម្ចី​រៀន​ទេសចរណ៍​នេះ អាចធ្វើ​ឡើង​ទាំង​ក្នុង​ក្របខណ្ឌ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ សម្ដេច​អះអាងថា កិច្ចសហការ​រវាងរ​ដ្ឋា​ភិ​បាល និង​វិស័យ​ឯកជន នឹង​ជំរុញ​ឲ្យ​កម្ពុ​ជាមាន​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដើរ​ទន្ទឹមគ្នា​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​។​

​នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​បានទទួល​ទេសចរ​អន្តរជាតិ​ចំនួន ៥,៦​លាន​នាក់ កើនឡើង​ជិត ១២​ភាគរយ ដែល​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់​។ ហើយ​នៅ​ឆ្នាំ​២០២០ ខាងមុខ កម្ពុជា​បានដាក់​ទិសដៅ​ទាក់ទាញ​ទេសចរ​ចំនួន ៧​លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន​ចំនួន ២​លាន​នាក់​។​

​កន្លងមក ក្រសួងទេសចរណ៍​បានប្រកាសថា កម្ពុជា​ត្រូវការ​មគ្គ​ទេស​ក៏​ទេសចរណ៍​ជាង​១​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០២០ ខណៈ​មគ្គ​ទេស​ក៏​បម្រើ​ក្នុង​វិស័យនេះ​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ៥​ពាន់​នាក់​៕



Tag:
 ហ៊ុន សែន​
  ទេសចរណ៍​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com