កីឡាជាតិ
ជាតិ
វិសាខា​ត្រូវការ​ឈ្នះ​សូល​ទី​ឡូ​អង្គរ​ដើម្បី​ពង្រឹង​ទីតាំង រីឯ​ភ្នំពេញ​ក្រោ​ន​ដើម្បី​ប្រជែង​តំបន់ Top 4
23, Jun 2018 , 6:59 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឈានដល់​ការប្រកួត​បញ្ចប់​ជើង​ទី​១​នៅ​សប្តាហ៍​នេះ ដោយនៅ​ថ្ងៃ​សៅរ៍​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​អង្គ​រថា​យ​ហ្គឺ​របើក​ទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​នៅ​ម៉ោង​៣​រសៀល រីឯ​សូល​ទី​ឡូ​អង្គរ​តទល់​ជាមួយ​វិសាខា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៦​ល្ងាច ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រជែង​ជាមួយ​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​



​ក្រុមបាល់ទាត់​វិសាខា​ត្រូវការ​ឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ នា​ជំនួប​បញ្ចប់​ជើង​ទី​១​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា នា​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ពង្រឹង​ទីតាំង​របស់ខ្លួន​។ បច្ចុប្បន្ន​ក្រុម​ចំណូល​ថ្មី​វិសាខា​កំពុង​ឈរ​លេខ​រៀង​ទី​៣​មាន​២០​ពិន្ទុ ខណៈ​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​១០​មាន​៨​ពិន្ទុ​។ 

​បើ​មើ​លពី​ប្រវត្តិ​៣​ប្រកួត​ចុងក្រោយ វិសាខា​យកឈ្នះ​ណាហ្គា​វើ​ល ៣-០ ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-២ និង​ស្មើ ១-១ ជាមួយ​បឹងកេត រីឯ​សូល​ទី​ឡូ​អង្គរ​ឈ្នះ​អគ្គិសនី​កម្ពុជា ៣-០ ស្មើ ០-០ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ និង​ចាញ់​ក្រសួងការពារជាតិ ៣-១​។ តាមរយៈ​លទ្ធផល​នេះ អាច​បញ្ចាក់​បាន​ថា វិសាខា​អាចមាន​ភាគរយ​ខ្ពស់ជាង​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​នៅ​ល្ងាច​នេះ​។​

​ក្រុម​អង្គ​រថា​យ​ហ្គឺ​របើក​ទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​នា​វេលា​ម៉ោង​៣​រសៀល​។ ភ្នំពេញ​ក្រោ​ន​ត្រូវការ​ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុងជំនួប​បញ្ចប់​ជើង​ទី​១​ល្ងាច​នេះ ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​តំបន់ Top 4​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​ទី​៧​មាន​១៥​ពិន្ទុ ដោយ​ចាញ់​ក្រុម​ឈរ​លេខ​រៀង​ទី​៤​ក្រសួងការពារជាតិ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។

​បើ​មើល​៣​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ទាំងពីរ​ហាក់​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​នោះឡើយ​។ ក្នុងនោះ​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ១-០ មុន​ចាញ់​បឹងកេត ៣-២ និង​ស្មើ ០-០ ជាម​អគ្គិសនី​កម្ពុជា ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ចាញ់​បឹងកេត ៤-០ បន្ទាប់មក​ស្មើ ០-០ ជាមួយ​សូល​ទី​ឡូ​អង្គរ និង​ចាញ់​អគ្គស្នងការ​នគរបាល​ជាតិ ២-១​។

​ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែលមាន​កីឡាករ​៦​រូប​កំពុង​ជាប់​ពិន័យ​ត្រូវ​បើក​កីឡដ្ឋាន​ខេត្តស្វាយរៀង ស្វាគមន៍​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ​នា​វេលា​ម៉ោង​៦​ល្ងាច ទាំង​គ្មាន​អ្នកគាំទ្រ​។ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវបាន​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពិន័យ​មិន​ឲ្យ​មាន​អ្នកទស្សនា​ចំនួន​១​ប្រកួត និង​ពិន័យ​ប្រាក់​២​លាន​រៀល ពាក់ព័ន្ធ​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ​។

​ទោះបី​ព្រះខ័ន​រាជ​ស្វាយរៀង​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា​ក្រោម​ថ្វី​ជើង​ក្រសួងការពារជាតិ ២-១, វិសាខា ៣-២ និង​អាស៊ី​អឺរ៉ុប ២-១ ក៏ដោយ តែ​ក្រុម​នេះ​នៅតែមាន​ភាគរយ​ខ្ពស់​ឈ្នះ​ការប្រកួត​ល្ងាច​នេះ ដោយសា​រវេ​ស្ទើ​ន​ភ្នំពេញ​ជា​ក្រុម​ឈរ​បាត​តារាង​គ្មាន​១​ពិន្ទុ ខណៈ​ស្វាយរៀង​បច្ចុប្បន្ន​ឈរ​លេខ​រៀង​ទី​៨​មាន​១១​ពិន្ទុ​៕


Tag:
 Cambodian League 2018
  វិសាខា​
  ភ្នំពេញ​ក្រោ​ន​
  សូល​ទី​ឡូ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com