អន្តរជាតិ
លោក ត្រាំ អាច​ស្កាត់​ជួប​លោក ពូ​ទីន ខែក្រោយ​ពេល​ទៅ​ប្រជុំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅ​ព្រុ​ច​សែ​ល​
22, Jun 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ទំនងជា​នឹង​ស្កាត់​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អឺរ៉ុប​ខែក្រោយ​។ ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​នេះ​អាច​នឹងធ្វើ​ឲ្យ​មានការ​បញ្ហា​ចម្រូងចម្រាស​កើតឡើង​ច្រើន​ផង​ដោយសារ​អ្នកនយោបាយ​អាមេរិក​នៅតែ​ចោទថា មេដឹកនាំ​ក្រេ​ម​ឡាំង​ជួយ​ឲ្យ​លោក ត្រាំ​ឈ្នះឆ្នោត​ឆ្នាំ ២០១៦​។​



​លោក ដូ​ណា​ល់ ត្រាំ នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ខែកក្កដា​ខាងមុខនេះ ហើយ​លោក​បាន​បង្ហើប​ថា លោក​កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​ជួបពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងពេលនោះ​ផងដែរ​។ ជំនួប​លើកដំបូង​រវាង​អ្នក​ទាំងពីរ​គឺ​កើតឡើង​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​ម្ភៃ​(G20) ដែល​ធ្វើឡើង​នៅ​ក្រុង Hamburg  ប្រទេស អាល្លឺម៉ង់ នា​ខែកក្កដា​កាលពី​ឆ្នាំមុន​។​

​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​នឹង​ទៅ​អឺរ៉ុប​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ ១១ ដល់​ថ្ងៃ ១២ កក្កដា នាទី​ក្រុង​ព្រុ​ច​សែ​ល​។ ដូច្នេះហើយ​លទ្ធភាព​នៃ​ការរៀបចំ​ជំនួប​ទ្វេភាគី​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​មាន​ច្រើន​ដែរ​។​

​កាលពីដើម​សប្តាហ៍​នេះ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក ក៏បាន​បង្ហើប​ផងដែរ​ថា នៅ​សប្តាហ៍​ក្រោយនេះ ទីប្រឹក្សា​សន្តិសុខ​របស់លោក ត្រាំ គឺ​លោក ច​ន បុល​តុ​ន (John Bolton) នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ម៉ូស្គូ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​រុស្ស៊ី​ពិភាក្សាគ្នា​ជុំវិញ​ការរៀបចំ​ជំនួប​ទ្វេភាគី​ដ៏​កម្រ​នេះ​ផងដែរ​។

​យ៉ាងណាក៏ដោយ ជំនួប​ទ្វេភាគី​នេះ​មិនមែនជា​រឿង​ដែល​គេ​ពេញចិត្ត​ឡើយ​។ ក្រុម​សហគមន៍​ចារកម្ម​អាមេរិក និង​អ្នកនយោបាយ​អាមេរិក​ជាច្រើន​នាក់​នៅតែ​ចោទប្រកាន់ថា មេដឹកនាំ​រុស្ស៊ី​បាន​ជ្រៀតជ្រែក​ចូលក្នុង​ការបោះឆ្នោត​របស់​អាមេរិក​ឆ្នាំ ២០១៦ ហើយ​ជួយ​ឲ្យ​លោក ត្រាំ ជាប់ឆ្នោត​ផង​។ ការចោទប្រកាន់​នេះ​នៅ​បន្ត​លង​បន្លាយ​លោក ត្រាំ ដល់ពេល​បច្ចុប្បន្ន បើទោះជា​លោក​ទាត់ចោល​ការចោទប្រកាន់​នេះ​រៀង​រហូតមក​ក៏ដោយចុះ​។ 

​ក្រៅពី​រឿង​បោះឆ្នោត រុស្ស៊ី​ក៏ត្រូវ​គេ​ចោទប្រកាន់​ផងដែរ​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​ដើម្បី​ធ្វើឃាត​អតីត​ចារ​ជន​រុស្ស៊ី​លោក Sergei Skripal នៅ​ចក្រភព​អង់គ្លេស និង​រង​ការរិះគន់​ខ្លាំង​ជុំវិញ​ការបន្ត​គាំទ្រ​មេដឹកនាំ​ស៊ី​រី​លោក បា​សា អាល់​អាសាដ ផងដែរ​។​

​ដោយឡែក អ្នកជំនាញ​រុស្ស៊ី​ជឿជាក់ថា ជំនួប​ជាថ្មី​រវាង​លោក ត្រាំ និង​លោក ពូ​ទីន នឹង​អាចជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការឈាន​ទៅ​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កន្លងមក​ផង​ពាក់ព័ន្ធ​នឹង​ជម្លោះ​អ៊ុយ​ក្រែ​ន និង​ការ​លូកលាន់​ក្នុងការ​បោះឆ្នោត​ដែរ​។​

​បើទោះបីជា​លោក ត្រាំ កន្លងមក​សម្រេច​ដាក់ចេញ​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម​ប្រឆាំង​ក្រុង​មូ​ស្គូ និង​មានការ​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ច្រើន​នាក់​ពី​អាមេរិក​ក្តី លោក នៅតែ​បន្ត​រក្សា​ជំហរ​ទោរទន់​ក្នុងការ​ឈានទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​លោក ពូ​ទីន ដែរ​។ ដូច​ឃើញស្រាប់ កាលពី​ដើមខែ​កន្លងទៅ​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ (G7) លោក ត្រាំ បាន​អំពាវនាវ​ឲ្យ​សមាជិក​ឯទៀត​ពិចារណា​បញ្ចូល​រុស្ស៊ី​ទៅក្នុង​ក្រុម​វិញ​។ រុស្ស៊ី​ត្រូវគេ​ព្យួរ​សមាជិកភាព​នៅក្នុង​ឆ្នាំ ២០១៤ ក្រោយ​ពេលដែល​ប្រទេស​នេះ​ក្រសោប​យក​ទឹកដី​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​នោះ​៕



Tag:
 ដូ​ណា​ល់ ត្រាំ​
  វ៉ា្ល​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com