ជាតិ
អ្នកកាសែត​ខ្មែរ​៦​រូប​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​ក្រុមហ៊ុន Google​ស្តីពី​ការទប់ស្កាត់​ព័ត៌មាន​មិន​ពិត
25, Jun 2018 , 5:59 pm        
រូបភាព
​សិង្ហ​បុរី​៖ អ្នកកាសែត​ខ្មែរ​៦​នាក់ បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នកកាសែត​បរទេស​ចំនួន​៨០​នាក់ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​រយៈពេល​២​ថ្ងៃ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន Google ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងប្រទេស​សិង្ហ​បុរី​។ ពួកគេ​ត្រូវបាន​បណ្តុះបណ្តាល ឲ្យ​ចេះ​សិក្សា​ស្វែងយល់​ពី​ការទប់ស្កាត់ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​មិន​ពិត ដែល​កំពុង​ចោទ​ជា​បញ្ហា​នាពេល​បច្ចុប្បន្ន​។​



​អ្នកកាសែត​កម្ពុជា​៦​រូប ដែល​ក្នុងនោះ​មាន​ពី​សារព័ត៌មាន ThmeyThmey, មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM), វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) និង​ពី មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នង​ប្រទេស​សិង្ហ​បុរី ស្តីពី ការទប់ស្កាត់ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Google ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺជា​អ្នក​ឧបត្ថម្ភ​ដល់​អ្នកកាសែត​ខ្មែរ​ទាំង​៦​រូបនេះ សម្រាប់​ការសិក្សា និង​ការ​ស្នាក់នៅ​របស់​ពួកគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​



​ក្នុង​សិក្ខាសាលា​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៣ ដល់ទី​២៤ ខែមិថុនា កន្លងមកនេះ ក្រុម​អ្នកសារព័ត៌មាន បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ទាក់ទង​នឹង​លំហូរ​ព័ត៌មាន​មិន​ពិត​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ វាគ្មិន​ដែល​បាន​ចូលរួម សុទ្ធតែជា​អ្នកជំនាញ​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ពី​ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Storyful ជាដើម​។​

​ក្រុមហ៊ុន Google តាមរយៈ News Lap ដែលជា​ក្រុមការងារ​មួយ​ស្ថិតក្រោម​គម្រោង Google News Initiative បានចង្អុលបង្ហាញ​ពី​បេសកកម្ម​របស់ខ្លួន​ក្នុង​ការកសាង​អនាគត​ដ៏​រឹងមាំ​សម្រាប់​វិស័យ​សារព័ត៌មាន (Building a stronger for journalism)​។ បច្ចុប្បន្ន Google News Lap ធ្វើការ​ក្នុង​ភាពជា​ដៃ និង​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​នៅ​បណ្តា​ប្រទេស​ជាង​៥០​នៅលើ​ពិភពលោក​។​



​ជាមួយគ្នានេះ គ្រូឧទ្ទេស​ពី​ក្រុមហ៊ុន Storyful ដែលជា​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ផ្តល់ និង​ផ្ទៀងផ្ទាត់​ប្រភពព័ត៌មាន បានបង្ហាញ​ពី​គន្លឹះ​ក្នុងការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា តាមរយៈ​សំណេរ រូបថត និង​រូបភាព​វីដេអូ​។​

​រីឯ​តំណាង​ក្រុមហ៊ុន Facebook បានធ្វើ​បទ​បង្ហាញ​ដល់​អ្នកសារព័ត៌មាន​នូវ​សកម្មភាព​ការងារ​របស់​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ក្នុងការ​ពង្រឹង​វិស័យ​សារព័ត៌មាន​ដែល​ប្រកបទៅដោយ​ការច្នៃប្រឌិត​។

​តំណាង​ក្រុមហ៊ុន CrowdTangle ក៏បាន​ណែនាំ​ពី​ប្រតិបត្តិការ​របស់ខ្លួន​ដល់​ក្រុម​អ្នកសារព័ត៌មាន​ផងដែរ​។ CrowdTangle ជា​ក្រុមហ៊ុន​ជំនាញ​លើ​ការវិភាគ​លើ​ចរាចរណ៍​របស់​បណ្តា​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម  ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកសារព័ត៌មាន ម្ចាស់​ស្ថាប័ន និង​ដៃគូ​នានា ក្នុងការ​តាមដាន​អត្ថបទ​នានា​។​



​នា​រយៈពេល​២​ថ្ងៃ​ពេញ សិក្ខាសាលា «Hoax-Busting and Verification Workshop» បំភ្លឺ​ផ្លូវ​ជាច្រើន​សម្រាប់​អ្នកសារព័ត៌មាន​នូវ​វិធីសាស្ត្រ និង​មធ្យោបាយ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ព័ត៌មាន​ក្លែងក្លាយ រួមទាំង​គន្លឹះ​មួយចំនួន​ដើម្បី​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​អត្ថបទ​ព័ត៌មាន​នានា​នៅក្នុង​វ៉ិ​ប​សាយ និង​បណ្តាញ​សង្គម​៕


Tag:
 fake news
  google
  facebook
  storyful
© រក្សាសិទ្ធិដោយ thmeythmey.com