អន្តរជាតិ
ទោះ​រង​ការរិះគន់ ហ្វីលីពីន មិន​ដើរ​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ដូច​អាមេរិក​ឡើយ​
22, Jun 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើទោះជា​រង​ការរិះគន់​ខ្លាំង​ជុំវិញ​ការបំពាន​សិទ្ធិមនុស្ស និង​មានការ​ឈ្លោះទាស់ទែង​ដោយ​ពាក្យសម្តី​ខ្លះ​ក៏ដោយ​កន្លងមក រដ្ឋបាល​ហ្វីលីពីន​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ គ្មាន​បំណង​ចាក​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​(UNHRC)​ឡើយ​។​



​បន្ទាប់ពី​រដ្ឋបាល​អាមេរិក​សម្រេច​ដើរចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដោយ​ចោទថា​ស្ថាប័ន​អន្តរជាតិ​នេះ​លំអៀង និង​ធ្វើបាប​តែ​អ៊ីស្រាអែល គេ​មាន​មន្ទិល​សង្ស័យថា អ្នក​ដែល​អាច​ដើរចេញ​បន្ទាប់​គឺ ហ្វីលីពីន​។

​ហ្វីលីពីន​បច្ចុប្បន្ន​ជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ប្តូរ​វេន​ទាំង ៤៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ប៉ុន្តែ​សង្គ្រាម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស និង​ការទិតៀន​របស់​ក្រុម​សិទ្ធិមនុស្ស​ជុំវិញ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នានា​របស់​ហ្វីលីពីន ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ​ខឹងសម្បារ​ខ្លាំង​។​

​ប៉ុន្តែ តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ជម្រះ​មន្ទិលសង្ស័យ​ហើយ​នៅ​ថ្ងៃ ២១ ខែមិថុនា​ម្សិលមិញ​នេះ​ថា ហ្វីលីពីន​គ្មាន​បំណង​ចាក​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដូច​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឡើយ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Harry Roque បាន​បកស្រាយ​ថា ហ្វីលីពីន​គោរព​ការសម្រេចចិត្ត​របស់​ប្រទេស​ដទៃ និង​មិនមាន​យោបល់​ណាមួយ​ជុំវិញ​ការសម្រេចចិត្ត​អធិបតេយ្យ​របស់គេ​ឡើយ​។ ហើយ​ម្យ៉ាងទៀត​ហ្វីលីពីន​មិន​ដើរ​តាម​ការសម្រេចចិត្ត​រប​ស់​ប្រទេស​ដទៃ​ដែរ​។​

«​ប្រធានាធិបតី ឌូ​ទើ​តេ ប្រុងប្រយ័ត្ន​ណាស់​ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ត​ណាមួយ​របស់​រដ្ឋ​អធិបតេយ្យ ព្រោះ​លោក​មិន​ចង់​ឲ្យ​រដ្ឋ​ដទៃ​បញ្ចេញយោបល់​នានា​ពាក់ព័ន្ធ​ការសម្រេចចិត្ត​លើ​បញ្ហា​ផ្ទៃក្នុង​របស់​យើង​ដូចគ្នា​។ បើសិនជា​ការសម្រេចចិត្ត​ដើរចេញ​ជា​របស់​អាមេរិក នោះ​វា​ជា​រឿង​របស់គេ​។ យើង​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​នោះដែរ​។ យើង​មិន​ដើរ​តាម​អ្នកណា​មួយ​ឡើយ​»​។ លោក Roque បានបញ្ជាក់​បែបនេះ​។

​កាលពី​ចុងឆ្នាំ ២០១៧ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស Zeid Ra'ad Al Hussein បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន ជាពិសេស​ការសម្លាប់​ម​នុស្ស​ក្រៅ​ប្រព័ន្ធតុលាការ និង​ការបាញ់សម្លាប់​ជនសង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ផង​។ ក្តីបារម្ភ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ខឹងសម្បារ និង​រិះគន់​ប្រធាន​ស្ថាប័ន​សិទ្ធិមនុស្ស​នេះ​វិញ​យ៉ាង​ចាស់ដៃ​ថែមទៀត​។​

​ត្រឡប់មកវិញ ការប្រកាស​ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​មហាអំណាច​ប្រជាធិបតេយ្យ​អាមេរិក​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ងា​ក់​ផ្អើល ហើយ​ទាក់ទាញ​ការរិះគន់​ខ្លាំង​ដែរ​។ ប្រទេស​ជាច្រើន និង​អ្នកគាំទ្រ​សិទ្ធិមនុស្ស​បានបង្ហាញ​ការសោកស្តាយ និង​រិះគន់​ការសម្រេច​ចិត្តជា​លក្ខណៈ​ឯកតោភាគី​នេះដែរ​ព្រោះ​អាមេរិក​លែង​កំណត់​យក​សិទ្ធិមនុស្ស​ជា​រឿង​អាទិភាព​ទៀត​។​យ៉ាងណាមិញ វា​មិនមែនជា​រឿង​ថ្មី​ឡើយ មុន​ចាក​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស លោក ដូ​ណា​ល់ ត្រាំ បាន បញ្ជា​ឲ្យ​មាន​ការដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP) ក្រោយមក​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ (Paris Climate Agreement) និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ (JPCOA)៕


Tag:
 ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​
  ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com