កីឡាអន្តរជាតិ
អន្តរជាតិ
ស្ត្រី​អ៊ីរ៉ង់​មាន​សិទ្ធិ​ទស្សនាការ​ប្រកួត World Cup ជាមួយ​បុរស ក្រោយ​ជាប់​បម្រាម​៤០​ឆ្នាំ​
24, Jun 2018 , 10:30 am        
រូបភាព
​នេះ​ជា​លើកដំបូង​ហើយ​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​ដែល​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​អាចមាន​សិទ្ធិ​អង្គុយ​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់​ផ្នែក​បុរស​ជាមួយ​អ្នកគាំទ្រ​បុរស​ផ្សេងទៀត ដើម្បី​អបអរ​ក្រុម​ជម្រើសជាតិ​ខ្លួន​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​។​



​បន្ទាប់ពី​ការហាមឃាត់​អស់​រយៈពេល​ជាច្រើន​ទសវត្ស​ត្រូវបាន​ដកចេញ ក្រុម​អ្នកគាំទ្រ​ជា​ស្ត្រី​អ៊ីរ៉ង់​បាន​ជួយ​រៀបចំ​កីឡដ្ឋាន​មួយ​នៅក្នុង​ក្រុង​តេ​អេ​រ៉ង់​ដើម្បី​អបអរ​ក្រុម​ជម្រើសជាតិ​អេ​រ៉ង់​ក្នុងការ​ប្រកួតប្រជែង​ពានរង្វាន់ World Cup 2018​។​
 
​ព្រឹត្តិការណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​នៅឯ​កីឡដ្ឋាន Azadi ក្នុង​ក្រុង​តេ​អេ​រ៉ង់​នៅ​ថ្ងៃទី​២០ ខែមិថុនា​កន្លងទៅ ស្ត្រី​អេ​រ៉ង់​អាច​ទទួលបាន​សិទ្ធិ​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍​កីឡា​បុរស​វិញ​បាន ក្រោយ​បដិវត្ត​អ៊ីស្លាម​ឆ្នាំ​១៩៧៩​។​
 


​ទោះបីជា​មិនមាន​ច្បាប់​ជា​ផ្លូវការ​ក្នុងការ​ហាមឃាត់​ស្ត្រី​ដើម្បី​ទៅ​គាំទ្រ​កីឡា​ក៏ដោយ ប៉ុន្តែ​ស្ត្រី​ទាំងនោះ​ត្រូវបាន​បណ្តេញ​ចេញពី​កីឡដ្ឋាន និង​ពេលខ្លះ​ត្រូវបាន​ចាប់ខ្លួន​ទៀតផង​។ អ្នក​ខ្លះទៀត​ត្រូវ​ក្លែងខ្លួន​ជា​ប្រុស​ដើម្បី​គេច​ផុតពី​ការរារាំង​។​
 
​ដើម្បី​អបអរ​ដល់​ក្រុម​អ៊ីរ៉ង់​ដែល​អាចមាន​វត្តមាន​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក​លើក​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែមិថុនា ថា​ស្ត្រី​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលក្នុង​ពហុកីឡាដ្ឋាន​ដើម្បី​មើល​ការផ្សាយ​ផ្ទាល់​របស់​ជម្រើសជាតិ​អ៊ីរ៉ង់​ប្រកួត​ទល់នឹង​អេ​ស្ប៉ា​ញ នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​។​
 
​ជាមួយគ្នា​នោះដែរ ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Sergio Ramos ក៏បាន​អបអរ​ជ័យជម្នះ​របស់ខ្លួន​ក្រោយ​យកឈ្នះ​អ៊ីរ៉ង់ ១-០ ទៅកាន់​ស្ត្រី​អ៊ីរ៉ង់​ទាំងអស់​ផងដែរ​។​
 
​អ៊ីរ៉ង់​បាន​យកឈ្នះ​ម៉ា​រ៉ុ​ក ១-០ ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល B តែ​ចាញ់​អេ​ស្ប៉ា​ញ​ក្នុង​ការប្រកួត​លើក​ទី​២​វិញ​។ ការប្រកួត​ចុងក្រោយ​ក្រុម​មកពី​តំបន់​អាស៊ី​នេះ​នឹងត្រូវ​ប្រជែង​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​ដើម្បី​កាត់សេចក្តី​យក​ពីរ​ក្រុម​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​ម៉ា​រ៉ុ​ក​ជា​ក្រុម​ហាលអាវ​មុនគេ​៕
​ប្រភព​៖ TopBuzz 

Tag:
 បាល់ទាត់​
  FIFA World Cup
  ស្ត្រី​អ៊ីរ៉ង់​
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com