អន្តរជាតិ
ថៃ​៖ របប​យោធា​យក​ពិធី​រាជាភិសេក​មហាក្សត្រ​ថ្មី ជា​លេស​ពន្យារពេល​បោះឆ្នោត​ម្តងទៀត​?
22, Jun 2018 , 6:59 pm        
រូបភាព
ប្រមុខរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព AFP)
ប្រមុខរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព AFP)
​នៅ​ដើម​សប្ដាហ៍​នេះ មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា និយាយថា ការបោះឆ្នោត​ទូទៅ​នឹង​ធ្វើឡើង​នៅ​បន្ទាប់ពី​បញ្ចប់​ពិធី​រាជាភិសេក​ផ្លូវការ​របស់​មហាក្សត្រ​ថ្មី មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) ។ សម្ដី​របស់លោក ប្រា​យុទ្ធ បង្កើត​ការសង្ស័យថា ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ដើមឆ្នាំ​២០១៩ អាច​ត្រូវបាន​លើក​ពេល​ម្ដងទៀត ខណៈ​គេ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ពិធី​ឡើងគ្រងរាជ្យសម្បត្តិ​នេះ​នៅឡើយ​។



​អាច​ថា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ស្រាប់​លើកឡើង​ពី​ការរៀបចំ​ពិធី​ឡើង​គ្រោង​រាជ្យ​ផ្លូវការ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ខណៈ​កន្លងមក រឿងរ៉ាវ​ទាក់ទង​រាជវង្ស​មិន​ងាយ​បែកធ្លាយ​ទៅខាង​ក្រៅ​ឡើយ​។ លោក ប្រា​យុទ្ធ និយាយថា រដ្ឋាភិបាល​លោក​នឹង​រៀបចំ​ការបោះឆ្នោត​នៅក្រោយ​ពិធី​រាជាភិសេក​របស់​មហាក្សត្រ​ថ្មី​ប៉ុណ្ណោះ ព្រោះ​វា​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជាង​បញ្ហា​អ្វី​ផ្សេងទៀត​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP លោក ប្រា​យុទ្ធ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ដើម​សប្ដាហ៍​នេះ​ថា បញ្ហាសំខាន់​បំផុត​ដែល​ក្រុមប្រឹក្សា​សន្តិភាព​សណ្ដាប់ធ្នាប់ (NCPO) កំពុង​ពិចារណា គឺ​ការប្រុងប្រៀប​ខ្លួន​រៀបចំ​ពិធី​ឡើង​គ្រងរាជ្យ​។ លោក​បាន​ប្រាប់​ប្រជាជន​ថៃ មិនត្រូវ​ភ្លេច​ពី​បញ្ហា​នេះឡើយ ព្រោះ​ជា​បញ្ហា​សំខាន់បំផុត​។

​មេដឹកនាំ​របប​យោធា​ថៃ ក៏បាន​លើកឡើង​ពី​បញ្ហា​នេះ​ម្ដងទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អង់គ្លេស​។ នា​ជំនួប​ទ្វេភាគី​ក្នុង​ទីក្រុង​ឡុង​ដ៏ នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បានស្នើ​ឲ្យ​លោក ប្រា​យុទ្ធ រៀបចំ​ការបោះឆ្នោត​ឲ្យ​សេរី និង​យុត្តិធម៌​។ លោក ប្រា​យុទ្ធ ក៏​ឆ្លើយ​វិញ​ថា​៖ «​ខ្ញុំ​ធានាថា ការបោះឆ្នោត​នឹង​រៀបចំ​នៅ​ឆ្នាំ​២០១៩ ព្រោះ​ច្បាប់​បម្រើការ​បោះឆ្នោត​កំពុង​ត្រូវ​បានអនុម័ត​ហើយ​។ ប៉ុន្តែ​យើង​មាន​បេសកកម្ម​សំខាន់​មួយទៀត គឺ​ការរៀបចំ​ពិធី​រាជាភិសេក​»​។​

​កាលបរិច្ឆេទ​គ្រងរាជ្យ​ផ្លូវការ អាស្រ័យ​លើ​មហាក្សត្រ​

​ពី​វិមាន​រដ្ឋាភិបាល​ថៃ​មុន​ចេញទៅ​អឺរ៉ុប លោក ប្រា​យុទ្ធ មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ដើម្បី​រៀបចំ​ពិធី​គ្រងរាជ្យ​ឡើយ តែ​បាន​ប្រាប់​ទុក​មុន​ថា កុំ​ព្យាយាម​រិះគន់​លោក​មាន​លេស​អ្វី​ឲ្យ​សោះ​។ ក្រោយ​កិច្ចប្រជុំ​របស់​រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu Krea-ngam បាន​ប្រាប់​អ្នកសារព័ត៌មាន ថា រដ្ឋាភិបាល​មិនទាន់​កំណត់​កាលបរិច្ឆេទ​ឡើយ ហើយ​វា​ស្ថិតក្រោម​ការសម្រេច​ព្រះទ័យ​របស​ព្រះ​ចៅ មហា វ​ជិ​រាល​ង្ក​រណ៍ អង្គឯង​ប៉ុណ្ណោះ​។​

​ដំណើរការ​រៀបចំ​ពិធី​គ្រងរាជ្យ​ផ្លូវការ នឹងត្រូវ​ចំណាយពេល​រាប់​ខែ​ព្រោះ​ជា​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​។ ប្រមុខរដ្ឋ និង​មេដឹកនាំ​ពិភពលោក​ជាច្រើន រំពឹងថា នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​ពិធី​នេះ​។ កាលពី​ពិធី​ឡើង​រាជាភិសេក​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ក្នុង​ឆ្នាំ​១៩៥០ ហើយ​មាន​ភ្ញៀវ​សំខាន់ៗ​ចំនួន​៤២​ប្រទេស​ចូលរួម​។ ដោយសារ​បញ្ហា​នេះ ពិធី​គ្រងរាជ្យ​របស់​ព្រះ​ចៅ មហា វ​ជិ​រាល​ង្ក​រណ៍ ក៏​ទំនង​ជាមាន​ទ្រង់ទ្រាយ​ធំដុំ​អធិកអធម​ដូចគ្នា​។​

​របប​យោធា​ប្រើ​ពិធី​រាជាភិសេក ជា​លេស​ពន្យារពេល​បោះឆ្នោត​?

​ខណៈដែល​កាលបរិច្ឆេទ​នៃ​ពិធី​ឡើង​គ្រងរាជ្យ​មិនទាន់​កំណត់ ការព្រួយបារម្ភ​ក៏​កើតឡើង​ជាថ្មី​ម្ដងទៀត​ជុំវិញ​អនាគត​ប្រជាធិបតេយ្យ​នៅ​ថៃ ជាពិសេស​ការបោះឆ្នោត​តែម្ដង​។ ដូច​បាន​រៀបរាប់​ខាងលើ លោក ប្រា​យុទ្ធ បញ្ជាក់​ច្បាស់​ថា ការបោះឆ្នោត​នឹង​កើត​ក្រោយ​ពិធី​របស់​មហាក្សត្រ​ប៉ុណ្ណោះ​។ ព្រោះតែ​ហេតុនេះ សំណួរ​ដដែល​មួយ​ក៏​លេចឡើង​ម្ដងទៀត​។ តើ​របប​យោធា​ចង់​អូស​បន្លាយពេល​បោះឆ្នោត​ជាថ្មីទៀត​ឬ​យ៉ាងណា​?

​តាំងពី​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ របប​សឹក​ថៃ​បាន​លើក​ពេល​បោះឆ្នោត​ម្ដង​ហើយ​ម្ដងទៀត​។ ម្ដងថា​នៅ​ខែតុលា ឆ្នាំ​២០១៥ ម្ដងថា​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ចុង​ក្រោយនេះ​បាន​ពន្យារពេល​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ ទៅទៀត​។ ការ​ងើប​តវ៉ា​ប្រឆាំង​ការដឹកនាំ​របស់​យោធា​ក៏បាន​លេច​ជា​បន្តបន្ទាប់ ព្រោះតែ​ការមិន​ពេញ​ចិត្តនឹង​ការអូសបន្លាយ​ការក្តោបក្តាប់​អំណាច​របស់​ក្រុម​យោធា​។​

​ជាមួយនឹង​ព្រឹ​ត្ត​ការណ៍​ចុងក្រោយ ក្នុងករណី​ការបោះឆ្នោត​ពន្យារពេល​មែន​នោះ លោក ប្រា​យុទ្ធ អាច​មិនសូវ​រង​ការរិះគន់​ឡើយ ព្រោះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​មហាក្សត្រ​ដែល​ត្រូវបាន​ប្រជាជន​ថៃ​គោរព​ខ្លាំង និង​ត្រូវបាន​ការពារ​ដោយ​ច្បាប់​។ ការឡើង​គ្រងរាជ្យ​នេះ ក៏​ជាការ​ចង់បាន​របស់​ស​ង្គ​ម​ថៃ​ដែល​បែកបាក់​ដោយសារ​រឿង​នយោបាយ​នេះ​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com