អន្តរជាតិ
ណា​ជីប ថា លោក​មិនដឹង​រឿង​កិបកេង​លុយ​រដ្ឋ​ឡើយ ឯ​កាបូប​ថ្លៃ និង​គ្រឿង​អលង្ការ​ជា​អំណោយ​ប៉ុណ្ណោះ​
21, Jun 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អះអាង​នៅ​ថ្ងៃ​ពុធ​ទី ២០ ខែមិថុនា ថា​លោក​មិនបាន​ដឹង​សោះ​ពី​ការផ្ទេរ​លុយ​មូលនិធិ​រដ្ឋ 1MDB ទៅ​គណនី​ធានា​គារ​របស់លោក​ផ្ទាល់ និង​ការប្រើប្រាស់​លុយ​ទិញ​គំនូរ​ថ្លៃ ត្បូង​ពេជ្រ នាវា និង​អចលនទ្រព្យ​កន្លងមក​ឡើយ​។ អ្នកនយោបាយ​រូបនេះ​ក៏​ប្រកាស​ផងដែរ​ថា គ្រឿងអលង្ការ​មាន​កាបូប​រាប់រយ​ដែល​គេ​រឹបអូស​បាន​នោះ​ជា​អំណោយ​ដែល​គេ​ផ្តល់​ឲ្យ​គ្រួសារ​លោក​ប៉ុណ្ណោះ​មិនមែន​លុយ​ពុករលួយ​ក្នុង​មូលនិធិ​ទេ​។



 លោក ណា​ជីប រ៉ា​ហ្សា​ក់ បានផ្តល់​បទសម្ភាសន៍​ដំបូង​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រោយ​ចាញ់ឆ្នោត​ខែ​មុន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុករលួយ​មូលនិធិ​រដ្ឋ 1MDB នៅ​ថ្ងៃ​ពុធ​។ លោក​បានបញ្ជាក់​ជាថ្មី​ថា​លោក​ស្អាតស្អំ និង​មិន​បានដឹង​រឿង​អ្វី​សោះ​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​រដ្ឋ​រាប់ពាន់​លាន​នេះ​។​

​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​អះអាងថា គេ​មិនគួរ​បន្ទោស​លោក​ឡើយ ព្រោះ​ទីប្រឹក្សា និង​បណ្តា​សមាជិក​ក្រុមប្រឹក្សាភិបាល​និង​គណៈ​គ្រប់គ្រង​មូលនិធិ​រដ្ឋ 1MDB បាននាំគ្នា​លាក់បាំង​លោក​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​រដ្ឋ​នេះ​។ លោក​មិនដែល​បានដឹងថា លុយ​ដែល​ហូរ​ចូល​គណនី​ធនាគារ​លោក​ជា​ផ្នែក​នៃ​មូលនិធិ​រដ្ឋ​ឡើយ ប៉ុន្តែ​លោក​គ្រាន់តែ​ដឹងថា​លុយ​នោះ​ជា​អំណោយ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ប៉ុណ្ណោះ​។ លើសពីនេះ ក៏​រឹតតែ​មិនដឹង​ទៀតថា លុយ​មូលនិធិ​នោះ​ទៀតសោត​ត្រូវគេ​យកទៅ​ទិញ​គំនូរ​ថ្លៃ ត្បូង​ពេជ្រ នាវា និង​អចលនទ្រព្យ​ផ្សេងទៀត​ពាសពេញ​ពិភពលោក​ទេ​។​

​លោក ណា​ជីប និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បែបនេះ​៖ «​ខ្ញុំ​មិនបាន​ដឹង​សោះ​ពី​ការទិញ​របស់របរ​ទាំង​នោះ​។ ការបញ្ជាទិញ​នេះ​មិនបាន​ឆ្លងកាត់​ខ្ញុំ​ឡើយ​។ ខ្ញុំ​ច្បាស់​ជា​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​មូលនិធិ 1MDB សម្រាប់​ទិញ​របស់​ទាំង​នោះទេ​។ ខ្ញុំ​នៅក្នុង​រដ្ឋាភិបាល​យូរ​ឆ្នាំ​មកហើយ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា អ្វី​ខុស អ្វីដែល​ត្រូវ​នោះ​»​។ 
​បើតាម​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​ស្ថិតក្នុង​ការស៊ើបអង្កេត​ករណីនេះ​ដែរនោះ បាន​ចោទប្រកាន់ថា លុយ​ដែល​គេ​លួច​ពី​មូលនិធិ 1MDB នោះ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ទិញ​គំនូរ ផ្ទះ​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​នីញ៉ា និង​ក្រុង​ញូវយ៉ក ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ កា​ប៉ាល់​ទឹក​តម្លៃ ២៦៥​លាន​ដុល្លារ និង​គ្រឿងអលង្ការ​ដែ​មាន​ទាំង​ពេជ្រ ១២​កា​រ៉ាត់​សរុប​ទាំងអស់​មានតម្លៃ​ជាង ២០០​លាន​ដុល្លារ​ផ្សេងទៀត​ដែរ​។​

​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។  ក្រសួងយុត្តិធម៌​អាមេរិក​ដែល​ស្ថិតក្នុង​ការស៊ើបអង្កេត​ករណីនេះ​កន្លងមក​ក៏​រកឃើញ​ផងដែរ​លុយ ៤,៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​គេ​លួច​ចេញពី​មូលនិធិ​។

​នៅ​ឆ្នាំ ២០១៣ គេ​សង្ស័យថា លុយ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក ណា​ជីប ទៀត​។ ប៉ុន្តែ​លោក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​រហូតមក​ដោយ​អះអាងថា លុយ​ជិត ៧០០​លាន​ដុល្លារ​នោះ​ជា​អំណោយ​របស់​រាជរ​ង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​លោក​ប៉ុណ្ណោះ​។  

​តាមពិតទៅ ការបកស្រាយ​ពាក់ព័ន្ធ​នឹង​លុយ​រដ្ឋ​ដែល​ត្រូវគេ​កិបកេង​នោះ កើតឡើង​ក្រោយ​ពេលដែល​លោក មហា​ធៀ មហាម៉ាត់ ប្រកាសថា ការស៊ើបអង្កេត​ករណី​ពុករលួយ​មូលនិធិ​នេះ​ជិត​សព្វគ្រប់​ចប់​ហើយ​។ លោក​បាន​បង្ហើប​ផងដែរ​ថា រដ្ឋាភិបាល​លោក​កំពុង​រៀបចំ​បណ្តឹង​ពាក់ព័ន្ធ​បទល្មើស​កេងប្រវ័ញ្ច​សូកប៉ាន់ និង​បទល្មើស​ផ្សេងទៀត​ប្រឆាំងនឹង​អតីត​នាយករដ្ឋមន្ត្រី និង​មនុស្ស​ពាក់ព័ន្ធ​នេះ​ផ្សេងទៀត​។  ការចាប់ខ្លួន​អាច​នឹង​ធ្វើឡើង​នៅពេល​ប៉ុន្មាន​ខែ​ខាងមុខ ហើយ​សវនាការ​អាច​នឹង​ត្រូវ​ចាប់ផ្តើម​ចុងឆ្នាំ​នេះ​ផង​។​

អត្ថបទទាក់ទង


-​ណា​ជីប​៖ កាបូប​យួរដៃ​របស់​ភរិយា​និង​កូន​ខ្ញុំ​ជា​អំណោយ​មិនមែន​បានមកពី​លុយ​លួច​រដ្ឋ​ឡើយ​

​ដោយឡែក ខាង​ក្រុម​ស៊ើបអង្កេត​ម៉ាឡេស៊ី​ជឿជាក់ថា លោក ណា​ជីប និង​ភរិយា​លោកស្រី Rosmah Mansor កិបកេង​លុយ​រដ្ឋ​ដើម្បី​ភាពមានបាន​ផ្ទាល់ខ្លួន​ជាពិសេស​ទិញ​គ្រឿងអលង្ការ​មានតម្លៃ​ដូចជា​នាឡិកា និង​កាបូប​យួរដៃ​ថ្លៃ​រាប់រយ​ផង​។ កាលពី​ខែ​មុន អាជ្ញាធរ​ម៉ាឡេស៊ី​បាន​រឹបអូស​បាន​ប្រអប់​ផ្ទុក​កាបូបដៃ​ម៉ាក​ល្បីៗ​ជិត​៣០០​ឯណោះ ហើយ​ក្រៅពីនោះ​មាន​គ្រឿងអលង្ការ និង​លុយ​រាប់លាន​ផ្សេងទៀត​ផងដែរ​ពេល​ចុះ​ឆែកឆេរ​និវេសនដ្ឋាន និង​ខុន​ដូ​លោក​នោះ​។​

​យ៉ាងណាក៏ដោយ​ក្នុង​កិច្ចសម្ភាសន៍​នេះ លោក ណា​ជីប បាន​បកស្រាយ​ថា កាបូប និង​គ្រឿងអលង្ការ​ទាំងនោះ​ភាគច្រើន​ជា​អំណោយ​ដែល​គេ​ផ្តល់​កូនស្រី និង​ភរិយា​របស់លោក​ប៉ុណ្ណោះ វា​មិន​ពាក់ព័ន្ធ​នឹង​លុយ​មូលនិធិ 1MDB ឡើយ​។ លោក​ក៏​ពន្យល់​បន្ថែម​ផងដែរ​ថា កូនប្រសា​រលោក​ផ្ទាល់​គឺ Daniyar Nazarbayev ដែលជា​ក្មួយបង្កើត​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន Nursultan Nazarbayev បានផ្តល់​អំណោយ​ជា​កាបូប​ច្រើនសន្ធឹក​ដែរ​ដល់​ម្តាយក្មេក​គេ​កន្លងមក​នោះ​។​

​ក្រៅពី​កាបូប​យួរដៃ លោក ណា​ជីប បាន​អះអាង​ថែម​ទៀតថា លុយ​ចំនួន ១១៤ លាន​រ៉ី​ង​ហ្គី​ត​ផ្សេងទៀត​ដែល​ប៉ូលិស​រឹបអូស​បាន​ពី​ផ្ទះ​លោក​នោះ ក៏​មិនមែនជា​ទ្រព្យ​របស់លោក​ដែរ តែ​វា​ជា​ហិរញ្ញវត្ថុ​របស់​គណបក្សកាន់អំណាច UMNO ប៉ុណ្ណោះ​។ លុយ​ទាំងនោះ​ត្រូវ​ផ្ទេរ​ត្រឡប់​ទៅ​បក្ស​វិញ​បន្ទាប់ពី​លោក​ចុះ​ចេញពី​តំណែង​ក្រោយ​ចាញ់ឆ្នោត​នោះ​៕ 


Tag:
 ណា​ជីប រ៉ា​ហ្សា​ក់​
  1MDB
  ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com