អន្តរជាតិ
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អនុវត្ត​នីតិវិធី​លើ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា ក្រោយ​មាន​បណ្តឹង​ពី​រដ្ឋអាជ្ញា​
24, Jun 2018 , 2:48 pm        
រូបភាព
ដោយ:
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ថ្ងៃ​២១ មិថុនា បានចេញ​សម្រេច​មួយ ដោយបាន​កោះហៅ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ឲ្យ​ឆ្លើយបំភ្លឺ ពាក់ព័ន្ធ​សំណើសុំ​ចាត់ការ​របស់​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​។ រដ្ឋអាជ្ញា​តុលាការ​មើលឃើញថា វា​មាន​សញ្ញាណ​នៃ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។​



​តាមរយៈ​សេចក្តីសម្រេច​ដែលមាន​កម្រាស់​ប្រាំ​ទំព័រ ចៅក្រម​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​អញ្ជើញ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មក​បំភ្លឺ និង​ដាក់​ភស្តុតាង​ជា​លិខិតផ្លូវការ​ទៅកាន់​តុលាការ​ជា​សាធារណៈ ឬ​ជា​លាក់​ការណ៍​ពាក់ព័ន្ធ​បញ្ហា​យុត្តាធិការ និង​សំណើ​ផ្សេងៗ​ដែល​ដែល​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានធ្វើ​ដើម្បី​ប្រឆាំងនឹង​របប​ដឹកនាំ​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​។​
 
​តុលាការ តាមរយៈ​សេចក្តីសម្រេច​ដដែល​នោះ ក៏បាន​កំណត់​ថ្ងៃ​ចុងក្រោយ​សម្រាប់​រដ្ឋាភិបាល​បំភ្លឺ និង​តវ៉ា​ជុំវិញ​បណ្តឹង​ប្រឆាំង​ខ្លួន​ពី​រដ្ឋអាជ្ញា​តុលាការអន្តរជាតិ​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា​។ តុលាការ ក៏​ថែមទាំង​បាន​បើកផ្លូវ​ឲ្យ​រដ្ឋអាជ្ញា​តុលាការអន្តរជាតិ អាចធ្វើ​លិខិត​ឆ្លើយតប​វិញ​ទៅកាន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ផងដែរ បន្ទាប់ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានដាក់​លិខិត​បំភ្លឺ និង​តវ៉ា​របស់ខ្លួន​រួច​។ 
 
​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី ៤ ខែមេសា​កន្លងទៅ លោកស្រី​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda បានដាក់​បណ្តឹង​មួយ​ដោយ​ស្នើ​ឲ្យ​តុលាការ​សម្រេច​ថា​តើ​តុលាការ​អាចអនុវត្ត​យុត្តាធិការ​របស់ខ្លួន​លើ​ការបណ្តេញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​បាន​ឬ​យ៉ាងណា​។ លោកស្រី បាន​ទទួលស្គាល់ថា សំណើ​នេះ​គឺជា​រឿង​ដ៏​លំបាក​នៃ​ផ្នែក​ច្បាប់​មួយ ដ្បិត មី​យ៉ាន់​ម៉ា​មិនមែនជា​ភាគី នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ។ 
 
​តែ​យ៉ាងណាក៏ដោយ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​មើលឃើញ​ពី​លទ្ធភាព​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​នាំ​ជនល្មើស​មក​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​។ លោកស្រី​រដ្ឋអាជ្ញា​ចាត់ទុកថា វិបត្តិ​ជនភៀសខ្លួន អាច​ចាត់ទុកថា​ជា​ចេតនា​បណ្តេញ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​នេះ បានកើត​ឡើង​ឆ្លង​ព្រំដែន​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ដែលជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​។​
 
​បើតាម​បណ្តឹង​របស់លោក​ស្រី​រដ្ឋ​អាជ្ញា​ដែល​បាន​ស្នើសុំ​ចាត់ការ​ពី​តុលាការ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« គិត​ចាប់ពី​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ផ្ទុះឡើង​ពី​ខែសីហា ឆ្នាំ​២០១៧​មក មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦៧០,០០០​នាក់​ដែល​បាន​ស្នាក់​នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​យ៉ាង​ស្របច្បាប់​ត្រូវបាន​បណ្តេញចេញ ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស ដែល​ទង្វើ​នេះ អាច​ចាត់ទុកជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​»៕

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com